ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសៅរ៍ ទី30 សីហា 2014
http://vodhotnews.com
ប្រជាពលរដ្ឋ៤គ្រួសារ នៅភូមិ ជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ នេះ ចោទអាជ្ញាធរមូលដ្ឋានថា រើសអើង ដោយមិនព្រមវាស់វែងដីស្រែធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីស្រែឲ្យពួកគេ។
អ្នកស្រី ឃួន សុខុម អាយុ៥៤ឆ្នាំ បានឲ្យVODដឹងនៅថ្ងៃនេះថា អាជ្ញាធរមូលដ្ឋាន និងមន្ទីរសុរិយោដីក្នុងខេត្តនេះ មិនព្រមវាស់វែងដីស្រែឲ្យគាត់និងអ្នកភូមិចំនួន៣គ្រួសារទៀត ដើម្បីធ្វើប្លង់កម្មសិទ្ធិឲ្យនោះទេគឺវាស់តែដីភូមិតែប៉ុណ្ណោះ។ អ្នកស្រីថា ការមិនវាស់វែងដីឲ្យនេះអាចជាការរើសអើងពួកគាត់ជាអ្នកក្រីក្រ ហើយគាត់ព្រួយបារម្ភថា អាជ្ញាធរឃុបឃិតគ្នា បន្លំធ្វើប្លង់លើដីគាត់ប្រគល់ឲ្យអ្នកផ្សេងកាន់កាប់។
ឆ្លើយតបទៅនឹងការលើកឡើងនេះ មេភូមិជ្រៃធំ លោក អួន ឡុញ មានប្រសាសន៍ថា មិនមែនមានតែបួននោះទេដែលមិនបានវាស់វែងគឺមានប្រជាជនជាច្រើនទៀតក៏នៅដូចគ្នា ដោយសារដីស្រែទាំងនោះ ស្ថិតនៅជាប់បឹង ដែលជំនាញសុរិយោដីចាត់ទុកថា នៅក្រោមខ្នើយទឹក។ លោកថា ដីនោះគឺមិនទាន់អាចវាស់វែងបានទេ លុះត្រាតែខាងសុរិយោដីកំណត់ពីទំហំបឹង និងទំនប់ឲ្យច្បាស់លាស់សិន។
លោក អួន ឡុញ បញ្ជាក់ថា ដីដែលជាប់ពាក់ព័ន្ធនឹងបឹងនៅក្នុងភូមិនេះ មានទំហំប្រមាណជា៤គីឡូម៉ែត្រក្រឡា តែប្រជាពលរដ្ឋនៅតែអាចធ្វើស្រែលើដីនោះជាធម្មតា៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com