អង្គការ​តម្លាភាព​កម្ពុ​ជា​ជំរុញ​ឲ្យ​សភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើពុករលួយ​​

ដោយ៖​ ប៉ែន ប៉ូលីន​
ថ្ងៃអាទិត្យ ទី21 កញ្ញា 2014
http://vodhotnews.com

​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​ធ្វើកា​រលើ​វិស័យ​អភិបាលកិច្ច​ល្អ ជំរុញ​ឲ្យ​រដ្ឋ​សភា​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​នឹង​អំពើពុករលួយ ដើម្បី​លើកកម្ពស់​ច្បាប់​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​នាយក​ប្រត្តិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក​ព្រាប កុល ជំរុញ​បែបនេះ​ក្នុងជំនួប​ប្រជុំ​នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​វិមាន​រដ្ឋ​សភា ក្នុង​ជំនួប​ជាមួយ​លោក​ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​។

​ក្នុងជំនួប​នោះ​លោក​ ព្រាប កុល បង្ហាញ​ពី​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ ថា បណ្ដាលមកពី កត្តា​ជាច្រើន ដូចជា ការត្រួតពិនិត្យ និង​ការអនុវត្ត​ច្បាប់​នៅមានកម្រិត ហើយ​ការទទួល​ព័ត៌មាន​ពី​អំពើពុករលួយ​នៅ​ខ្វះចន្លោះ​ច្រើន ជាពិសេស ការ​រឹតត្បិត​សេរីភាព និង​ការមិន​លើកទឹកចិត្ត​អ្នក​រាយការណ៍​ព័ត៌មាន​ជាដើម​។

​លោក​ព្រាប កុល ​ក៏​បាន​បញ្ជាក់បន្ថែម​ថា សព្វថ្ងៃ​កម្ពុជា​មានច្បាប់​ប្រឆាំង​អំពើពុករលួយ មាន​អ្នកចូលរួម​ពី​ស្ថាប័ន​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត ក៏ពិតមែន ប៉ុន្ដែ​ប្រការ​ដែល​សំខាន់​នៅ​ពេល​នេះ គឺ​លោក​ជំរុញ​ឲ្យ​រដ្ឋសភា​ពិនិត្យ​ទៅលើ​មាត្រា​មួយចំនួន​នៃ​ច្បាប់​នេះ​ឡើង​វិញ ដើម្បី​កែ​ទម្រង់​លើ​ប្រព័ន្ធ​តុលាការ​ដែល​បាន​រកឃើញថា​មាន​អំពើពុករលួយ​ខ្លាំងជាងគេ​។​

​ឆ្លើយតប​នឹង​សំណើ​នេះ ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋ​សភា​កម្ពុជា លោក ហូរ វ៉ាន់ មានប្រសាសន៍ថា រដ្ឋសភា​នឹង​ពិនិត្យ​លើ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ឡើងវិញ ហើយ​លោក​ក៏​ស្វា​គម​ចំពោះ​ទស្សនៈ​ចូលរួម​របស់​សង្គម​ស៊ីវិល​នា​ពេល​កន្លង​មក​ផង​ដែរ​។​

​តាម​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​ឲ្យដឹងថា នៅ​រវាង​ខែតុលា​ខាងមុខ គណៈកម្មការ​នេះ​នឹង​ជួប​ប្រជុំ​ជាមួយ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ម្ដងទៀត​៕

សរសេរ​មកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ​ penpoline@yahoo.com.au

What Next?

Recent Articles