​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ដែនដី​កម្ពុជា​ក្រោម​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃចន្ទ ទី22 កញ្ញា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ទម្លាប់បុណ្យភ្ជុំបិណ្ឌ នៅទឹកដីកម្ពុជាក្រោម (រូបថតពី បណ្តាញសង្គម)

​ទឹកដី​កម្ពុជា​ក្រោម​ដែល​មាន​ទំហំ​ប្រមាណ មួយ​ភាគ​បី​នៃ​ប្រទេស​កម្ពុជា  បច្ចុប្បន្ន​ត្រូវបាន​រដ្ឋ​ការបា​រាំង កាត់​ទៅ​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩​។ ទោះបីជា​ពេល​វេលា​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម ៦៤​ឆ្នាំ​ហើយ​ក៏​ដោយ​ក្តី ក៏​ប៉ុន្តែ​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ដែនដី​កម្ពុជា​នៅ​តែ​រក្សា​បាន​ល្អ​។ សម្រាប់​ប្រពៃណី​បុណ្យ​ភ្ជុំបិណ្ឌ និង​ដាក់​បិណ្ឌ​ក៏​ដូច្នេះ​ដែរ គឺ​ប្រជាពលរដ្ឋ​ខ្មែរក្រោម នៅ​តែ​រក្សា​ធ្វើ​ដូច​ខ្មែរ​កណ្តាល​ដែរ​។

​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ព្រះអង្គ ព្រះនាម ថាច់ ហា​សំអាង គង់នៅ​វត្ត​សាមគ្គី​រង្ស៊ី មាន​ថេរ​ដីកា​ថា រហូតមកដល់​ពេលនេះ ពុទ្ធសាសនិក​នៅ​ដែនដី​កម្ពុជា​ក្រោម​មាន​ទម្លាប់​បែងចែក​វេន​កាន់​បិណ្ឌ ជា​ក្រុម​ដូច​កម្ពុជា​ដែរ ក៏ប៉ុន្តែ​ពុទ្ធបរិស័ទ​ដែល​ចង់​ចូលរួម​អាច​ចូលរួម​ក្នុង​កម្មវិធី​កម្សាន្ត​សប្បាយ ហើយ​ចំពោះ​ចង្ហាន់​បិណ្ឌ​បាត្រ មិន​ចាំបាច់​យក​មក​នោះទេ រង់ចាំ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទើប​អាច​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​រួមគ្នា នៅ​ថ្ងៃ​តែ​មួយ​បាន​។

​ដោយឡែក​សម្រាប់​ពិធី​បោះ​បាយបិណ្ឌ​វិញ ព្រះអង្គ​មាន​ថេរ​ដីកា​ថា នៅ​កម្ពុជា​ក្រោម​ធ្វើ​ត្រូវ​តាម​ពុទ្ធដីកា​របស់​ព្រះពុទ្ធ​ជាង​នៅ​កម្ពុជា ព្រោះ​ថា​មុន​ពេល​បោះ​បាយបិណ្ឌ​ពុទ្ធបរិស័ទ​បាន​យក​បាយបិណ្ឌ​មួយចំនួន ធំ​ទៅ​ប្រគេន​ព្រះសង្ឃ លុះ​សល់​បន្តិចបន្តួច​ទើប​ពុទ្ធបរិស័ទ​យកទៅដាក់​នៅ​តាម​ជើង​ព្រះវិហារ​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា «​ចំណែក​នៅ​កម្ពុជា​ក្រោម គេ​មិន​បាន​យក​មក​ច្របាច់​ចូលគ្នា​អញ្ចឹងទេ ទិញ​នំ​ទាំង​ដុំ ទាំង​ដុំ​អញ្ចឹង​មក មាន​ញោមៗ ខាង​គណៈកម្មការ​រៀប​ចំ​ហ្នឹង គេ​ផ្ទេរ​មួយចំណែក​ទៅ​ទុក​សម្រាប់​ប្រគេន​ព្រះសង្ឃ​ឆាន់​។ អាត្មា​យល់ឃើញថា​ការធ្វើ​បែប​នេះ នៅ​កម្ពុជា​ក្រោម វា​សម​ហេតុផល ជាង​ខាង​នេះ ដោយសារ​យើង​និយាយ​ទៅ​តាម​ពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​វិញ ព្រះអង្គ​សម្តែង​ថា តេ​យ្យ​ទាន​ណាមួយ ដែល​ឆិង​ជូន​ទៅ​អ្នក​ដែល​ស្លាប់​ទៅ​បាន ត្រូវតែ​ប្រកប​ដោយ​ហេតុ​បីយ៉ាង​»​។

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់នៅ​ដែនដី​កម្ពុជា​ក្រោម​មាន​ប្រមាណ​១០​លាន​នាក់​។ ព្រះតេជព្រះគុណ ថាច់ ហា​សំអាង មាន​ថេរ​ដីកា​ថា​អាជ្ញាធរ​វៀតណាម​មិន​អាច​លុបបំបាត់​ទំនៀមទម្លាប់​តាម​បែប​សាសនាព្រះពុទ្ធ​បានទេ ព្រោះថា​នៅ​ដែនដី​កម្ពុជា​ក្រោម ការ​ជ្រៀតចូល​នូវ​សាសនា​ដទៃ មាន​ការពិបាក​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា «​ចំណែក​ជនជាតិ​ខ្មែរ​វិញ​ហាក់ដូចជា ១០០% មិន​មាន​ដោយសារតែ​នៅ​កម្ពុជា​ក្រោម យើង​ថា​ជំនឿ​ការចេះដឹង នូវ​ការយល់ដឹង​អំពី​ព្រះពុទ្ធសាសនា​ខ្លាំង អាហ្នឹង​យើង​ថា​បាន​ដែរ ប៉ុន្តែ​យើង​ថា វា​ខ្វះខាត​នៅ​ផ្នែក​វប្បធម៌​បរទេស​ហូរ​ចូល តាម​លក្ខខណ្ឌ​គេ​ថា សេរីភាព​ទទួល​ព័ត៌មាន និង​សេរីភាព​ហូរ​ចូល​ព័ត៌មាន​វា​បិទ​ជិត ដល់​អ៊ីចឹងទៅ​អា​ព័ត៌មាន​ហូរ​ចូល​ពី​សាសនា​ដទៃ​វា​មិនសូវ​មាន​»​។

ប្រជាពលរដ្ឋ​មកពី​ឃុំ​ពាង​សំរឹទ្ធ ស្រុក​គោក​ថ្លឹង ខេត្ត​ឃ្លាំង​ដែនដី​កម្ពុជា​ក្រោម លោក​លីវ យូ​ពឹង មានប្រសាសន៍ថា ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម​នៅ​រក្សា​ប្រពៃណី​ខ្មែរ​បាន​យ៉ាង​ខ្ជាប់ខ្ជួន រាល់​ពិធី​របស់​ព្រះពុទ្ធសាសនា គឺ​មិន​មាន​ប្រពៃណី​ផ្សេង​មក​ចូល​បាន​នោះ​ទេ បើទោះជា​មាន​គំនាប​តឹងតែង​ពី​រដ្ឋាភិបាល​វៀតណាម​យ៉ាង​ណាក៏ដោយ​។ លោក​បញ្ជាក់ថា «​ប្រពៃណី​ទំនៀមទម្លាប់​នៅ​កម្ពុជា​ក្រោម វា​នៅ​ខ្ជាប់​ជាង​នៅ​កម្ពុជា​លើ ដូចជា​ទំនៀមទម្លាប់​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​ពិសាខបូជា អស្សុជ​បូជា គឺ​នៅ​ទំនៀមទម្លាប់​ប្រពៃណី បាត់​ខ្ជះក​ន្លែ​ង​ណា​ទេ គឺ​អត់​ក្លែងក្លាយ តាម​ទំនៀមទម្លាប់​ពុទ្ធ​សាសនា ដែល​ពុទ្ធោ​វត្ត ចេញពី​គម្ពីរ​ព្រះ​ត្រៃយ៍​បិតក មក​គឺ​ខ្មែរ​កម្ពុជា​ក្រោម គឺ​ធ្វើ​តាម​ពុទ្ធោវាទ​មក មិន​ធ្វើ​យក​សាសនា ព្រហ្ម​សាសនា​លាយឡំ អត់​មាន​ទេ​»​។​

​បុរស​វ័យ​៧១​ឆ្នាំ​រូប​នេះ បន្តថា​នៅ​កម្ពុជា​ក្រោម​គេ​ហៅ​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្យ​នេះ​ថា​បុណ្យ​ដូនតា ក្នុង​នោះ​ប្រជាពលរដ្ឋ បាន​និមន្ត​ព្រះសង្ឃ​ទៅ​តាម​ផ្ទះ​ដើម្បី​ប្រគេន​ចង្ហាន់​បិណ្ឌ​បាត្រ ដល់​ព្រះសង្ឃ​ដើម្បី​ឲ្យ​ព្រះសង្ឃ ឧទ្ទិស​ទៅ​ញាតិសន្តាន​ដែល​បាន​ចែកដ្ឋា​ន​ទៅហើយ ព្រមទាំង​រៀប​ជា​សំពៅ​ធ្វើ​ពី​ស្រទបចេក​ដោយ​មាន​ដាក់​ម្ហូបអាហារ និង​របស់របរ​មួយចំនួនទៀត ដើម្បី​ជូន​ដូនតា​ទៅវិញ​ហើយ​ឲ្យ​ដូនតា​ទទួលបាន​នូវ​អ្វី​ដែល​កូនចៅ​ឧទ្ទិស​ឲ្យ​។ លោក​បន្តថា «​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច លោក​មួយ​វត្ត​ឧបមា​ថា ៥០​អង្គ ៨០​អង្គ អត់​មាន​នៅទេ គេ​និមន្ត​ទៅ​តាម​ផ្ទះ​ទាំងអស់ ពីរ​អង្គ​ទៅ​៥​ផ្ទះ ៦​ផ្ទះ​១០​ផ្ទះ​ក៏​មាន​ដែរ អាហ្នឹង​គេ​ធ្វើ​ហើយ​និមន្ត​លោក​ទៅ​ឆាន់ វេដារ​ឲ្យ​ឪពុក​ម្តាយ​ហើយគេ ទូក ទូក​ស្រទបចេក ដាក់​អង្ករ​ដាក់​បាយ ដាក់​គ្រប់សព្វ ដាក់​លុយ​កាក់ បណ្តែត​តាម​បឹងបួរ តាម​ស្រះ​អី​ក៏​បាន​ដែរ​នៅ​កម្ពុជា​ក្រោម​»​។

​ដោយឡែក​សម្រាប់​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​វិញ ព្រះតេជព្រះគុណ ថាច់ ហា​សំអាង មាន​ថេរ​ដីកា​ថា ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម មិន​យក​ចង្ហាន់​បង្សុកូល​ដូច​នៅ​កម្ពុជា​ទេ នៅពេល​ដែល​យក​ចង្ហាន់​មក គឺ​ប្រគេន​ព្រះសង្ឃ​ឆាន់​តែម្តង បន្ទាប់ពី​វាយ​រគាំង​រួច​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា «​ហើយ​ម្យ៉ាងទៀត នៅ​កម្ពុជា​ក្រោម មិន​មាន​បង្សុកូល​ដូច​យើង​ទាំងអស់គ្នា​យក​ចង្ហាន់​មក​ដល់​វត្ត មក​បង្សុកូល មក​គង់​មួយ​ជួរ​រងចាំ​ចង្ហាន់​បង្សុកូល​ទេ នៅ​កម្ពុជា​ក្រោម​មកដល់​គេ​ដាក់​លើ​បល្ល័ង​តែម្តង ដាក់​លើ​បល្ល័ង ស្ព​ងៗ អ៊ីចឹង​ពេល​ដែល​វាយ​អា​គាំង​មក លោក​និមន្ត​ឡើង​ឆាន់​សូត្រ​សុំ​សីល ឧទ្ទិស​ម​ផល​ហើយ​លោក​ឆាន់​ទៅ​»​។

​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធ​សា​នា បុណ្យ​កាន់បិណ្ឌ ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១​រោច​ខែ​ភទ្របទ ដល់​ថ្ងៃ​ទី​១៤​រោច​ខែ​ភទ្របទ និង​ថ្ងៃ​ទី​១៥​រោច​ខែ​ភទ្របទ ជា​ថ្ងៃ​ភ្ជុំ​បិណ្ឌ​។ ទំនៀមទម្លាប់​នេះ​ត្រូវបាន​គេ​អនុវត្ត​ទាំង​នៅ​កម្ពុជា និង​ដែនដី​កម្ពុជា​ក្រោម​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំនេះ​ត្រូវ​នឹង​ថ្ងៃ​ទី​២២ ២៣ និង​២៤ ខែ​កញ្ញា ឆ្នាំ ២០១៤​។​

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា លោក​ប៉ូ សំណាង ក៏​ទទួលស្គាល់​ផងដែរ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថែរក្សា​វប្បធម៌​ប្រពៃណី​តាម​បែប​ព្រះពុទ្ធ​ជាពិសេស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​យ៉ាង​ល្អ ព្រោះ​ថា​អ្នកប្រាជ្ញ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់​ជាច្រើន កំពុង​រស់នៅ​ដែនដី​កម្ពុជា​ក្រោម​ហើយ​នៅ​ចាំ​ថែរក្សា​ទំនៀមទម្លាប់​តាំងពី​នោះ​នៅឡើយ​។ លោក​មានប្រសាសន៍ថា «​ដោយសារ​នៅ​កម្ពុជា​ក្រោម គឺ​យើង​នៅ​មាន​ព្រឹទ្ធាចារ្យ​យើង​ច្រើន ដែល​ខ្លះ​មាន​ដល់​៧០ ខ្លះ​មាន​ដល់​៨០ គាត់​នៅ​ខំ​តស៊ូ តស៊ូ​ដើម្បី​ថែរក្សា​អត្តសញ្ញាណ​ជាតិ​។ ហើយ​ដែល​យើង លោក​ភ្នំពេញ​កម្ពុជា​កណ្តាល​យើង​នេះ គឺ​យើង​ឃើញ​ថា​ដោយសារ​យើង​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទំនៀមទម្លាប់​ត្រូវបាន​បាត់បង់​ការផ្សព្ធផ្សាយ​នៅមានកម្រិត ដូច្នេះ​ហើយ​យើង​ឃើញថា សាសនា​ដទៃ យើង​មិន​បាន​ថា​បំពារបំពាន ឬ​ហាមឃាត់​គាត់​ទេ តែ​ដោយសារ​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ លោក​បាន​ពើប​ប្រទេះ​នឹង​សាសនា​ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា​យើង​គួបផ្សំ​នឹង​បញ្ហា​ការផ្សព្វផ្សាយ​របស់​យើង​នៅមានកម្រិត ដែល​ធ្វើ​ឲ្យ​ប្អូនៗ យុវជន យុវនារី​យើង​បាត់បង់ ក៏ដូចជា​ស្មារតី ដូច្នេះហើយ​បាន​ជា​ការគោរព​ទំនៀមទម្លាប់​នៅ​កម្ពុជា​កណ្តាល យើង​មាន​ភាព​មិន​សូវ​ល្អ​ដូច​នៅ​កម្ពុជា​ក្រោម​»​។​

លោក ប៉ូ សំណាង បន្ត​ថា​សម្រាប់​កម្ពុជា​ពិធី​បែប​សាសនាព្រះពុទ្ធ​ជា​ច្រើន ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ដោយ​មាន​លាយឡំ​នឹង​ពិធី​បែប​សាសនា ក៏ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​កម្ពុជា​គួរតែ​រក្សា​ឲ្យបាន​នូវ​ពិធី​បែប​ព្រះពុទ្ធសាសនា ឲ្យបាន​ខ្ជាប់ខ្ជូន​ដូចជា​នៅ​ដែនដី​កម្ពុជា​ក្រោម​ផងដែរ​។ លោក​បន្តថា «​ឥឡូវ​យើង​ឃើញ​ហើយ​ថា ចាស់ព្រឹទ្ធាចារ្យ​មួយចំនួន​លោក​ស្គាល់ ដឹង​នូវ​ប្រពៃណី​ខ្មែរ​យើង​ច្បាស់​ណាស់ ក៏ប៉ុន្តែ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច ជីវភាព​យើង​ឃើញ​ហើយ​ថា គាត់​កាន់តែ​ឃ្លាតឆ្ងាយ ដូច្នេះ​ហើយ​យើង​វា​បាត់បង់ ឱកាស​ដែល​ពង្រឹង និង​អភិរក្ស​នូវ​ទំនៀមទម្លាប់​យើង​នេះ ដូច្នេះ​ហើយ​យើង​ឃើញ​ថា​រដ្ឋាភិបាល យើង​គួរតែ​មាន​ហឹប​ថវិកា​មួយ ជួយ​ដល់​ចាស់ព្រឹទ្ធាចារ្យ​យើង​»​។

សំឡេង​សូត្រធម៌​មួយចំនួន សំឡេង​សូ​ត្រប​រ៉ា សំឡេង​ស្មូត និយាយ​ពី​ទំនួញ​ប្រេត បាន​បន្លឺ​ឡើង​នៅ​តាម​ទី​វត្ត​អារាម​នានា​យ៉ាង​គ្រលួច នៅ​រយៈពេល​១៥​ថ្ងៃនេះ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ និង​បុណ្យកាន់បិណ្ឌ​នេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្រណោះស្រណោក និង​នឹក​ដល់​ញាតិ​សណ្តាន ដែល​បាន​ចែកដ្ឋា​នទៅ​។ ជាមួយគ្នានេះ វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​កូនចៅ​ផៅ​ញាតិ​សណ្ដាន​ដើម្បី​ធ្វើបុណ្យ​ដល់​សាច់ញាតិ ទាំង​អ្នក​ដែល​កំពុង​រស់នៅ និង​អ្នក​ដែល​ស្លាប់​ទៅ​ផង​ដែរ​។

​បើ​ទោះ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន បាន​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ជាច្រើន​ឆ្នាំ​ទៅ​ហើយ​ក្តី ក៏​ប៉ុន្តែ​ពួកគាត់​នៅតែ​រំឭក​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​តាម​បែប​ប្រពៃណី និង​សាសនា នៅ​ដែនដី​កម្ពុជា​និង​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​បែប​សាសនា​នេះ ព្រោះ​ថា​ពិធី​ទាំងនោះ​បាន​ដក់​ជាប់​អារម្មណ៍​របស់​ពួកគាត់​មិន​អាច​បំភ្លេចបាន ជាពិសេស​ពិធី​បុណ្យកាន់បិណ្ឌ និង​ពិធី​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​សំខាន់​ទី​ពីរ នៃ​ប្រជាជន​កម្ពុជា​ទាំងមូល​ផង​ដែរ​៕

សូមសរសេរមកលោក ឡាយ សាមាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles