ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃអង្គារ ទី23 កញ្ញា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
(រូបថត៖ កាន់ វិច្ឆិកា)
ពិធីបុណ្យភ្ជុំបិណ្ឌខែ្មរមានរយៈពេល១៥ថ្ងៃ គិតពីថ្ងៃ០១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាធម្មតាចាប់ផ្តើមពីចុងខែកញ្ញា រហូតដល់ខែតុលា។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីឧទ្ទិសកុសលដល់ព្រលឹងដូនតា ឪពុកម្តាយ ឬសាច់សាលោហិតដែលបានចែកឋានក្នុងជំនឿថា ញាតិសន្តានទាំងនោះនឹងអាចទទួលបាននូវកុសលផលបុណ្យ ចៀសផុតទុក្ខវេទនា និងឆាប់បានចាប់ជាតិជាថ្មី។
ជារៀងរាល់ឆ្នាំនៅពេលដល់រដូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនកូនចៅសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នានៅស្រុកកំណើត ជាពិសេសជួបជាមួយឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅទីវត្តអារាម និងបរិភោគអាហារជួបជុំសមាជិកគ្រួសារ។ ហេតុដូច្នេះហើយ ទើបនៅតាមទីវត្តអារាមទាំងឡាយ និងទីផ្សារលក់ទំនិញ មានសភាពអ៊ូអរពោរពេញទៅដោយមនុស្សម្នាជាច្រើន។
ក្នុងឱកាសបុណ្យទាននេះដែរ ទំនិញ និងម្ហូបអាហារ ត្រូវបានគេសង្កេតឃើញថា ឡើងថ្លៃខុសពីសព្វដង និងពិបាកក្នុងការរកទំនិញល្អដែលពេញចិត្ត។ កត្តាទាំងនេះធ្វើឲ្យអ្នកទិញមួយចំនួនរិះគន់ និងព្រួយបារម្ភពីការចំណាយរបស់ខ្លួនក្នុងអំឡុងពេលបុណ្យទានម្តងៗ ជាពិសេសពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេលដល់ទៅ១៥ថ្ងៃ។
កំពុងឈរទិញគ្រឿងទេស និងរបស់របរសម្រាប់យកទៅវត្ត ក្នុងផ្សារសាមគ្គី អ្នកស្រី សូរ ចិន្តា មានប្រសាសន៍ថា តម្លៃទំនិញក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ កើនឡើងជាងថ្ងៃធម្មតា តែបើធៀបនឹងភ្ជុំបិណ្ឌឆ្នាំមុនហាក់ថោកជាងបន្តិច ដោយសារឆ្នាំនេះសម្បូរទំនិញ។ អ្នកស្រីថា ជាមធ្យមអ្នកស្រីចំណាយអស់ប្រមាណ២០០ដុល្លារ ហើយការចំណាយច្រើនធំផុតរបស់អ្នកស្រី គឺលើការធ្វើម្ហូបទៅវត្ត។ អ្នកស្រីបញ្ជាក់ថា «ការចំនាយលើភ្ជុំបិណ្ឌនេះ មានការចំនាយទៅលើម្អូបអាហារ គ្រឿងទេស និងគ្រឿងសក្ការៈបូជា និងចំនាយលើការជូនឪពុកម្តាយ ហើយនិងចំនាយផ្សេងៗទៀត គឺដូចជាលើសម្លៀកបំពាក់សម្រាប់កូន សម្រាប់ខ្លួនឯង និងសម្រាប់ប្តី។ ចំនាយច្រើនជាងគេគឺចំនាយលើម្ហូបនេះឯង»។
បុគ្គលិកក្រុមហ៊ុន ហើយក៏ជាមេផ្ទះវ័យ២៦ឆ្នាំរូបនេះបន្តថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីរបស់ខ្មែរ ដែលប្រជាជនខ្មែរគ្រប់រូបតែងប្រកាន់ខ្ជាប់ក្នុងការធ្វើបុណ្យទាន ដើម្បីឧទ្ទិសកុសលជូនញាតិការដែលបានចែកឋានទៅហើយ។ អ្នកស្រីថា ក្នុងនាមជាពុទ្ធសាសនិកមួយរូប ទោះជាមិនសូវមានចំណូលខ្ពស់ ហើយត្រូវចំណាយច្រើនសម្រាប់ធ្វើបុណ្យម្តងៗ តែអ្នកស្រីមិនដែលខានក្នុងការទៅវត្តនោះទេ។
កំពុងអង្គុយកោសជើងជ្រូកលក់ឲ្យអ្នកទិញក្នុងផ្សារបឹងឈូក អ្នកស្រី ស្រី អូន ប្រាប់ថា តម្លៃសាច់ជ្រូកក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះឡើងថ្លៃតិចជាងឆ្នាំមុន។ អ្នកស្រីថា ឆ្នាំនេះសាច់ជ្រូកមួយគីឡូឡើងថ្លៃតែ២០០០រៀលប៉ុណ្ណោះ បើធៀបនឹងថ្ងៃធម្មតា ចំណែកឆ្នាំមុនវិញឡើងថ្លៃពី៣០០០ ទៅ៤០០០រៀល។ អ្នកស្រីបន្តថា «វារៀងបានច្រើនជាងធម្មតា ព្រោះយើងលក់រៀងឡើងបន្តិច។ ធម្មតាបើយើងលក់អស់ទៅ ក៏យើងបានរួច[ថ្លៃ]ម្ហូប រួចចាយបន្តិចបន្តួចអ៊ីចឹងដែរ ហើយដល់ពេលថ្ងៃបុណ្យទានអ៊ីចឹងទៅ មានរវល់អ៊ីចឹងទៅយើងវាកើនចំណូលបន្តិចដែរ ព្រោះសាច់គេឡើងថ្លៃ យើងវាអាចឡើងបន្តិចបន្តួចដែរ អ៊ីចឹងចំណូលហ្នឹង វារៀងកើនបន្តិចអ៊ីចឹងទៅ»។
អ្នកលក់សាច់ជ្រូកវ័យ៣០ឆ្នាំប្លាយរូបនេះបន្តថា ប្រជាជនតែងទិញបន្លែ សាច់ យកទៅធ្វើម្ហូបប្រគេនព្រះសង្ឃនៅឯវត្ត ហើយក្នុងមួយថ្ងៃអ្នកស្រីលក់បានប្រាក់ប្រមាណ១លាន៥សែនរៀល បើធៀបនឹងថ្ងៃធម្មតាអ្នកស្រីលក់បានតែ១លានរៀលប៉ុណ្ណោះ។


ចង្ហាន់ម្ហូបអាហារ ដែលប្រជាពលរដ្ឋយកមកប្រគេនព្រះសង្ឃ
ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប អ្នកស្រី ស្រី អូន ក៏បានប្រាប់ពីការចំណាយរបស់ខ្លួនថា ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ អ្នកស្រីចំណាយជាមធ្យមអស់ជាង១លានរៀល ហើយការចំណាយច្រើនបំផុតរបស់អ្នកស្រីគឺការជូនប្រាក់កាសទៅឪពុកម្តាយទាំងសងខាងរបស់អ្នកស្រី។ អ្នកស្រីបន្តថា «ជូនម៉ែឪ ជូនថាជូនម៉ែខាងនេះ១០ម៉ឺន[រៀល] ម៉ែខាងនោះ១០ម៉ឺន២០អ៊ីចឹងទៅ ហើយទៅវត្តអស់ប្រហែលជា៣០ម៉ឺន មួយភ្ជុំប្រហែលជា១០០[ដុល្លារ]ជាង ឬ១៥០អ៊ីចឹងដែរ។ ពេលណាចំនូលយើងបានច្រើនជូនម៉ែច្រើនជាងហ្នឹងអ៊ីចឹងទៅ បើចំនូលឆ្នាំរៀងចុះថយ ម៉ែអើយបន្ថយបន្តិចទៅ»។
បើទោះជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដូចៗគ្នាក៏ដោយ តែទំហំនៃការចំណាយរបស់ពួកគេមិនដូចគ្នាទេគឺ អាស្រ័យទៅលើជីវភាព ឬលទ្ធភាពនៃការរកចំណូលរបស់ពួកគេ។ តាមការសាកសួរ ជាមធ្យមប្រជាពលរដ្ឋដែលរកបានចំណូលសមរម្យចំណាយក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ក្នុងម្នាក់អស់ចន្លោះពី២០ម៉ឺន ទៅជិត១លានរៀល។
អង្គុយលក់បន្លែក្នុងផ្សារដើមគរ កញ្ញា នៅ ពិសី លើកឡើងថា តម្លៃបន្លែក្នុងថ្ងៃកាន់បិណ្ឌមិនមានឡើងថ្លៃដូចបុណ្យផ្សេងៗនោះទេ។ កញ្ញាថា ជាទូទៅបន្លែច្រើនតែឡើងថ្លៃនៅថ្ងៃភ្ជុំបិណ្ឌប៉ុណ្ណោះ ដោយសារថ្ងៃនោះមិនសូវមានអ្នកលក់ ហើយមនុស្សម្នាចេញទៅស្រុកកំណើតអស់។
មិនមែនតែទំនិញលើទីផ្សារទេដែលឡើងថ្លៃ បង្កក្ដីបារម្ភដល់ប្រជាពលរដ្ឋនោះ សូម្បីសេវាដឹកជញ្ជូនគ្រប់ប្រភេទក៏ឡើងថ្លៃជាងតម្លៃធម្មតាស្ទើរទ្វេដង។
អង្គុយរង់ចាំស្វាមីមកពីរាប់បាត្រក្នុងវត្តទួលក្រសាំង អ្នកស្រី ពៅ មុំ មានប្រសាសន៍ថា ក្នុងមួយឆ្នាំៗអ្នកស្រីចំណាយអស់ពី១៥០ដុល្លារ ទៅ២០០ដុល្លារសម្រាប់រាល់ភ្ជុំបិណ្ឌទៅតាមសទ្ធា និងទំហំនៃការរកចំណូលរបស់អ្នកស្រី។ អ្នកស្រីថា ជាទូទៅអ្នកស្រីត្រូវចំណាយទៅលើការទិញម្ហូបដើម្បីយកទៅវត្ត ចំណាយលើការជូនឪពុកម្តាយទាំងសងខាង ចំណាយសម្រាប់ការធ្វើដំណើរ និងទិញប្រដាប់ប្រដាថ្មីៗជាដើម។ អ្នកស្រីបញ្ជាក់ថា «បិណ្ឌមួយរហូតដល់បិណ្ឌ១៥ហ្នឹង គឺអាចអស់ដល់១៥០ដុល្លារ ជូនកាលលើសដល់២០០ដុល្លារ ក្នុងមួយវត្តមានបង់៣ម៉ឺន ទៅបួនម៉ឺន វេនអ៊ីចឹងអត់ទេ ពេលហ្នឹងចូលលុយជាមួយតាអាចារ្យរួចហើយ អ៊ីចឹងយើងមកចំនាយតែដាក់តាមគ្រប់ទាំងអស់ យើងបានដាក់អស់តែ៣ម៉ឺន៤ម៉ឺន។ បើយើងធ្វើបាយសម្លទៀត វាកើនឡើងទៀតដល់១៥ដុល្លារ បើយើងដាំបាយធ្វើម្ហូបខ្លួនឯងមកទៀត»។
អ្នកស្រីបន្ថែមដោយលើកឡើងពីការលំបាកដោយសារទំនិញឡើងថ្លៃជារៀងរាល់ឆ្នាំ ជាពិសេសក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌថា រាល់មុខទំនិញទាំងអស់ឡើងថ្លៃមិនដែលចុះឡើយ តែសម្រាប់ប្រាក់ខែរបស់អ្នកស្រីដែលជាកម្មារិនីកាត់ដេរមិនដែលបានឡើងច្រើននោះទេ។ អ្នកស្រីបន្តថា «គិតមើលបងជាកម្មករកាត់ដេរ ប្រាក់ខែបានត្រឹមតែ១០០[ដុល្លារ]ជាង តែបងចំនាយឡើង២០០ជាង។ គិតមើល ដូចថាម្ហូបអាហារ ទៅនេះទៅនោះ សាច់ជ្រូកក៏ឡើង ត្រីក៏ឡើង បន្លែក៏ឡើង ឡើងសព្វទាំងអស់ ដល់ពេលអ៊ីចឹងប្រាក់ខែកម្មករនិងទំនិញវាអត់គ្រប់គ្រាន់នឹងតម្រូវការរបស់បងទេ»។
អ្នកស្រីក៏បានសំណូមពរដល់រដ្ឋាភិបាល ធ្វើយ៉ាងណាជួយទប់ស្កាត់កុំឲ្យទំនិញឡើងថ្លៃរហូតដូច្នេះទៀត ដើម្បីអាចសម្រួលដល់ជីវភាពរបស់ប្រជាជនក្នុងការធ្វើបុណ្យ និងសន្សំប្រាក់កាសខ្លះទុកសម្រាប់អនាគត។
ក្រៅពីការចំណាយលើថ្លៃទំនិញនៅលើទីផ្សារ ប្រជាពលរដ្ឋក៏ត្រៀមសម្រាប់ការចំណាយនៅតាមវត្តអារាមដែរ ព្រោះតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ នៅរដូវបុណ្យភ្ជុំបិណ្ឌពួកគេដើរធ្វើបុណ្យឲ្យបាន៧វត្តទើបប្រាកដថាកុសលផលបុណ្យទាំងនោះបានទៅដល់ញាតិសន្តាន។ សម្រាប់ការចំណាយនៅតាមវត្ត ប្រជាពលរដ្ឋចូលលុយគ្នាដើម្បីរៀបចង្ហាន់ប្រគេនព្រះសង្ឃ ចំណែកប្រាក់ដែលសល់ពីការរៀបចំចង្ហាន់ ពួកគេតម្កល់ទុកក្នុងវត្តនោះសម្រាប់ការកសាងផ្សេងៗតាមការចាត់ចែងផ្ទាល់របស់គណៈកម្មាធិការ និងព្រះចៅអធិការវត្ត។
ជាទូទៅ បើនិយាយពីការចំណាយ ឬផែនការចំណាយប្រាក់គឺមិនចោទជាបញ្ហាទេសម្រាប់អ្នកដែលមានគ្រួសារ ឬមានប្តីប្រពន្ធហើយ ព្រោះពួកគេមានផែនការគ្រួសារច្បាស់លាស់ត្រូវចំណាយ។ តែសម្រាប់យុវជន ឬយុវនារីដែលមិនទាន់មានគូស្រករ គេសង្កេតឃើញ ច្រើនតែចំណាយដោយមិនមានផែនការ ឬហៅថា ចំណាយខ្ជះខ្ជាយ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង លើកឡើងថា ទំនៀមទម្លាប់ខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌបានផ្តល់ឱកាសដល់ប្រជាជនបានជួបជុំគ្រួសារ ទៅវត្តធ្វើបុណ្យ និងធ្វើដំណើរកម្សាន្តនៅទីកន្លែងផ្សេងៗជុំគ្នា។ លោកថា ប្រជាជនមួយចំនួនបានចំណាយក្នុងការធ្វើបុណ្យ ដោយឡែកប្រជាជនមួយចំនួនដែលភាគច្រើនជាយុវជនតែងចំណាយយ៉ាងខ្ជះខ្ជាយទៅលើការសេពគ្រឿងស្រវឹង បណ្តាលឲ្យកើតមាននូវអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ បន្សល់នូវទុក្ខសោកដល់ក្រុមគ្រួសារជាដើម។ លោកមានប្រសាសន៍ថា «ពេលណាទទួលទាន[គ្រឿងស្រវឹង]អំពើហិង្សាក្នុងសង្គមគ្រួសារ មានការជាប់ទោសទណ្ឌ ហើយមិនត្រឹមតែប៉ុណ្ណឹង ធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃដែលគេនៅស្ងៀមនោះ គឺថាបុករថយន្តនិងម៉ូតូ បុកគ្នាទៀតបង្ករហូត យើងឃើញហើយថា[ឆ្នាំ]២០១៣ មានរហូតដល់ប្រហែលជាខ្ទង់៣៥នាក់ដែលបាត់បង់ជីវិត មិនតែប៉ុណ្ណឹង វាមានបញ្ហារហូតពិការ រក្សាទុកកុមារកំព្រា។ កត្តាហ្នឹងខ្ជះខ្ជាយខុសគោលដៅយើងដែលធ្វើឲ្យប៉ះពាល់ដល់ថវិកាបុគ្គល ក៏ដូចជាថវិកាជាតិដែរ»។
លោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាល ផ្អាកការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងពិធីបុណ្យភ្ជុំបិណ្យនេះ ដើម្បីទុកពេលវេលាឲ្យប្រជាជនមានឱកាសគិតដល់ការធ្វើបុណ្យទាន ជំនួសឲ្យការជួបជុំគ្នាសេពគ្រឿងស្រវឹង ដែលបណ្តាលឲ្យវប្បធម៌ជាតិធ្លាក់ចុះ៕
សូមសរសេរមកលោកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com