ការយល់ឃើញ​របស់​យុវជនជុំវិញ​ពិធីបុណ្យដាក់​បិណ្ឌនិង​ភ្ជុំបិណ្ឌ​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃពុធ ទី24 កញ្ញា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ពិធីបោះបាយបិណ្ឌ ក្នុងថ្ងៃកាន់បិណ្ឌនៅវត្តលង្ការ (រូបថត៖ Krishan)

​ពិធី​បុណ្យកាន់បិណ្ឌ​ឬ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​បែប​ប្រពៃណី​ខ្មែរ ដែល​ប្រជាពលរដ្ឋ​ប្រារព្ធ​ធ្វើឡើង​តាំងពី​ដូនតា​រៀងមក​។ ពិធីបុណ្យ​នេះ​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង​ប៉ុណ្ណោះ គឺ​ថ្ងៃ​កាន់បិណ្ឌ​ចាប់ផ្តើម​ពី​ថ្ងៃ​១​រោជ ខែ​ភទ្របទ រហូត​ដល់​ថ្ងៃ​ទី​១៤​រោជ​ខែ​ដដែល ចំណែក​ថ្ងៃ​១៥​រោជ​ជា​ថ្ងៃ​ភ្ជុំ​ធំ ឬ​ភ្ជុំបិណ្ឌ​។ តាម​គម្ពីរ​ពុទ្ធសាសនា​នានា​ចារ​ថា តាមរយៈ​បុណ្យ​នេះ​ពុទ្ធបរិស័ទ​អាច​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​សាច់ញាតិ ដែល​ស្លាប់​។​

ទាក់ទង​នឹង​ជំនឿ​នេះ បើ​ក្រឡេក​មើល​ក្នុង​ពិធីបុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ពេលបច្ចុប្បន្ន​វិញ គេ​តែង​សង្កេត​ឃើញ​ពុទ្ធ​បរិស័ទ្ធ ឧបាសក ឧបាសិការ​យុវជន យុវនារី ដែលជា​អ្នក​គោរព​ពុទ្ធសាសនា បាន​ស្លៀកពាក់​ស្អាតបាត ធ្វើ​ដំណើរ​ជា​ក្រុមៗ ទៅកាន់​វត្ត​អារាម​នានា ដោយ​បាន​យក​ចង្ហាន់​គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​ទៀនធូប និង​ផ្កា​ផ្ញី​ជា​ដើមទៅ​ថ្វាយ​ព្រះ ឬ​ប្រគេន​ដល់​ព្រះសង្ឃ​ដើម្បី​សុំ​សេចក្តីសុខ និង​ឧទ្ទិស​កុសលផល​បុណ្យ ដល់​សាច់ញាតិ​របស់​ពួកគេ ដែល​បាន​បែក​កាយ រំលា​យក្ខន្ធ​ទៅកាន់​បរ​លោក​។​

​ការយក​ចង្ហាន់​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​នៅតាម​វត្ត​អារាម​នានា នៅ​រដូវ​ដាក់​បិណ្ឌ​ឬ​ភ្ជុំបិណ្ឌ​នេះ ពួកគេ​មាន​ជំនឿ​ថា អាច​ធ្វើអោយ​សាច់សាលោហិត របស់​ពួកគេ​ដែល​បាន​ធ្វើ​មរណកាល​ទៅ ហើយ​នោះ អាច​នឹង​រួច​ចាក​ផុត​ពី​កម្ម​ពារ​វេរា​ដែល​ពួកគេ​បាន​សាង​កាលពី​នៅ​រស់​។​

​ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ពលរដ្ឋ​ខ្មែរ​មិនមែន​តែ​មនុស្ស​វ័យ​ចំណាស់​នោះទេ ដែល​មាន​ជំនឿ​លើ​ការ​ធ្វើ​បុណ្យ​ដាក់​ទាន​តាមបែប​ព្រះពុទ្ធសាសនា​នេះ សូម្បី​តែ​យុវវ័យ​ក្មេងៗ​ក៏​គេ​មានជំនឿថា ការប្រតិបត្តិ តាម​ពុទ្ធឱវាទ បែប​ព្រះពុទ្ធសាសនា ក៏​អាច​ផ្តល់​អនិ​សង្ឃ ដល់​អ្នកមានគុណ​របស់គេ ទាំង​នៅ​បច្ចុប្បន្ន និង​បរលោក​ផងដែរ​​ «ថ្ងៃ​ភ្ជុំ​ខាង​មុខ​នេះ​ខ្ញុំ​មា​នគម្រោង​ទៅ​លេង​ស្រុក ហើយ​មាន​របស់​មួយ​ចំនួន​ជូន​ឪពុក​ម្តាយ មាន​ទឹក​ក្រូច​ នំ ផ្លែ​ឈើ មាន​លុយ​មួយ​ចំនួន​ជូន​គាត់​ ព្រឹក​ព្រលឹម​ឡើង​ធ្វើ​បាយ​សំឡជូន​គាត់​ពិសារ ហើយ​ជូន​គាត់​ទៅ​វត្ត។ នៅ​ពេល​ឱ​កាស​បុណ្យ​ភ្ជុំ​បិណ្ឌ ខ្ញុំ​នឹង​ទិញ​នំ​នេក ផ្លែ​ឈើ មួយ​ចំនួន​ដើម្បី​ជូន​ឪពុក​ម្តាយ រួច​ហើយ​ខ្ញុំ​មាន​គម្រោងធ្វើ​ចង្ហាន់​ដើម្បី​ជូន​ឪពុក​ម្តាយរបស់ខ្ញុំ​ទៅ​វត្ត ហើយ​ក៏​ដូចជា​បបួល​បង​ប្អូន​របស់​ខ្ញុំ​ ដើម្បី​ទៅ​វត្ត​ទាំងអស់​គ្នា ពី​ព្រោះ​ឪពុក​ម្តាយ​គាត់​មាន​គុណ​ខ្លាំង​ណាស់ អ៊ីចឹ​ង​នៅ​ក្នុង​ឱ​កាស​បុណ្យ​ទាន​ម្តងៗ យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់ ហើយ​នៅ​ក្បែរ​គាត់។ ក្នុង​នាម​យើង​ជាយុវជន ចំពោះ​បុណ្យ​ភ្ជុំ​បិណ្ឌ​យើង​គួរ​តែជួប​ជុំ​បង​ប្អូន​ឪ​ពុក​ម្តាយ ហើយ​យើង​នាំ​គ្នា​ទៅ​វត្ត​ដើម្បីយក​បាយ​ទៅ​ប្រ​គេន​ព្រះ​សង្ឃ ឧទ្ទិស​មផលជូន​បុព្វការីជនដែល​គាត់​បាន​ចែក​ដា្ឋន​ទៅ។ ខ្ញុំ​គិត​ថា យុវជន​គួរ​តែទៅ​វត្ត​នៅពេល​ភ្ជុំ​បិណ្ឌ ដូចជា​មុន​ពេល​យើង​ទៅ​វត្តយើង​ត្រូវ​ធ្វើ​ម្ហូប​ ឬ​ជូន​លុយ​កាក់ទៅ​ឪពុក​ម្តាយ​របស់​យើង ដូចជា​ព្រះ​នៅ​ក្នុង​ផ្ទះ ហើយ​ចាំ​យើង​ស្លៀក​ពាក់​សម​រម្យទៅ​វត្ត។​ នៅពេល​ទៅ​ផ្ទះ​ខ្ញុំ​មាន​ដូចជា សម្លៀក​បំពាក់ សម្រាប់​ជូន​ឪពុក​ម្តាយ​ខ្ញុំ ដើម្បី​ទៅ​ចូល​រួម​បុណ្យ​ភ្ជុំ​បិណ្ឌ ថ្ងៃបុណ្យ​ធំ ខ្ញុំ​នឹង​ធ្វើ​ចង្ហាន់ជូន​គាត់​ដើម្បី​ទៅ​ប្រគេន​ព្រះ​សង្ឃនៅ​វត្ត។ យើង​ទិញនូវ​ផ្លែ​ឈើ​ ក៏​ដូចជា​ធ្វើ​ម្ហូបម្ហា​ដើម្បីជូន​ដល់​ឪពុក​ម្តាយយើង​ ព្រោះ​ពេល​ហ្នឹងយើង​ត្រូវ​ដឹង​គុណឪពុក​ម្តាយ​ ក៏ដូចជាជីដូន​ជីតា ដែល​ចែក​ឋានទៅ។ ក្នុង​នាម​យើង​ជា​យុវជន ខ្ញុំ​មាន​ទំនៀម​ទម្លាប់​តាម​ដូន​តា​របស់​ខ្ញុំ នៅ​ក្នុង​ឱ​កាស​បុណ្យ​ភ្ជុំ​បិណ្ឌ ឬការដាក់​បិណ្ឌគឺ​ពួក​យើងតែ​ងតែ​ទៅ​បុណ្យ​ដើម្បីបោះ​បាយ​បិណ្ឌ ឬក៏ធ្វើ​បុណ្យប្រគេន​អាហារ​ដល់​ព្រះសង្ឃដើម្បី​ឧទ្ទិស​កុសលដល់បង​ប្អូន​ ឬ​ញាតិ​សណ្តានរបស់​យើង​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ ដើម្បី​ឲ្យ​គាត់​បាន​ទទួល​សេព​សោយ ​នូវ​អាហារ​ដែល​យើង​បាន​បូជា​ទាំងអស់​ហ្នឹង។ ដែល​ខ្ញុំ​ទៅ​កាន់​បិណ្ឌ​ហ្នឹង គឺ​ខ្ញុំ​ដាក់​បាន​វេន​មួយ វេន​មួយ​ហ្នឹង​ខ្ញុំ​អត់​បាន​ទៅ​បោះបាយ​បិណ្ឌ​ទេ ប៉ុន្តែ​ពេល​ព្រឹក​ព្រលឹម​ឡើង​ ខ្ញុំ​យក​ចង្ហាន់​ទៅ​វត្ត ខ្ញុំ​ឧទ្ទិស​កុសលមផល​ដល់អ្នក​ដែល​ចែក​ឋាន ដូចជា​ជីដូន​ជី​តា​របស់​ខ្ញុំ មីង​ពូ បង​ប្អូន​របស់​ខ្ញុំដែល​បាន​ចែក​ឋាន​ទៅ ខ្ញុំ​ឧទ្ទិស​កុសលហៅ​ឈ្មោះ​គាត់​មក​ទទួល​មផល»។

​សម្រាប់​យុវតី អេង គឹម​អាត ជា​និស្សិត​សិក្សា​នៅ​សាកល​ជាតិ​គ្រប់គ្រង បញ្ជាក់ថា បើទោះជា​គាត់​មិនដឹង​ស៊ីជម្រៅ​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ក៏ដោយ តែ​គាត់​តែង​ប្រតិបត្តិ​តាម​យ៉ាង​ខ្ជាប់ខ្ជួន ព្រោះថា​នេះ​ជា​វប្បធម៌​ល្អ នៃ​ការចែក​រំ​លែង និង​ជា​ការរក្សា​ប្រពៃណីជាតិ ជាពិសេស​កញ្ញា​បាន​ធ្វើឲ្យ​ឪពុក​ម្តាយ​សប្បាយចិត្ត​។ កញ្ញា​បន្តថា «ជូន​ជា​ថវិកា​ជូន​គាត់​ ព្រម​ទាំង​ទិញរបស់​របរមួយ​ចំនួន​សម្រាប់​គាត់​ហូបនៅក្នុងឱ​កាស​ភ្ជុំ​បិណ្ឌ​ហ្នឹង។​និយាយ​ទៅ​មា​ន​គម្រោង​នាំ​គាត់​ទៅលេង​ដែរ តែ​លេង​នៅ​ជិត​ៗផ្ទះ​ដែរ កន្លែង​កម្សាន្ត​ជិត​ផ្ទះ ព្រោះ​អត់​ដែរ​បាន​ជួប​ជុំគ្នា​ដើរ​លេង​ទេ តាំង​ពី​មក​ភ្នំពេញ។ ជួបជុំ​គ្នា​អ៊ីចឹង​ ធ្វើ​អី​ញ៉ាំ​នៅផ្ទះ ទិញ​សម្លៀក​បំពាក់​ ទឹក​ក្រូច និង​ស្លាតក យើង​ទិញ​ត្រៀម​សម្រាប់​ទៅ​វត្ត ហើយ​ទឹក​ក្រូច​សម្រាប់​គាត់​ហូប»។

ព្រះ​តេជគុណ ពុទ្ធំ​កុល វ៉​ង់ សុភស្ត សាស្ត្រាចារ្យ​នៅ​ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ្យ ផ្នែក​ទស្សនៈ​សាសនា មាន​សង្ឃដីកា​ថា ព្រះ​តេជគុណ​មានកា​រីករាយ​ពេល​ឃើញ កុលបុត្រ​ខ្មែរ​ចេះ​ភ្ញាក់រឭក​គោរព​ប្រតិបត្តិ​តាម​បែប​ពុទ្ធសាសនា និង​បាន​អំពាវនាវ​ឲ្យ​យុវជន​មួយចំនួន​ទៀត​ដែល​កំពុង​ដើរ​ផ្លូវខុស ត្រូវ​វិល​មក​រក​ផ្លូវត្រូវ​វិញ ដោយ​ប្រតិបត្តិ​តាម​ដំបូន្មាន​ដ៏​ល្អ​របស់​មាតាបិតា​ជាដើម​។

ចំណែក​ការបោះ​បាយបិណ្ឌ​វិញ​នោះ​ព្រះ​តេជ​គុណ ពុទ្ធំ​កុល វ៉​ង់ សុភស្ត បញ្ជាក់ថា​មិន​មាន​សរសេរ​ក្នុង​គម្ពី​ព្រះពុទ្ធសាសនា​ទេ គឺជា​ការអនុវត្ត​តៗ​គ្នា​ពី​ដូនតា​មក តាម​បែប​ព្រហ្មញ្ញសាសនា​។​

​ព្រះ​តេជគុណ ពុទ្ធំ​កុល វ៉​ង់ សុភស្ត មាន​សង្ឃដីកា​ថា បុណ្យ​ភ្ជុំបិណ្ឌ​ប្រារព្ធ​ឡើង​បង្ហាញ​ពី​កតញ្ញុតា​ធម៌ រវាង​កូន​ទៅលើ​មា​បិតា ឬ​សាច់ញាតិ​ដែល​ស្លាប់​។ ព្រះ​តេជគុណ​បន្តថា ពិធីបុណ្យ​នេះ​ក៏​បង្ហាញ​ពី​សាមគ្គីភាព​ជាតិ និង​ការរក្សា​អត្តសញ្ញាណ​ជាតិ​ដែរ ព្រោះថា​ប្រទេស​មួយចំនួន​ដែល​កាន់​សាសនាព្រះពុទ្ធ មិន​បាន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទេ​។  
​ក្រៅពី​មាន​សង្ឃដីកា​ទាក់ទិន​នឹង​អត្ថន័យ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ ព្រះ​តេជគុណ​ក៏បាន​ផ្តល់​ឱវាទ​ដល់​យុវជន​មួយចំនួន ដែល​កំពុង​ដើរ​ផ្លូវខុស កំពុង​ប្រព្រឹត្ត​នៅ​អបាយមុខ​ផ្សេងៗ ដែល​មនុស្ស​ជាតិ​ស្អប់ខ្ពើម និង​សង្គមជាតិ​មិន​ត្រូវការ​នោះ អោយ​វិល​មក​រក​ផ្លូវត្រូវ​វិញ ដោយ​ប្រតិបត្តិ​តាម​ដំបូន្មាន​ដ៏​ល្អ​របស់​មាតាបិតា​ជាដើម ដើម្បី​ក្លាយខ្លួន​ជា​មនុស្ស​ល្អ ចូលរួម​កសាង​សង្គម​ជាតិ​៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles