ដោយ ដែន អយុធ្យា
2014-09-24
RFA

សិស្សចេញពីមណ្ឌលប្រឡងបាក់ឌុប វិទ្យាល័យ ទួល ទំពូង នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ សីហា ឆ្នាំ២០១៤។ RFA/Uon Chhin
មេដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើដល់លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឲ្យបន្តអនុវត្តន៍ការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឲ្យដូចគ្នានឹងសកម្មភាពប្រឡងលើកទី១ ដើម្បីធានាគុណភាពនៃការប្រឡង អោយស្របនឹងការកែទម្រង់ គុណភាពអប់រំ ដែលក្រសួងតែងអះអាង។
បញ្ហានេះសម្រាប់មន្ត្រីសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធយុវជនក្នុងវិស័យអប់រំ ក៏បានត្រៀមដាក់ភ្នាក់ងារអង្កេតការរាប់រយនាក់ ដើម្បីឃ្លាំមើលដំណើរការប្រឡងសញ្ញាប័ត្របាក់ឌុប ជាលើកទី២នេះដែរ។
កាលនៅលើកទី១ មានអង្គភាពប្រឆាំងអំពើពុករលួយចូលរួមដែរ ហើយនៅលើកទី២ ក៏ស្ថាប័ននេះនៅបន្តសកម្មភាពដដែល។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍នៅថ្ងៃពុធ ទី២៤ ខែកញ្ញាថា សកម្មជនរបស់សមាគមគ្រូបង្រៀន នឹងបន្តឃ្លាំមើលសកម្មភាពប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបលើកទី២ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែតុលា ដោយយកចិត្តទុកដាក់។
ដើម្បីជៀសវាង នូវរាល់ការរិះគន់ លោក រ៉ុង ឈុន បានស្នើដល់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវធ្វើយ៉ាងណា ឲ្យការប្រឡងសញ្ញាប័ត្របាក់ឌុប ជាលើកទី២ ត្រូវអនុវត្តន៍ឲ្យដូចគ្នាលើកទី១ដែរ។ មានដូចជា៖ មិនត្រូវធ្វើឲ្យបែកធ្លាយវិញ្ញាសាប្រឡង អំពើពុករលួយឬសំណូកលុយកាក់ និងការបើកចំលងចម្លើយវិញ្ញាសាជាដើម គឺមិនត្រូវឲ្យកើតមាននៅតាមមណ្ឌល ឬបន្ទប់ប្រឡងនីមួយៗនោះទេ ៖«យើងចង់ឲ្យការប្រឡងហ្នឹងវាត្រូវតែធ្វើឲ្យមានលក្ខណៈប្រសើរ កុំឲ្យមានការបើកចំលងចម្លើយវិញ្ញាសា។ អំពើពុករលួយ ឬបែកធ្លាយវិញ្ញាសាប្រឡងជាដើម។ ហើយការប្រឡងលើកទី២នេះ ក៏ត្រូវតែធ្វើឲ្យដូចការប្រឡងលើកទី១ដែរ ជៀសវាងកុំឲ្យមានការដឺដងដាក់គ្នា រវាងសិស្សប្រឡងលើកទី១ និងសិស្សប្រឡងលើកទី២»។
ទាក់ទិនបញ្ហានេះដែរ សម្រាប់មន្ត្រីសង្គមស៊ីវិល មិនមែនរដ្ឋាភិបាលចំនួន ២ស្ថាប័ន ក៏បានសហការ ដាក់ភ្នាក់ងារអង្កេតការ របស់ខ្លួន ជាមួយក្រសួងអប់រំ និងស្ថាប័នប្រឆាំងអំពើពុករលួយ នៅថ្ងៃប្រឡងបាក់ឌុបលើកទី២ នាខែតុលាខាងមុខដែរ។
លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ លោកមានប្រសាសន៍ថា ការប្រឡងសញ្ញាប័ត្របាក់ឌុបលើកទី២នេះ អង្គការលោក បានសហការជាមួយ វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ ត្រៀមដាក់ភ្នាក់ងារអង្កេត ដើម្បីឃ្លាំមើលដំណើរការប្រឡងនេះ ចន្លោះពី ១រយ ទៅ១រយ ៥០នាក់ នៅតាមមណ្ឌលនានាទូទាំងរាជធានីភ្នំពេញ៖ «ប្រឡងលើកទី២យើងនឹងបន្ថែមចំនួនអ្នកអង្កេតការណ៍ទៀត ហើយរហូតមកដល់ពេលនេះការចុះឈ្មោះអ្នកអង្កេតការណ៍ហ្នឹងគឺមិនទាន់បានបញ្ចប់នៅឡើយទេ។ ហើយយើងរំពឹងថា នឹងមានអ្នកចូលរួមច្រើន ធ្វើម៉េចឲ្យការប្រឡងទាំងលើកទី១ និងលើកទី២ហ្នឹងធ្វើជាគំរូ និងជាបទពិសោធន៍ល្អសម្រាប់ឆ្នាំក្រោយៗទៀត»។
នាយកវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ ហៅកាត់ថាខាញដ៍ (KIND) លោក សេង រិទ្ធី មានប្រសាសន៍ថា ទិដ្ឋភាពទូទៅ នៃការប្រលងសញ្ញាប័ត្របាក់ឌុប លើកទី១ កាលពីថ្ងៃទី៤ ខែសីហា ពិសេសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរច្រើនជាងឆ្នាំមុនៗ។ លោកបន្តថា ការប្រឡងនេះ មិនមានភាពរញ៉េរញ៉ៃ ឬមិនមានសកម្មភាពប្រមូលលុយ របស់សិស្ស នៅក្នុងបន្ទប់ប្រឡង ដើម្បីសូកគ្រូអនុរក្ស និងមិនមានបែកធ្លាយវិញ្ញាសានោះទេ។
ផ្ដើមពីបញ្ហានេះ លោក សេង រិទ្ធី ក៏ចង់ឃើញក្រសួងអប់រំ និងផ្នែកពាក់ព័ន្ធជួយសហការគ្នា ដើម្បីឲ្យ ការប្រឡងសញ្ញាប័ត្របាក់ឌុបលើកទី២ មានសកម្មភាពរលូនដូចលើកទី១ដែរ៖ «យើងសង្ឃឹមថាមានការចូលរួមពីអង្គការសង្គមស៊ីវិល ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយធ្វើឲ្យដំណើរការប្រឡងហ្នឹងប្រព្រឹត្តទៅបានរលូន។ គ្មានអំពើពុករលួយ គ្មានការបែកធ្លាយវិញ្ញាសា ហើយយុត្តិធម៌ ត្រូវបានកើតមានសម្រាប់សិស្សមានចំណេះវិជ្ជា គឺជាប់។ រីឯអ្នករៀនខ្សោយ គឺគាត់មិនមានឱកាសប្រឡងជាប់ទេ»។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប លើកទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសថា ការប្រឡងនេះ នឹងមិនឲ្យមានបែកធ្លាយវិញ្ញាសាប្រឡងជាដាច់ខាត។ លោកសង្កត់ធ្ងន់ថា ការប្រឡងសញ្ញាប័ត្របាក់ឌុប ជាលើកទី២នេះ ក៏ត្រូវអនុវត្តន៍ឲ្យដូចគ្នា លើកទី១ដែរ ព្រោះក្រសួង បានត្រៀមធ្វើយ៉ាងណា ឲ្យដំណើរការប្រឡងនេះ ប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា ចែកជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ ការប្រឡងសញ្ញាប័ត្របាក់ឌុបឆ្នាំនេះ មានបេក្ខជនសរុបជាង ៩ម៉ឺន ៣ពាន់ ៤រយនាក់ (៩៣៤៥៦) និងមានបេក្ខជនប្រឡងជាប់ចំនួនជាង ២ម៉ឺននាក់ ឬស្មើ ២៥,៧២ភាគរយ។
ចំនួនអ្នកសង្កេតការណ៍ប្រឡងសញ្ញាប័ត្របាក់ឌុប លើកទី១ របស់ អង្គការសង្គមស៊ីវិលទាំងពីរស្ថាប័នខាងលើ មានចំនួនជិត ១រយនាក់។
រហូតមកដល់ពេលនេះ មិនទាន់មានតួលេខ របស់ បេក្ខជនដាក់ពាក្យប្រឡងបាក់ឌុប ជាលើកទី២ ថាមានចំនួនប៉ុន្មាននាក់ នៅឡើយទេ ប៉ុន្តែបេក្ខជន ដែលប្រឡងធ្លាក់ លើកទី១ មានចំនួនសរុបជាង ៧៤ភាគរយ ឬ ស្នើជាង ៦ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រូនិងសិស្សនៅវិទ្យាល័យសិរីសោភ័ណប្រតិកម្មការតម្រូវឲ្យសិស្សកាត់ឯកសារបែបថ្មី
- ក្រសួងអប់រំប្រកាសលើកពេលបវេសនកាលទៅថ្ងៃទី១វិច្ឆិកា
- រដ្ឋមន្ត្រីក្រសួងអប់រំចូលឆ្លើយសំណួរនៅរដ្ឋសភាជាលើកដំបូង
- ប្រធានការិយាល័យអប់រំស្រុកពួករងការរិះគន់ថាប្រព្រឹត្តអំពើពុករលួយ
- កត្តាធ្វើឲ្យវិទ្យាល័យមិត្តភាពខ្មែរជប៉ុននៅព្រៃវែងមានភាពល្បីល្បាញ
- អង្គការវេទិកាសេដ្ឋកិច្ចពិភពលោកចាត់ចំណាត់ថ្នាក់វិស័យអប់រំកម្ពុជាកម្រិតទាប
- គ្រូបង្រៀនស្នើនាយករដ្ឋមន្ត្រីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុណ្យភ្ជុំបិណ្ឌចំនួន១៥ម៉ឺនរៀល
- គ្រូបង្រៀននៅខេត្តកំពង់ចាមមិនទាន់បើកប្រាក់បន្ថែមម៉ោងចំនួនពីរត្រីមាស
- ក្រសួងអប់រំត្រៀមបើកវេទិកាសាធារណៈដើម្បីលើកស្ទួយវិស័យកីឡាកម្ពុជា