ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃអង្គារ ទី23 កញ្ញា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ជំនឿបួងសួងរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងថ្ងៃភ្ជុំបិណ្ឌ (រូបថត៖ Krishan)
នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យភ្ជំបិណ្ឌ រយៈពេល១៥ថ្ងៃ ប្រជាពលរដ្ឋខ្មែរមិនដែលបំភ្លេចទេ នូវពិធីសែនជូនដំណើរជីដូនជីតាទៅភពរបស់ពួកគាត់វិញ។ នៅក្នុងពិធីនេះ ប្រជាពលរដ្ឋបានធ្វើជាកន្ទោង ឬកាត់ស្រទបចេកចងក្បាល និងកន្ទុយធ្វើជាទូក ដែលមានដាក់សំណែន ដូចជាប្រហុក អំពិល អង្ករ សណ្តែក ល្ងរ និងគ្រឿងសំណែនផ្សេងៗទៀត ដែលដាក់ជាកញ្ចប់តូចៗ និងមានដុតទៀន ធូប ភ្ជាប់ជាមួយការបួងសួងផងនោះ។
ព្រះចៅអធិការវត្តស៊ឹម ពលី និងជាទីប្រឹក្សាផ្ទាល់សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាព្រះគ្រូសិរីវង្សា សុំ សុខា មានថេរដីការបកស្រាយពីដំណើរនៃពិធីសែនជូនដំណើរដូនតាយ៉ាងដូច្នេះថា ពិធីនេះមិនមែនជាពិធីរបស់ព្រះពុធទ្ធសាសនាទេ ហើយក៏មិនមានចែងនៅក្នុងតម្រា ឬព្រះត្រៃយ៍បិតកដែរ។
ព្រះអង្គមានថេរដីការថា វាជាទំនៀមទម្លាប់ប្រពៃណីដែលខ្មែរយើងនិយមធ្វើតៗគ្នាតែប៉ុណ្ណោះ។ ព្រះអង្គមានថេរដីកាថា «តាមពិតទៅប្រពៃណីនេះ មិនមែនជាប្រពៃណីរបស់ព្រះពុទ្ធសាសនាយើង ដែលព្រះពុទ្ធបរម្យគ្រូ ឬក៏មានធម៌វិន័យកន្លែងណាមួយ បញ្ញត្តិឲ្យបរិស័ទ ធ្វើពិធីនោះទេ។ ប៉ុន្តែដោយហេតុថា ពិធីនេះជាពិធីប្រពៃណីខ្មែរយើង ដែលបុរាណកាលលោកពោលថា ពុំអាចខកខានធ្វើពិធី ព្រោះប្រពៃណីធំពេកក្រៃ ទោះក្រលំបាកយ៉ាងណាក្តី លៃធ្វើឲ្យបានលំអានចាស់។ អ៊ីចឹងពិធីនេះជាពិធីលំអានចាស់ ហើយជារបៀបបុរាណ។ តាមពិតទៅនៅក្នុងពិធីភ្ជុំបិណ្ឌខ្មែរយើងមានទស្សនៈថា រយៈកាល១៥ថ្ងៃនេះ គឺលោកយមបាលលោកដោះលែង ព្រលឹងវិញ្ញាណក្ខន្ធញាតការបស់យើងដែលគាត់បានទៅកើតជាប្រេត ជានរក ដោយទុក្ខលំបាកអត់មានអាហារបរិភោគ កន្លះខែហ្នឹងគឺគេបើកផ្លូវឲ្យគាត់បើកផ្លូវឲ្យមករកបងប្អូន ញាតិមិត្ត អ៊ីចឹង គ្រប់ថ្ងៃទី១៥ហ្នឹងគេនឹងនាំគាត់ត្រលប់ទៅវិញហើយ»។
ព្រះតេជគុណ សុំ សុខា បានពន្យល់បន្ថែមថា នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរជួបជុំបងប្អូនញាតិ ធ្វើពីធីសែនព្រេនដូនតា បន្ទាប់ពីនោះ ពួកគេបានយកកន្ទោងដាក់គ្រឿងសំណែន ដុតធូប អុចទាន និងដាក់បណ្តែតតាមទឹក។ ព្រះមានថេរដីកាបន្តថា «ក្រោយពេលដែលគេធ្វើកន្ទោងរួចហើយ ក្នុងនោះគេកាត់នំ ដាក់បាយ អង្ករ បាយស បាយក្រហម ឲ្យល្មមសមគួរកុំឲ្យយើងដាក់ក្នុងទឹកទៅលិច ហើយជីដូនជីតាគាត់ទៅរៀបចំពិធី នៅផ្ទះគាត់រៀបចំបាយទឹក នំអន្សម ហៅជីដូនជីតាជួបជុំគ្នាធ្វើពិធីសែនព្រេន ហើយពាក្យថា ភ្ជុំភ្ជរហ្នឹងមានន័យថា ជួបជុំ ដូច្នេះបងប្អូនកូនចៅទាំងអស់ឈប់សម្រាកពីការងារដើម្បីជួបជុំបងប្អូន ហើយឆ្លៀតឱកាសពេលហ្នឹងគេសែនព្រេនរំឭកដល់ម៉ែឪដែលចែកឋានទៅ រួចយកកន្ទោងនោះទៅបណ្តែតក្នុងទឹក រួចដុតធូប ដុតទានឧទ្ធិសបញ្ជូន ដល់វិញ្ញាណក្ខន្ធរបស់ពួកគាត់ទៅ ហើយឲ្យពួកគាត់ងាកក្រោយថែរក្សាកូនចៅ ឲ្យកូនចៅរកស៊ីត្រជាក់ត្រជុំ ដូចទឹកក្នុងបឹង ឬក្នុងទន្លេអ៊ីចឹង»។

សំពៅដាក់គ្រឿងសំនែន ដែលគេរៀបចំក្នុងវត្តអារាម
អ្នកស្រី ស្រីពៅ នៅរាជធានីភ្នំពេញមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំគាត់តែងតែធ្វើពិធីនេះ តែគាត់មិនសូវដឹងអំពីពិធីនេះនោះទេ គឺធ្វើតាមតែចាស់ៗប្រាប់។ អ្នកស្រីបន្តថា «ចា៎! គេធ្វើតើ នៅពេលភ្ជុំថ្ងៃហ្នឹងអ៊ីចឹង ស្អែកឡើងគេនាំគ្នាទៅបណ្តែតដូនតា ដើម្បីជូនដំណើរគាត់ឲ្យត្រលប់ទៅកន្លែងគាត់ចាស់វិញ។ គេមានដាក់អង្ករ សណ្តែក អំបិល ល្ងរ នំអន្សម កាត់កង់ៗ ដុតទាន បណ្តែតទូកជូនដំណើរគាត់ឲ្យគាត់ត្រលប់ទៅវិញ ឲ្យគាត់មានចិត្តសប្បាយរីករាយជាមួយកូនចៅ»។
សម្រាប់លោក មាស លី ដែលជាអាចារ្យវត្តរតនៈរង្សី នៅខេត្តកំពង់ចាម មានប្រសាសន៍ថា ប្រជាពលរដ្ឋតែងតែធ្វើពិធីនេះគ្រប់ៗគ្នា ដោយសារពួកគេមានជំនឿថា នៅថ្ងៃបញ្ចប់នេះជីដូនជីតា ដែលបានមកជួបជុំកូនចៅនឹងត្រលប់ទៅភពរបស់ពួកគាត់វិញ។ លោកបញ្ជាក់ថា «ភ្ជុំហើយ ថ្ងៃ១រោចហៅថា ថ្ងៃឆ្លង បុរាណពីដើមធ្វើជាកន្ទោង រូបទូក លោកដាក់អន្សម នំគម នំបត់ កំពង មានទានធូប មានទង់ជ័យ ទង់ជ្រុង បណ្តែតទៅតាមស្រះ បើមានទន្លេបណ្តែតតាមទន្លេ សំដៅទៅយកព្រះជង្គង់កែវនៅក្នុងឋាននាគ ដើម្បីអនិសង្ឃនៃការជូនកុសល ពពួកនៃប្រេតទាំងឡាយ ជូនកុសលដល់មាតាបិតាទាំងឡាយផង ដល់ព្រះជង្គង់កែវផងដែលឋិតនៅឯឋានភុជង្គនាគឯណោះ»។
បើទោះជាយ៉ាងណា ព្រះតេជគុណ សុំ សុខា បានពន្យល់បន្ថែមថា ពីធីនេះជាពិធីបែបព្រហ្មញ្ញសាសនា ទើបភាគច្រើនប្រជាពលរដ្ឋជ្រើសរើសយកពេលរសៀលដើម្បីធ្វើពិធីបណ្តែតកន្ទោងនេះ។ ព្រះអង្គមានថេរដីកាថា «ព្រោះពិធីសែន ពិធីព្រេននេះ មិនមែនជាពិធីកាន់របស់ព្រះពុទ្ធសាសនាទេ គឺជាពិធីកាន់របស់ព្រហ្មសាសនា។ ខ្មែរយើងពីដើមគាត់បានគោរពទៅលើអាទិទេព ទៅលើព្រហ្មសាសនា តែក្រោយមកគឺត្រឹមពុទ្ធសករាជ២៣៤នេះទេ ដែលមានព្រះពុទ្ធសាសនាហូរចូលស្រុកខ្មែរមក ខ្មែរយើងក៏មិនអាចកាត់ផ្តាច់នូវព្រហ្មសាសនាទេ ថ្វីត្បិតតែគាត់បានកាន់ព្រះពុទ្ធសាសនាមែន តែមានចំណុចខ្លះគឺយើងនូវច្របាច់បញ្ចូលគ្នាទាំងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងអត្តចរិត ទើបយើងអាចរស់នៅជាមួយគ្នាបាន»។
ពិធីសែនជូនដំណើរដូនតា ជាពិធីចុងក្រោយបន្ទាប់ពីប្រជាពលរដ្ឋខ្មែរ បានធ្វើបុណ្យដាក់បិណ្ឌ នៅតាមវត្តអារាមនានារយៈពេល១៥ថ្ងៃ។ ពិធីនេះពួកគេមានជំនឿថា ជីដូនជីតាដែលបានចែកឋានទៅ បានធ្លាក់ខ្លួនកើតជាប្រេត យមបាលបានដោះលែង និងត្រូវត្រឡប់ទៅពិភពរបស់ពួកគាត់វិញ ដូច្នេះទើបពួកគេធ្វើពិធីជូនដំណើរ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com