ដោយ៖ ពៅ មេត្តា
ថ្ងៃពុធ ទី24 កញ្ញា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ពិធីរាប់បាត្រ ក្នុងថ្ងៃកាន់បិណ្ឌ (រូបថត៖ Krishan)
រដូវភ្ជុំបិណ្ឌ ជាពិធីបុណ្យធំមួយក្នុងចំណោមបុណ្យធំផ្សេងៗទៀត របស់ប្រជា ពលរដ្ឋខ្មែរ។ ចាប់ពីថ្ងៃ១រោជដល់១៥ រោជខែភទ្របទ ជារៀងរាល់ឆ្នាំ នៅគ្រប់វត្តអារាមទូទាំងប្រទេសមានជាង៤០០០ពាន់(បួនពាន់) ត្រូវបានគេប្រារព្ធពិធីបុណ្យនេះ។
ការចំណាយពេលវេលា និងទ្រព្យសម្បត្តិដើម្បីធ្វើបុណ្យនេះ ដោយពួកគេមានការរំពឹងថា ផលបុណ្យមួយចំណែកអាចឧទ្ទិសដល់ញាតិសន្តានដែលស្លាប់ទៅ ឯមួយវិញទៀតក៏សុំសេចក្តីសុខខ្លួនឯងផងដែរ។
អ្នកស្រី ស្រី ពៅ ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និយាយថាពេលដែលគាត់រាប់បាត្រ ឬប្រគេនចង្ហាន់ដល់ព្រះសង្ឃ គាត់តែងរំឭកដល់ឈ្មោះសាច់ញាតិដែលបានស្លាប់ទៅ។ ការធ្វើបែបនេះ ដោយសារអ្នកស្រីជឿថា បើមិនរំឭកឈ្មោះទេនោះ សាច់ញាតិមិនបានទទួលកុសលផលបុណ្យឡើយ។ អ្នកស្រីបញ្ជាក់ថា «នៅពេលដែលយើងរាប់បាត្រ រាប់អីអ៊ីចឹង យើងត្រូងយកចង្ហាន់ហ្នឹងទៅប្រគេនលោក ដើម្បីឲ្យលោកឧទ្ទិសកុសលទៅដល់ដូនតា ហើយយើងហ្នឹងក៏ពេលរាប់បាត្រហ្នឹងក៏យើងនិយាយដែរ យើងហៅឈ្មោះអ្នកដែលបានចែកឋានទៅ ទាំងអម្បាលម៉ាន ឬក៏ញាតិការទាំង៧សន្តានអ៊ីចឹងណា។ បើសិនជាអត់បានរំឭកឈ្មោះគាត់ អត់បានហៅគាត់ ខ្ញុំឮចាស់ៗនិយាយថា គាត់អត់បានមកទទួលទេ ទោះបីគាត់មកទទួលក៏ទទួលអត់បានដែរព្រោះអត់មានឈ្មោះគាត់»។
មានក្បួនគម្ពីរជាច្រើន ដែលបានសរសេររៀបរាប់ពីទំនាក់ទំនងផលបុណ្យបាបពីមនុស្សនៅរស់ និងអ្នកដែលបានស្លាប់ទៅ ដូចជាទានកថា អនុបុព្វីធថាទាំង៥ បទានុសូត្រ និងគម្ពីរអវិច្ច័យចនៈកម្មជាដើម។
លោកអាចារ្យនៅវត្តរតនៈរង្ស៊ី ស្រុកកោះសុទិន ខេត្តកំពង់ចាម ជាអ្នកធ្លាប់បានសិក្សាលើគម្ពីរដីកាជាច្រើនគឺ លោក មាស លី ពន្យល់ថាកាលណាសាច់ញាតិឧទ្ទិសឬហៅឈ្មោះ នោះប្រេតនឹងអាចមកទទួលយកផលបុណ្យក្នុងឱកាសរដូវភ្ជុំបិណ្ឌបាន។ លោកបន្តថា «ជាអនិសង្ឃពីការកាន់បិណ្ឌមាន ហេតុដូចទៅទីមួយ បុព្វការីជនទាំងឡាយដែលបានលះលោកនេះ ទៅកាន់លោក បានដល់ប្រេតម្យ៉ាងហៅថា បរប្រេតូបជីវីកតែត ប្រេតហ្នឹងរស់ដោយសារអ្នកដទៃគេឲ្យ វាមានកូនមានចៅ មានបង មានប្អូនឧទ្ទិសជូនចំពោះមុខទៅ»។
ប៉ុន្តែលោកអាចារ្យ មាស លី បានបញ្ជាក់ទៀតថា ផលបុណ្យដែលពលរដ្ឋធ្វើនេះ មិនមែនបានតែ អ្នកដែលស្លាប់នោះទេ អ្នកដែលនៅរស់ក៏បានទទួលដែរ។ លោកបញ្ជាក់យ៉ាងដូចនេះថា «ដូចជាយើងសរសេរសំបុត្រមួយទៅសហរដ្ឋអាមេរិក អត់មានអាឌ្រេស(Address) អត់មានអាស័យដ្ឋានអីត្រឹមត្រូវ គេតែងសរសេរផ្ញើមកវិញហើយ ថាសំបុត្រនេះយើងមិនអាចរកឃើញ បានមកដល់អ្នកសរសេរវិញ យ៉ាងណាមិញ បុណ្យកុសលដែលយើងបានបំពេញ បានធ្លាក់ត្រលប់មកខ្លួនវិញហើយ»។

វត្តនៅតាមស្រុកស្រែជនបទ ប្រជាពលរដ្ឋចែក១៤វេណ ដើម្បីដាក់បិណ្ឌ។ សមាជិកវេននីមួយៗ នាំគ្នាសម្រាកនៅវត្តមួយយប់នៃយប់ចាប់ផ្តើម ដើម្បីរៀបចំគ្រឿងសក្ការៈ និងម្ហូបអាហារ។ សម្រាប់នៅទីក្រុង ឬទីប្រជុំជនវិញ ក៏គេចែកជាវេនដែរ តែពុទ្ធបរិស័ទធ្វើម្ហូបអាហាររៀងៗខ្លួនយកទៅវត្តតែម្តង។ ដោយសារភាពមមាញឹកនឹងការងារ ប្រជាពលរដ្ឋនៅទីក្រុងភាគច្រើននិយមទៅវត្ត តែថ្ងៃ សៅរ៍ ឬថ្ងៃអាទិត្យ ដោយមិនប្រកាន់វេនឡើយ ព្រោះជាពេលទំនេរពីការងារ ឬការសិក្សា។
ព្រះចៅអធិការវត្ត សុគន្ធារាម ហៅវត្តស្គន់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រះតេជគុណ សយ សំអុល មានសង្ឃដីកាថា ឆ្នាំនេះមានពុទ្ធបរិស័ទធ្វើបុណ្យច្រើនដូចឆ្នាំមុនៗដែរ។ ព្រះអង្គមានសង្ឃដីកាបន្តថា ការធ្វើបុណ្យនាំមកនូវសេចក្តីសុខ។ ព្រះអង្គមានថេរដីកាថា «ពរ! នេះការប្រព្រឹត្តនូវសេចក្តីល្អ វានាំឲ្យខុស ព្រោះព្រះពុទ្ធលោកទ្រង់ សម្តែងហើយ ថាសុខោពញ្ញាតឧតយោ កាសន្សំនូវបុណ្យជាហេតុនាំមកនូវសេចក្តីសុខ កាលណាយើងប្រាសចាកនូវបុណ្យ ប្រាសចាកនូវសុចរិតហើយ វានាំមកនូវសេចក្តីទុក្ខហើយ»។
រៀបរាប់ដល់ចំណុចថា គ្រប់សត្វលោកសុទ្ទតែប្រាថ្នាចង់បានសេចក្តីសុខនោះ ព្រះតេជគុណ សយ សំអុល ក្រើនរំឭកថា ទន្ទឹមនឹងការប្រាថ្នាបួងសួង គឺត្រូវមានការប្រព្រឹត្តឲ្យត្រឹមត្រូវផងដែរ ទើបទទួលបានសេចក្តីសុខពិតប្រាកដ។ ព្រះអង្គមានសង្ឃដីកាថា «អ៊ីចឹងបើចង់ចម្រើននូវជីវិតរបស់យើង មានការបំពេញនូវសេចក្តីល្អ ទោះបីយើងបំពេញមុខរបរចិញ្ចឹមជីវិតយ៉ាងណា ក៏យើងធ្វើដោយត្រង់ទៅ អាហ្នឹងសេចក្តីសុខរបស់យើង ស្របពេលបានមកហ្នឹងវា អត់មានខូចចិត្ត។ កាលណាទ្រព្យបានមកដោយ ទុច្ចរិត បានមកដោយអំពើអាក្រកហ្នឹង ទ្រព្យហ្នឹងវាអត់បានសេចក្តីសុខប៉ុន្មានទេ»។
ការលើកឡើងថា សេចក្តីសុខ ឬទុក្ខផ្អែកលើសកម្មភាពផ្ទាល់ខ្លួននោះ ស្របនឹងពុទ្ធភាសិតមួយពោលថា អត្តាហិ អត្តនោ នាថោ គឺមានន័យថា ខ្លួនទីពឹងខ្លួន។ តាមសុភាសិតនេះ ព្រះពុទ្ធចង់ក្រើនរំឭក ដល់ពុទ្ធបរិស័ទទាំងអស់ ត្រូវពឹងផ្អែកលើសកម្មភាពផ្ទាល់ខ្លួនដើម្បីសម្រេចបំណងនៃជីវិត គឺមិនមានអាទិទេព ឬមនុស្សណាមកជួយយើងឡើយ ប្រសិនយើងមិនជួយខ្លួនឯងនោះទេ។
ជាការពិតណាស់ បើនិយាយថា សុខទុក្ខអាស្រ័យខ្លួនឯងគឺជាក់ស្តែង មិនមាន អ្នកណាម្នាក់អាចជួយធ្វើបុណ្យជំនួសមនុស្សម្នាក់ទៀតបានទេ។ ម្យ៉ាងទៀតការប្រកបរបរចិញ្ចឹមជីវិត គឺម្នាក់ៗត្រូវមានការប្រឹងប្រែងទើបទទួលបានផល ហើយសម្រាបការ បើកបរនៅលើដងផ្លូវនោះទៀតសោតគឺបុគ្គលៗត្រូវមានការប្រុងប្រយ័ត្ន ដោយស្មារតីខ្ពស់ដោយខ្លួនឯង ទើបទទួលបានសេចក្តីសុខ។
អាចារ្យវត្តកោះទាវ នៅស្រុកកោះធំ ខេត្តកណ្តាល លោក សំ អឿន មានប្រសាសន៍ថា ពុទ្ធបរិស័ទនៅទីនោះ ធ្វើបុណ្យភ្ជុំបិណ្ឌ ក៏មានបំណងឧទ្ទិសកុសលផលបុណ្យដល់ជីដូនជីតាដែលស្លាប់ទៅ ដូចប្រជាពលរដ្ឋនៅតំបន់ផ្សេងៗទៀតដែរ។ តែលោកអាចារ្យរូបនេះ បញ្ជាក់ថា ដើម្បីឲ្យឧទ្ធិសផលបុណ្យបាន លុះត្រាតែការប្រតិបត្តិនោះបានត្រឹមត្រូវ។ លោកបញ្ជាក់ថា «ការដែលភ្ជុំបិណ្ឌនេះ ដើម្បីឧទ្ទិសកុសលជួនដល់បុព្វការីជនរបស់យើង ដែលបានចែកឋាន ដែលបានរំលាយខណ្ឌទៅកាន់បរលោកខាងមុខ ដើម្បីទទួលបាន ដើម្បីទទួលបានភោគផលចំណែក ដែលកូនចៅបានធ្វើក្នុងឱកាសនេះ អ្នកដែលធ្វើបុណ្យនេះគឺថា យើងតាំងចិត្តឲ្យមានសណ្តាប់ធ្នាប់ ល្អសមរម្យ ដែលជាអ្នកកាន់នូវព្រះពុទ្ធសាសនា គឺថាក្នុងការ រាប់បាត្រចង្ហាន់ប្រគេនព្រះសង្ឃ ឬក៏ឧទ្ទិសកុសលជូនដល់បុព្វការីជន យើងថាដូចជាដាក់បាយបិណ្ឌ ទៅតាមទំនៀមទំលាប់»។
បើតាមឯកសារប្រវត្តិសាស្ត្រនានា បានគត់ត្រាថា បុណ្យភ្ជុំបិណ្ឌបានប្រារព្ធជាផ្លូវការនៅកម្ពុជា តាំងពីសម័យព្រះបាទអង្គឌួងមកម្លេះ។ ប្រណៃនេះត្រូវបានប្រជាពលរដ្ឋខ្មែរដែលមានចំនួនពី៨៥ ទៅ៩០% ជំនឿលើព្រះពុទ្ធសាសនានោះ ស្រលាញ់ចូលចិត្ត និង គោរពប្រតិបត្តិរហូតដល់បច្ចុប្បន្ន៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com