ដោយ អ៊ុក សាវបូរី
2014-09-24
RFA
របាយការណ៍របស់ក្រសួងមហាផ្ទៃ អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៤ បង្កឲ្យមានអ្នកស្លាប់ ចំនួន៤៩នាក់ និងរបួសធ្ងន់ចំនួន៣០៥នាក់។
តួលេខនេះ បង្ហាញថាគ្រោះថ្នាក់ចរាចរ ចំនួនអ្នករងគ្រោះថ្នាក់ក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ គឺមានចំនួនច្រើនជាងឆ្នាំមុន។ ក្នុងនោះអ្នកស្លាប់ កើន២១នាក់ ឯអ្នករបួសធ្ងន់ កើន៧៨នាក់។
របាយការណ៍ដែលផ្សព្វផ្សាយតាមគេហទំព័ររបស់ក្រសួងមហាផ្ទៃ បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស ក្នុងរយៈពេល០៥ថ្ងៃ ចាប់ពីបុណ្យកាន់បិណ្ឌទី១២ ទៅដល់ថ្ងៃភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរ កើតឡើងចំនួន៥៣ករណី និងបណ្ដាលអោយចំនួនអ្នកស្លាប់ និងរបួស បានកើនឡើងដោយប្រៀបធៀប រយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៣។
របាយការណ៍នោះបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងជាង៥០លើកនេះ គឺបណ្ដាលឲ្យអ្នកស្លាប់ មនុស្ស៤៩នាក់ (ស្រី០៥នាក់)។ អ្នករបួសសរុប ៣០៥នាក់ (ស្រី៧៩នាក់) ក្នុងនោះរងរបួសធ្ងន់ ១៨៩នាក់ (ស្រី៤៣នាក់)។ មូលហេតុ បង្កឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន មិនគោរពសិទ្ធអាទិភាព មិនប្រកាន់ស្ដាំ បើកបរប្រជែងគ្រោះថ្នាក់ ស្រវឹង សុខភាព ងងុយដេក ជាដើម។ របាយការណ៍ នោះកត់សម្គាល់ខេត្ត ដែលមានគ្រោះថ្នាក់ និងអ្នករងគ្រោះច្រើន គឺខេត្តពោធិសាត់ ស្លាប់០៨នាក់ ខេត្តកណ្ដាល ស្លាប់ ០៧នាក់ ខេត្តព្រៃវែង ស្លាប់ ០៥នាក់ខេត្តកំពង់ធំ ស្លាប់ ០៥នាក់ ខេត្តតាកែវ ស្លាប់០៣នាក់ រងរបួស ១៩នាក់។ គ្រោះថ្នាក់ចរាចរណ៍៥ថ្ងៃនេះ បណ្ដាលឲ្យខូចខាត ម៉ូតូ ១៧១គ្រឿង រថយន្តធុនស្រាល ៤១គ្រឿង រថយន្តធុនធ្ងន់ ០៧គ្រឿង និងយានផ្សេងៗ ១៤គ្រឿង។
ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ លោក ហ៊ិម យ៉ាន មានប្រសាសន៍ថាតែក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃកាន់បិណ្ឌទី១៤ និងថ្ងៃភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស មានមនុស្សចំនួន២៣នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ១០៨នាក់៖ «នៅប្រហែលជា ម៉ោង៧យប់អី គឺកំពុងតែបូក»។
ចំណែករបាយការណ៍របស់មន្ត្រីប៉ូលិសខេត្តកណ្ដាល គិតចាប់ពីថ្ងៃដាក់បិណ្ឌ០១ គឺថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ មានមនុស្សស្លាប់ ៣០ នាក់ របួស ៣៤ នាក់ ខូចរថយន្ត ០៩គ្រឿង ម៉ូតូ ២៣ គ្រឿង និងឆេះផ្ទះមួយខ្នង។
ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ លោក ហ៊ិម យ៉ាន មានប្រសាសន៍ថារបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសកម្ពុជា ក្នុងពិធីបុណ្យកាន់បិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ មិនទាន់បូកសរុប ចប់នៅឡើយ។
ចំពោះបញ្ហាសន្តិសុខវិញ នៅខេត្តព្រៃវែង មានករណីប្រើអាវុធបាញ់ ក្នុងវត្តអ្នកលឿងក្រោម កាលពីយប់ ថ្ងៃ២៣ខែកញ្ញា មានមនុស្សរងរបួស។ មន្ត្រីប៉ូលិស ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង លោក ជួន សៀម ថ្លែងថា កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន និងស្នងការដ្ឋានខេត្តព្រៃវែង៖ «របួសម្នាក់ គឺរបួសត្រូវគ្រាប់កាំភ្លើងគឺមានម្នាក់។ វាឃាត់មិនបាន មកពីក្មេងៗ វាប្រទូសរ៉ាយ ហើយដល់ពេលមានកាំភ្លើង មានអី យើងជាសមត្ថកិច្ច មានកាំភ្លើងដូចគ្នា យើងត្រូវគេចចេញសិន ព្រោះខ្លាចមានរឿង។ ឥឡូវ ខ្ញុំកំពុងតែធ្វើឯកសារនឹង»។
គេហទំព័រ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ ពាក់ព័ន្ធបញ្ហាសន្តិសុខសង្គម មានករណីហិង្សាដោយចេតនា នៅសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញ ខណៈជនរងគ្រោះឈ្មោះ គង់ ប៊ុននី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាព្រុំ ឃុំព្រែកឯង ខណ្ឌច្បារអំពៅ កំពុងជិះម៉ូតូ តាមផ្លូវព្រះមុនីវង្ស ត្រូវជនសង្ស័យចំនួន ០៦នាក់ ជិះម៉ូតូ ០២គ្រឿង កាប់ពីក្រោយ បណ្ដាលឲ្យរបួសក្បាល ផ្នែកខាងឆ្វេង ធ្ងន់។ នៅថ្ងៃ២៣ ខែកញ្ញាដែរ ករណីប្រច័ណ្ឌ គឺប្ដីប្រើកាំបិតចិតបន្លែ ចាក់សម្លាប់ប្រពន្ធ នៅឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង៕
