ពលរដ្ឋ​ខេត្ត​កំពង់ចាម​ទាមទារ​ឲ្យ​មាន​ការ​ជ្រើសរើស​មេភូមិ​ថ្មី​ចេញ​ពី​ពលរដ្ឋ​ភាគច្រើន

ដោយ សូត សុខប្រាថ្នា
2014-09-24
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នឹង​នាំគ្នា​ឡើង​ទៅ​សាលាស្រុក នៅ​ថ្ងៃ​ទី ២៥ កញ្ញា ដើម្បី​ទាម​ឱ្យ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​ជុំវិញ​ការ​ជ្រើសរើស​មេភូមិ​ថ្មី។ មេភូមិ​ដែល​ជ្រើសរើស​ការ​ពី​ពេល​កន្លងទៅ គឺ​ជ្រើសរើស​ឡើង​ដោយ​អាជ្ញាធរ​ឃុំ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា មិន​បាន​ដឹងឮ​និង​មិន​ពេញចិត្ត​នោះ​ឡើយ។ ចំណែក​អាជ្ញាធរ​បញ្ជាក់​ថា ការ​តវ៉ា​នោះ គឺ​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​អាជ្ញាធរ​ឃុំ​ធ្វើតាម​នីតិវិធី។

ពលរដ្ឋ​នៅ​ក្នុង​ភូមិ​កេះ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ជាច្រើន​នាក់​តំណាង​អោយ​ពលរដ្ឋ​ជិត​១​រយ​គ្រួសារ នឹង​នាំគ្នា​ទៅ​សុំ​កិច្ច​អន្តរាគមន៍​នៅមុខ​សាលាស្រុក ដើម្បី​ឱ្យ​មានការ​ផ្លាស់​ប្តូរ​មេភូមិ​ថ្មី ដោយមាន​ការបោះឆ្នោត​ត្រឹមត្រូវ​និង​យល់ព្រម​ពី​ពលរដ្ឋ​នៅ​ក្នុង​ភូមិភាគ​ច្រើន មិនមែន​ធ្វើឡើង​ដោយ​ស្ងាត់ៗ​នោះ​ឡើយ​។

ពលរដ្ឋ​នៅ​ភូមិ​កេះ​ម្នាក់​លោក យឿន យឿង ឱ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ប្រមាណ​ជា ៩០​ភាគរយ បាន​ស្រុះស្រួល​គ្នា​ថា​នឹង​ឡើង​ទៅ​ទាមទារ​ឱ្យ​អាជ្ញាធរ​ស្រុក​សម្រេច ជ្រើសរើស​មេភូមិ​ជាថ្មី។ ការ​ទាមទារ​ដូចនេះ​ព្រោះ ពលរដ្ឋ​ភាគច្រើន​នៅ​ក្នុង​ភូមិ​មិនបាន​ទទួលស្គាល់ មេភូមិ​ថ្មី ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ជ្រើសរើស កាលពី​ខែ​សីហា បន្ទាប់ពី​មេភូមិ​ចាស់​ស្លាប់​នោះ៖ «បង​!​កាលពី​មេភូមិ​គាត់​ជ្រើសរើស​ហ្នឹង​គាត់​សូម្បីតែ​លោក​អនុ​ភូមិ​ក៏​គាត់​អត់​ប្រាប់​ដែរ។ ឧទាហរណ៍​ថា​គាត់​បោះឆ្នោត​ថ្ងៃ​ហ្នឹង​គាត់​និយាយ​ថា លោក​អនុ​ភូមិ​ទៅ​ទទួល​ឈ្មោះ​បោះឆ្នោត​ជាមួយ​អ្នក​ដែល​គេ​ជ្រើសរើស​ដាក់​ថ្មី​ហ្នឹង ហើយ​គាត់​ក៏​ទៅ​តក់ក្រហល់។ ពេល​ទៅ​ដល់​ហ្នឹង​គាត់​រៀបចំ​បោះ​ឈ្មោះ​គាត់​ហើយ​នឹង​អនុភូមិ និង​សមាជិក។ ដល់​ពេល​បោះ​ទៅ​គឺ​អត់​ឈ្នះ​បុគ្គល​ហ្នឹង​ទេ​បង។ ក្រុមប្រឹក្សា​គេ​ហ្នឹង​គឺ​គេ​រៀបចំ​ឱ្យ​គេ​ឈ្នះ​តា​ម្ដង​បង ប៉ុន្តែ​គ្រាន់​តែ​គេ​ធ្វើ​ឱ្យ​អនុ​ភូមិ​អស់ចិត្ត»

កាល​ពី​ចុងខែ​សីហា អាជ្ញាធរ​ឃុំ​មៀន បាន​បោះឆ្នោត​ជ្រើសរើស​មេភូមិ​ថ្មី បន្ទាប់ពី​មេភូមិ​ចាស់​ស្លាប់ ក្រោយមក​ក៏​មាន​ពលរដ្ឋ​នៅ​ក្នុង​ភូមិ ជាង​១​រយ​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​បញ្ជូន​ទៅ​អាជ្ញាធរ​ឃុំ ដោយ​បដិសេធ​ទៅ​នឹង​ការសម្រេច​នោះ ប៉ុន្តែ​ស្នា​មមៃ​ដៃ​របស់​ពួកគាត់​គ្មាន​ប្រសិទ្ធភាព​ទេ ដោយ​មេឃុំ​អះអាង​ថា​ពួកគាត់​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់។

មេឃុំ​មៀន លោក អ៊ុន តារា មានប្រសាសន៍​នៅ​ថ្ងៃ​ទី ២៤ កញ្ញា​ថា ខាង​លោក​ក៏បាន​ទទួល​ដំណឹង​ថា​មាន​ពលរដ្ឋ​គ្រោង​នឹង​ទៅ​តវ៉ា​នៅ​សាលាស្រុក​ជុំវិញ​បញ្ហា​នេះ​ដែរ។ លោក​បញ្ជាក់​ថា​ការ​តវ៉ា​ណាមួយ​នោះ គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ប៉ុន្តែ​ប្រហែល ជា​មិន​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ការសម្រេច​ជ្រើសរើស​មេភូមិ​ថ្មី ធ្វើឡើង​យ៉ាង​ត្រឹមត្រូវ តាម​ផ្លូវ​ច្បាប់។ ចំណែក​អ្នក​សកម្ម​ទាមទារ​ឱ្យ​ជ្រើសរើស​មេភូមិ​ថ្មី​នោះ អាច​ជា​អ្នក​ដែល​មាន​មហិច្ឆតា​ចង់​ធ្វើ​មេភូមិ​ទៅវិញ​ទេ៖ «ប្រហែល ជា​ច្បាប់​មិន​អាច​កែប្រែ​បានទេ​ព្រោះ​ភូមិ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​ឃុំ​ក្នុង​អាណត្តិ។ បោះឆ្នោត​ថា​មាន​ប្រាំបួន​គេ​បោះ​ប្រាំបួន​សន្លឹក​មិន​អាច​បោះ​ដោយ​ប្រជាពលរដ្ឋ​បានទេ»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម​លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​គឺ​ពិតជា​អាច​មាន​ប្រសិទ្ធភាព ពីព្រោះ​នេះ​ជា​ប្រតិកម្ម​របស់​ម្ចាស់​ឆ្នោត។ ចំណែក​អាជ្ញាធរ​ឃុំ គឺ​កើត​ចេញ​ពី​ពលរដ្ឋ ដូច្នេះ​ធ្វើ​អ្វី​គប្បី​តម្រូវ​ទៅតាម​សេចក្ដី​ត្រូវ​ការ​របស់​ពួកគាត់ មិនមែន​សម្រាប់​តែ​អាជ្ញាធរ​ខ្លួន​នោះ​ទេ៖ «ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព។ យើង​ត្រូវ​ដឹង​ថា​ច្បាប់​ដែល​និយាយ​ពី​ការគ្រប់គ្រង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ គឺ​វា​កើតឡើង​ពី​រាស្ត្រ​ទេ។ នៅ​ពេល​រាស្ត្រ​ទាមទារ​គឺ​ត្រូវ​ធ្វើ​តាម​រាស្ត្រ។ មិនមែន​អត់​ប្រសិទ្ធភាព​ទេ ការ​ទាមទារ​នេះ​គឺ​មាន​ប្រសិទ្ធភាព​បំផុត ព្រោះ​អី​វា​ជា​ការ​ទាមទារ​ផ្ទាល់​ពី​ម្ចាស់​ឆ្នោត អា​រឿង​ច្បាប់​ហ្នឹង​នៅ​ពេល​អត់​មានការ​ទាមទារ​គឺ​អនុវត្ត​តាម​ច្បាប់​ទៅ ប៉ុន្តែ​ប្រសិនបើ​មានការ​ទាមទារ​វា​គួរតែ​ធ្វើតាម​ម្ចាស់​ឆ្នោត វា​មិនមែន​ឱ្យ​អាជ្ញាធរ​ឃុំ​ហ្នឹង​ទៅ​ប្រឆាំង​នឹង​ម្ចាស់​ឆ្នោត​ទេ!»

លោក​បន្ថែម​ថា​ប្រសិនបើ​មេភូមិ​ដែល​កាន់​ដំណែង មាន​ការ​មិន​ពេញចិត្ត​ពី​ពលរដ្ឋ​ភាគច្រើន គឺ​អាច​ធ្វើ​ឱ្យ​មាន​ការ​រាំង​ស្ទះ ក្នុង​ការ​អភិវឌ្ឍន៍​ក្នុង​ភូមិ និង​អាច​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​គ្នា​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles