ដោយ៖ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តមានស្ថានភាពល្អប្រសើរ ស្របពេលភាពតានតឹងផ្នែកនយោបាយបានធូរស្រាល។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៥ខែកញ្ញានេះ ឲ្យដឹងថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ស្ថិតក្នុងអត្រា៧ភាគរយ សម្រាប់ឆ្នាំ២០១៤ និង៧,៣ភាគរយក្នុងឆ្នាំ២០១៥។ ADB បន្តថាការ នាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង មានការកើនឡើង១៤,៥ភាគរយ រហូតដល់តម្លៃ២៨០០លានដុល្លារ នៅក្នុងឆមាសទី១នៃឆ្នាំ២០១៤ បើប្រៀបធៀបជាមួយកំណើន១៧ភាគរយក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។កំណើននៃការនាំចេញទំនិញជារួមមានការថមថយមកនៅ២០ភាគរយ ពី២៧ភាគរយ នៅក្នុងរយៈពេលដូចគ្នានេះ។កំណើននៃការនាំចូលថយចុះមកនៅ៦,៧ភាគរយពី២៤,៧ភាគរយ។
ទាក់ទងនឹងវិស័យទេសចរណ៍វិញ ADBឲ្យដឹងថាចំនួនភ្ញៀវទេសចរមកកាន់កម្ពុជា កើនឡើង៥,២ភាគរយ ដល់២,២លាននាក់ចាប់ពីខែមករា មកដល់ខែមិថុនា បើធៀបជាមួយកំណើន១៩,១ភាគរយនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៣។
ចំណែកកំណើននៃការផ្តល់ឥណទានដល់វិស័យឯកជនមានអត្រា១២ភាគរយនៅក្នុងខែមិថុនា ធៀបនឹងឆ្នាំមុន ពោលគឺស្ថិតនៅក្រោមអត្រាកំណើនកាលពីឆ្នាំកន្លងទៅ។
អតិផរណាត្រូវបានព្យាករថាមានកម្រិតខ្ពស់ជាងកម្រិតដែលរំពឹងទុកកន្លងមក ដោយសារតែតម្លៃស្បៀងអាហារខ្ពស់ជាងមុន និងការរឹតបន្តឹងការប្រមូលពន្ធគយ កាលពីចុងឆ្នាំ២០១៣ ដែលមួយផ្នែកជាសម្ពាធធ្វើឲ្យតម្លៃទំនិញនាំចូលមានការកើនឡើង។ADBរំពឹងថាអតិផរណាមានកម្រិត៤,៤ភាគរយនៅក្នុងឆ្នាំ២០១៤ និង៤ភាគរយនៅក្នុងឆ្នាំ២០១៤។
លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់របស់ADBមានប្រសាសន៍ថា«សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងនឹងនៅតែបន្តមានស្ថានភាពល្អប្រសើរនៅក្នុងរយៈពេល២ឆ្នាំបន្ទាប់ ដែលជាការឆ្លុះបញ្ចាំងពីកំណើនស្ថិរភាពនយោបាយ និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រាកដដោយស្ថិរភាព ដែលគួរជាកត្តាជំរុញឲ្យវិនិយោគិនកាន់តែមានទំនុកចិត្តបន្ថែមទៀត»៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com