ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃពុធ ទី8 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ការពិភាក្សាស្តីពីការដំឡើងប្រាក់ខែគោល របស់ក្រុមសហជីព នាពេលកន្លងមក (រូបដោយ៖ khrishan)
បណ្តាសហជីពស្នើសុំជួបរដ្ឋមន្ត្រីក្រសួងការងារ ដោយលើកឡើងថារដ្ឋមន្រ្តីជាមនុស្សដែលមានឥទ្ធិពលក្នុងការដោះស្រាយការចរចាប្រាក់ឈ្នួលកម្មករក្នុងពេលខាងមុខ។
អនុប្រធានគណៈកម្មការប្រឹក្សាការងារ លោក ជួន មុំថុល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤បានដាក់លិខិតមួយច្បាប់ជូនរដ្ឋមន្រ្តីក្រសួងការងារ លោក អុិត សំហេង ដើម្បីសុំឲ្យសហជីពចំនួន៨ចូលជួបពិគ្រោះយោបល់ពីបញ្ហាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៥ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ខាងមុខ។
លិខិតនោះឲ្យដឹងថា ការសុំជួបពិភាក្សានេះ ដោយសារសហជីពទាំង៨ពុំដែលបានជ្រាបពីការពិភាក្សាដំឡើងប្រាក់ឈ្នួលអប្បបរមានោះ ហើយចង់ចូលរួមពិភាក្សា ។
លិខិតបន្តថា ដោយសារសហជីពមិនមែនជាសមាជិកCCNU និង CLC ដូច្នេះព័ត៌មានទាំងឡាយពាក់ព័ន្ធនឹងការចរចាប្រាក់ឈ្នួលហាក់ដូចជាកាត់ផ្តាច់។
ពាក់ព័ន្ធនឹងការដាក់លិខិតស្នើសុំជួបពិភាក្សាទៅកាន់រដ្ឋមន្រ្តីក្រសួងការងារនេះ ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា យល់ថា ប្រសិនជារដ្ឋមន្រ្តីក្រសួងការងារអនុញ្ញាតឲ្យចូលជួប សហជីពនឹងលើកឡើងពីបញ្ហាប្រាក់ឈ្នួលជាចម្បងដើម្បីពិភាក្សា និងលើកឡើងពីតួលេខណាមួយបង្ហាញពីជំហរក្នុងការដោះស្រាយប្រាក់ឈ្នួលនេះឲ្យបានឆាប់កុំឲ្យមានការអូសបន្លាយតទៅទៀត។
ទោះជាយ៉ាងណាលោកថា សហជីពមិនទាន់ទទួលបានលិខិតឆ្លើយតបផ្លូវការណាមួយពីក្រសួងការងារនៅឡើយទេ តែបើតាមព័ត៌មានក្រៅផ្លូវការរដ្ឋមន្រ្តីបានអនុញ្ញាតឲ្យសហជីពចូលជួបនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ តាមការស្នើសុំ។
លោក ប៉ាវ ស៊ីណា សង្ឃឹមថា ជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការងារក្នុងពេលខាងមុខនេះគឺជាឱកាសមួយល្អក្នុងការដោះស្រាយបញ្ហាប្រាក់ឈ្នួលកម្មករ ហើយនឹងអាចរកឃើញច្រកចេញបានឆាប់ៗ។ លោកថា «ពីមុនមកយើងឃើញថាក្រសួងការងារច្រើនតែជំរុញរឿងហ្នឹងឲ្យភាគីសហជីព និងភាគីនិយោជកជជែកគ្នា ដោយផ្ទាល់ទៅវិញ ដូច្នេះបើយើងធៀបទៅលើច្បាប់ស្តីពីការងារមានន័យថាប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់ដោយរដ្ឋ អីចឹងមានន័យថារដ្ឋយើងជាអ្នកអារកាត់ ជាអ្នកសម្រេច ឥចឹងយើងគិតថាគាត់មានឥទ្ធិពល»។
ចំណែកប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករកម្ពុជា លោក សៀង សម្បត្តិ មានប្រសាសន៍ដែរថា សហជីពក៏នឹងលើកយកការទាមទារ៥ចំណុចដែលសហជីពបានដាក់ទៅក្រសួងការងារកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ កន្លងមក ដោយសង្ឃឹមថា រដ្ឋមន្រ្តីក្រសួងការងារនឹងអាចដោះស្រាយបញ្ហាប្រាក់ឈ្នួលកម្មករដែលបានពន្យារពេលម្តងហើយម្តងទៀតឲ្យបានឆាប់។
លោកថា«ខ្ញុំសង្ឃឹមថា រដ្ឋមន្រ្តីគាត់នឹងរៀបចំឲ្យមានការជជែកអស់ពីចិត្តសម្រាប់ធ្វើការងារហ្នឹង ហើយខ្ញុំគិតថាប្រហែលជាមានផលល្អសម្រាប់កម្មករ ក៏ដូចជាសហព័ន្ធសហជីពដែលធ្វើយុទ្ធនាការហ្នឹង»។
VOD មិនអាចទាក់ទងសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤គណៈកម្មការប្រឹក្សាការងារនៃក្រសួងការងារបានពិគ្រោះយោបល់ជាមួយតំណាងភាគីសហជីព និងភាគីនិយោជក ដើម្បីកំណត់ប្រាក់ឈ្នួលគោលក្នុងវិស័យឧស្សាហកម្ម វាយនភណ្ឌ និងកាត់ដេរ ដោយគ្រោងប្រជុំសម្រេចជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤។ប៉ុន្តែក្រសួងបានសម្រេចលើកពេលប្រជុំទៅខែវិច្ឆិកា ឆ្នាំ២០១៤វិញ ដោយមូលហេតុថា ដើម្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់សម្រាប់ភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយ៕
សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com