​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​បញ្ឈប់​ក្រុមការងារ​អង្គការសមធ​ម៌​ មិន​ឲ្យ​សម្ភាសន៍​អ្នក​មាន​ជម្លោះ​ដីធ្លី​

ដោយ៖​ ទូច សុខា និង លី ណាម​
ថ្ងៃពុធ ទី8 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ការជួបជុំរបស់ប្រជាពលរដ្ឋ (រូបថតដោយ លី ណាម)

​ក្រុមការងារ​របស់​អង្គការ​សមធម៌​កម្ពុជា​អះអាងថា អាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ​បានប​ញ្ឈប់​ខ្លួន​មិន​ឲ្យ​សម្ភាសន៍​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករស​អង្គរ​សូ​ហ្គើ​រ ដោយ​តម្រូវ​ឲ្យ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​សិន។​

មន្ត្រី​ស្រាវជ្រាវ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក សុខ លីដា ប្រាប់​VODនៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា អាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ ដែលមាន​លោក​ស្នងការរង លោក​អធិការ​ស្រុក និង​មាន​ការ​ចូល​ពី​មេភូមិ​ផង​ដែរ បាន​ចុះមក​ផ្អាក​ដំណើរ​ការ​សម្ភាសន៍​របស់​ក្រុម​ការងារ​លោក នៅ​ម៉ោង​ប្រហែល​១១​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅក្នុង​ភូមិ​បាក់​នឹម ក្នុង​សង្កាត់​សំរោង ក្រុង​សំរោង។ លោក​មានប្រសាសន៍ថា«​ពេលដែល​យើង​ចាប់ផ្តើម​សម្ភាសន៍​បាន​បន្តិច អាជ្ញាធរ​បាន​ចុះមក​ហាម​ឃាត់​មិន​ឲ្យ​យើង​ធ្វើ​ការសម្ភាសន៍ គេ​តម្រូវ​ឲ្យ​យើង​ទៅ​ធ្វើ​លិខិត​ស្នើ​សុំ​ពី​សាលាខេត្ត​សិន​»​។​

លោក សុខ លីដា ទោះបីជា​រូបលោក​បាន​បង្ហាញ​លិខិត​បេសកកម្ម និង​លិខិតអនុញ្ញាត​ឲ្យ​ដំណើរការ​អង្គការ​សមធម៌​កម្ពុជា​ ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​ក៏ដោយ ក៏អាជ្ញាធរ​នៅ​តែ​ទាមទារ​ឲ្យទៅ​ធ្វើ​លិខិត​ស្នើសុំ​ពី​សាលាខេត្ត​ដដែល។​

ប្រធាន​ភូមិ​បាក់​នឹម លោក ព្រះ ផន បញ្ជាក់ថា ពិតជា​មាន​សមត្ថកិច្ច​មក​ធ្វើ​ការផ្អាក​ការ​ធ្វើ​បទសម្ភាសន៍​នេះ​ពិត​ប្រាកដ​មែន តែ​លោក​មិន​បាន​ដឹងថា​មាន​អាជ្ញាធរ​ថ្នាក់​ណា​ខ្លះ​ទេ ព្រោះ​លោក​មិនសូវ​ស្គាល់​អ្នក​ទាំងនោះ។​

VODមិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្នងការរង​ខេត្ត​ឧត្ដរមានជ័យ លោក ឡុង សុគន្ធ បាន​នៅឡើយ​ទេ​ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល​។​

​លោក សុខ លីដា ឲ្យដឹងថា បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា​ចុះ​ទៅ​សម្ភាសន៍​ប្រជាជន​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អង្គរ​សូ​ហ្គើ​រ ដោយ​ចង់​ដឹង​ពី​ទំហំ​ដី​របស់​គ្រួសារ​នី​មួយៗ​ដែល​មាន​នៅក្នុង​ជម្លោះ៕

សូមសរសេរមកលោក ទូច សុខា តាមរយៈ sokha@ccimcambodia.com

What Next?

Recent Articles