​អ្នកជំនួញ​ថា​វិស័យ​អចលនទ្រព្យ​កម្ពុជា​កើនឡើង​ទ្វេ​ដង​ធៀប​នឹង​ឆ្នាំ​មុន​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃពុធ ទី8 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

អគារធំៗ និងខ្ពស់ៗកើនឡើង​ច្រើន​នៅ​រាជធានី​ភ្នំពេញ

​ក្រុម​ឈ្មួញ​អចលនទ្រព្យថ្លែងថា វិស័យ​អចលនទ្រព្យនៅ​កម្ពុជា​បាន​កើនឡើង​ទ្វេដង ហើយ​សម្រាប់​អាណត្តិ​នេះនឹង​បន្ត​កើនឡើង​បី​ទៅ​បួន​ដង​បន្ថែមទៀត​។​

​ការបង្ហាញ​នេះ ធ្វើឡើ​ងក្នុង​សន្និសីទសារព័ត៌​មាន​មួយ នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៨ ខែ​តុលា​នេះ​។​

​ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា លោក ចេង ខេង មានប្រសាសន៍ថា អគារ​ធំៗ ខ្ពស់ៗនៅ​កម្ពុជា​នឹង​កើនឡើង​ទ្វេដង ខណៈ​បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​រីកចម្រើន ដោយសារ​មាន​ការប្រកួតប្រជែង​ដេញថ្លៃ និង​ការ​ជួល​​​ទិញ​ពី​សំណាក់​ជន​បរទេស ដែល​មក​វិនិយោគ​នៅ​កម្ពុជា​។ លោកបញ្ជាក់ថា «យើងឃើញកន្លងមក​គឺយើង​មាន​ក្រុមហ៊ុនដែល​ជា​ភ្នាក់​ងារអចលនវត្ថុដែលមាន connection world white យើងឃើញថាមានការទិញ​ដូរច្រើនមែន​ទែន ជាពិសេសដូចជាយើងឃើញខាង Century 21 នេះឃើញថាពួកគាត់ ហើយនិងក្រុមការងាររបស់ពួកគាត់ ដូចថាមកទិញរាប់រយ Unit ផងដែរ ខ្ញុំគិតថានេះជារបត់ថ្មីមួយសម្រាប់ប្រទេសយើង»។

​អគ្គនាយករង​រៀបចំ​ដែនដី​និង​នគររូបនីយកម្ម លោក ម៉េង បុ​ណ្ណា​រិទ្ធិ មានប្រសាសន៍ថា ការរីកដុះដាល​នៃ​អគារ​ធំៗ​បែបនេះ គឺ​បញ្ជាក់​ឲ្យឃើញ​ពី​ការរីចកម្រើន​នៃ​សេដ្កិច្ឋច​កម្ពុជា តែ​លោក​ទទួលស្គាល់ ថា​ការកើនឡើង​នូវ​សំណង់​អគារ​ធំៗ ក៏​នាំឲ្យ​មាន​ផលប៉ះពាល់​មួយចំនួន​ដែរ ដូច​ជា​ភាព​ចង្អៀត​នៃ​ទីក្រុងជាដើម​។ លោក​បន្តថា ទន្ទឹម​នឹង​ការរីកចម្រើន​វិស័យ​អចលនទ្រព្យ រដ្ឋាភិបាល​បាន​នឹង​កំពុង​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​សំណង់​ធំៗ ជៀសវាង​មាន​ផលប៉ះពាល់​ដល់​សង្គម​នា​ពេលអនាគត។ លោកថា«ការគ្រប់គ្រងសំណងខ្ពស់ហ្នឹង យើងកំពុងតែធ្វើច្បាប់ ថាតើសំណង់ខ្ពស់វាគួរនៅកន្លែងណាខ្លះ ហើយកន្លងមកយើងពិបាកទប់ស្កាត់ដែរ ដោយសារតែគោលនយោបាយវិនិយោគរបស់យើង ប្រសិនបើយើងអត់ទាន់មានផែនការច្បាស់លាស់ ហើយទប់ស្កាត់វាអាចជាឥទ្ធិលពលមិនល្អមកលើរដ្ឋាភិបាល»។

លោក ចេង ខេង ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា (រូបថត៖ ជន ស្រីណុច)

អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី មើលឃើញថា ការរីកចម្រើន​នៃ​សំណង់​អគារ​ខ្ពស់ៗ មិនមែន​ប្រាកដ​ថា​​សេដ្ឋកិច្ចជាតិ​រីកចម្រើន​ទេ ប្រសិនបើ​ការគ្រប់គ្រង​ផ្នែក​ពន្ធដារ​ធ្លុះធ្លាយ​ដូច​ពេល​បច្ចុប្បន្ន​។ លោក​បន្តថា កាលណា​ការគ្រប់គ្រង​ផ្នែក​ពន្ធដារ​មិន​បាន​ល្អ នោះ​គ្រាន់តែ​ជាការ​បើក​មុខ​ឲ្យ​ក្រុម​អ្នកវិនិយោគ​កើប​លុយ​ទៅ​ប្រទេស​របស់​គេ​ទេ ផ្ទុយ​ទៅ​វិញ​កម្ពុជា​មាន​តែ​សំបក​អគារ​។ លោកមានប្រសាសន៍ថា «បើសិនជាក្នុងកាលៈទេសៈបច្ចុប្បន្នដែលប្រព័ន្ធពន្ធដារហ្នឹងមានភាពធ្លុះធ្លាយ អ៊ីចឹងជារូបភាព ការអភិវឌ្ឍរបៀបហ្នឹង គេអាចហៅថាការ អភិវឌ្ឍមួយស្មើសូន្យ នៅក្នុង ន័យសេដ្ឋកិច្ច វាគ្រាន់តែប្រែក្លាយទ្រព្យសម្បត្តិរដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជន ហើយទ្រព្យសម្បត្តិឯកជនវាគ្រាន់តែប្រែក្លាយអគារទាបទៅអាគារខ្ពស់ ប៉ុន្តែប្រាក់ចំណូល ឬក៏ធនធានរបស់ជាតិហ្នឹងវាបានតិចតួច»។

​លោក កែម ឡី ឲ្យដឹងទៀតថា កាលពី​១០​ឆ្នាំមុន អគារ​របស់​រដ្ឋ​ស្ថិតនៅ​ទីតាំង​មានតម្លៃ តែ​បច្ចុប្បន្ន​អគារ​របស់​រដ្ឋ​ទាំងនោះ ភាគច្រើន​ប្រែ​ក្លាយទៅជា​អគារ​ឯកជន​យ៉ាង​ស្កឹមស្កៃ​។​

​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​វី​ត្រាស់ ដែល​ចេញ​ប្រចាំឆ្នាំ២០១៤​បង្ហាញថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សំណង់​អគារ​ខ្ពស់ៗមាន​ការកើនឡើង​រហូត​ដល់​៣៧៤​អគារ ហើយ​អ្នក​រស់នៅ​ក្នុង​សំណង់​អគារ​ខ្ពស់ៗ​ទាំងនោះ ៩៨​ភាគរយ​ជា​ជនបរទេស និង​២​ភាគរយ​ជា​ជនជាតិខ្មែរ​៕

សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles