ដោយ៖ ឡាយ សាមាន និង ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
យ៉ាងតិចក្មេងម្នាក់ស្លាប់ និងមនុស្ស៤នាក់ទៀតរងរបួសដោយសារការបំផ្ទុះគ្រាប់បែកមួយនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោងជិត៧ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
ស្ត្រីម្នាក់ដែលនាំប្តីរងរបួសមកមន្ទីរពេទ្យកាល់ម៉ែត្រ ប្រាប់VODនៅម៉ោងជិត៨ដោយមិនបានបញ្ចេញឈ្មោះថា ប្តីរបស់អ្នកស្រីបានរងរបួស ដោយសារជនមិនស្គាល់មុខបោកគ្រាប់បែកទៅក្នុងផ្ទះមួយ ស្ថិតក្នុងភូមិសែនសុខពីរ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅពេលគ្រួសារមួយនោះកំពុងតែពិសារអាហារពេលល្ងាច។ អ្នកស្រីបន្តថាក្មេងប្រុសម្នាក់ ឈ្មោះ សិន តារា អាយុ១០ឆ្នាំ និងមនុស្ស៤នាក់បានរងរបួស ហើយត្រូវបានបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រ។ អ្នកស្រីបញ្ជាក់ថាការបោកគ្រាប់បែកនោះ ប្រហែលជារឿងគំនុំ។
នគរបាលខណ្ឌសែនសុខម្នាក់ ដែលប្រាប់VODត្រឹមនាមខ្លួនថាមេសា មានប្រសាសន៍ថា ពិតជាមានការបំផ្ទុះគ្រាប់បែកនៅម៉ោងជិត៧ល្ងាចថ្ងៃព្រហស្បតិ៍នេះ។ លោកបន្តថា ប៉ូលិសខណ្ឌសែនសុខកំពុងតែត្រួតពិនិត្យការបំផ្ទុះគ្រាប់បែកនេះ ដោយមិនទាន់អាចបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរងគ្រោះពិតប្រាកដ។
ប៉ូលិសកំពុងតែសាកសួរក្រុមគ្រួសារ និងជនរងគ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រនៅម៉ោងជិត៨និង៣០នាទីនេះ៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com