ជប៉ុន និង​ភូមា ភ្ជាប់​ផ្លូវ​ហោះហើរ​ត្រង់​ជាមួយ​កម្ពុជា​ដោយ​មើលឃើញ​សក្ដានុពល​ទេសចរណ៍​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

យន្តហោះ​ប្រភេទ Airbus 319 របស់​ក្រុមហ៊ុន Myanmar Airways International ដែលចុះចតនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (រូបថត៖ ថុល ស្រីលក្ខណ៍)

យន្តហោះ​ប្រភេទ Airbus 319 របស់​ក្រុមហ៊ុន Myanmar Airways International បាន​ចុះចត​លើកដំបូង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វេលា​ម៉ោង​៤:៣០​នាទី​រសៀល ​ថ្ងៃពុធ ទី​៨ ​ខែតុលា​ម្សិលមិញ​នេះ ដោយ​ហោះហើរ​ត្រង់​ពី​ទីក្រុងអូ​សា​កា ប្រទេស​ជប៉ុន​។​

នៅក្នុង​ពិធី​បើកសម្ពោធ​ការហោះហើរ​នេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក គី​មូរ៉ា យូ​អ៊ី​ឈី​រ៉ូ តំណាង​អ្នក​វិនិយោគ​ជប៉ុន ថ្លែង​ឲ្យដឹង​តាម​រយៈ​អ្នកបកប្រែ​ថា ការសម្រេច​ដាក់​ឲ្យ​ហោះ​ហើរពី​ផ្សារ​ជប៉ុន​មក​កាន់​ទីក្រុង​ភ្នំពេញ រួច​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​រ៉ង់​ហ្គូ​នប្រទេស​មី​យ៉ាន់​ម៉ា គឺ​នៅ​បន្ទាប់​ពី​មើលឃើញថា ប្រជាជន​ជប៉ុន​ចាប់អារម្មណ៍​មក​កម្ពុជា​កាន់តែ​ច្រើនឡើង​។​ លោកមានប្រសាសន៍​ថា «​មូលហេតុ​សំខាន់​គឺ ដោយសារ​សង្កេតឃើញថា នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ កំពុងតែ​មាន​ការចាប់​អារម្មណ៍​ជាខ្លាំង ពី​ជនជាតិ​ជប៉ុន ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ នៅ​ខាង​អង្គរវត្ត​សៀមរាប តែ​អត់​ទាន់​មាន​ការហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា​ទេ​។ ហើយ​ទី​២​មួយទៀត​ទាក់ទង​នឹង​អ្នកវិនិយោគទុន ទាំង​វិស័យ​ទេសចរណ៍ និង​អ្នកវិនិយោគទុន ទើប​ធ្វើឲ្យ​គាត់​សម្រេចចិត្តមក​វិនិយោ​គ​នៅ​ទីនេះ»។​

បន្ថែម​លើ​នេះ លោក ម្យ៉ូ ជិត (Myo Chit ) នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Myanmar Airways International បានឲ្យ​ដឹង​តាមរយៈ​អ្នកបកប្រែ​ដែរថា ក្រុមហ៊ុន​នេះ​ចង់​ពង្រីក​ហោះហើរ​ឲ្យបាន​ធំ​ទូលាយ​ក្រៅពី​តំបន់​អាស៊ាន​។​ លោកថា «ជា​ការពិត យើង​បានឃើញ​ប្រតិបត្តិការ​រួចហើយ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន នៅ​តំបន់​អាស៊ី ពី​ទី​ក្រុងកូឡា​ឡាំ​ពួ នៃ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី និង​ទីក្រុង​បាងកក​។ យើង​កំពុងតែ​បន្ត​ការហោះហើរ ពី​ជប៉ុន​ទៅ​កូរ៉េខាងត្បូង​»។

ទោះជា​យ៉ាងណា មន្ត្រី​ទាំង​ពីរ​នៅ​មិនទាន់​កំណត់​ច្បាស់លាស់ អំពី​តារាង​ហោះហើរ និង​ការហោះហើ​រដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ជប៉ុន​វិញ​នៅឡើយ​ទេ ដោយ​រង់ចាំ​មើល​ស្ថានភាព​ទីផ្សារ រហូតដល់​ដើមឆ្នាំ​២០១៥​។​

នៅ​ថ្ងៃ​ទី​ពុធ​ម្សិលមិញ​នេះ​ផង​ដែរ ក្រុមហ៊ុន​អប្សរា​អ៊ែ​ឡាញ​ក៏​បាន​សម្ពោធ​ការហោះហើរ​ក្នុង​ស្រុក​ដោយ​ភ្ជាប់​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្តសៀមរាប និង​ពីសៀមរាប មក​ទីក្រុង​ភ្នំពេញ​។​

កាលពី​ខែ​កក្កដា ក្រុមហ៊ុន Asia Atlantic Airlines គ្រោង​ភ្ជាប់​ការហោះហើរ​ជា​ផ្លូវការ រវាង​ទីផ្សារ​កម្ពុជា​និង​ជប៉ុន​នៅ​ដើមខែកញ្ញា និងខែ​តុលា​នេះ ដោយ​ភា្ជ​ប់​ពីអាកាសយានដ្ឋានណា​រីតា មក​ភ្នំពេញ​ និង​ខេត្ត​សៀមរាប តែ​ត្រូវ​ខកខាន​វិញបណ្តាល​មកពី​បញ្ហា​បច្ចេកទេស នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី ​CTN​។​

ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បាន​មានប្រសាសន៍ថា ជនជាតិ​ជប៉ុន​ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស​ប្រមាណ​១៨​លាន​នាក់ ហើយ​ទីផ្សារ​អាស៊ាន​ស្រូបយក ៤លាន​កន្លះ (៤,៥​លាន​នាក់​) ក្នុងនោះ​កម្ពុជា​ទទួល​បាន​ត្រឹមតែ​ជាង ២០​ម៉ឺន​នាក់​ប៉ុណ្ណោះ​៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles