ពលរដ្ឋ​នៅ​កោះកុង​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ស្ករស​សង​ដី​ចម្ការ​និង​ផល​ដំណាំ

ដោយ ដែន អយុធ្យា
2014-10-09
RFA

ប្រជាពលរដ្ឋ​តវ៉ា​ចំពោះ​ការ​ពន្យារ​ពេល​សវនាការ​រឿង​ទំនាស់​ដី នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១២។

ប្រជាពលរដ្ឋ​តវ៉ា​ចំពោះ​ការ​ពន្យារ​ពេល​សវនាការ​រឿង​ទំនាស់​ដី នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១២។ Photo: Adhoc

ប្រជាពលរដ្ឋ ៣​ភូមិ​មាន​គ្នា​ជាង ២០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ ២០០​គ្រួសារ រស់នៅ​ភូមិ​ឈូក ភូមិ​ជីខ និង​ភូមិ​ត្រពាំង​កណ្ដោល ឃុំ​ជីខលើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ​ទៅ​កាន់​សាលា​ឃុំ​ជីខលើ សាលា​ស្រុក​ស្រែអំបិល និង​ក្រុមហ៊ុន​ផលិត​ស្ករស​ឈ្មោះ ខេ.អែ.ស.អិល (KSL) និង​ក្រុមហ៊ុន វីវង់ (Ve Vong) របស់​តៃវ៉ាន់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែ​តុលា នេះ។

អភិបាល​ខេត្ត​កោះកុង អះអាង​ថា នឹង​ពិនិត្យ​រក​ដំណោះស្រាយ​ចំពោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ទាំង ៣​ភូមិ នៅ​ពេល​ទទួល​បាន​ញត្តិ​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ឈូក លោក តេង កៅ បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ដាក់​ញត្តិ​របស់​ប្រជាពលរដ្ឋ គឺ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​កោះកុង និង​ភាគី​ក្រុមហ៊ុន​ផលិត​ស្ករស ត្រូវ​សង​ដី​ចម្ការ និង​ផល​ដំណាំ​ដែល​ត្រូវ​ក្រុមហ៊ុន​ផលិត​ស្ករស បាន​ឈូស​ឆាយ​រំលោភ​យក​តាំង​ពី​ឆ្នាំ​២០០៦ ជូន​ពលរដ្ឋ​បង្កបង្កើនផល​ឡើង​វិញ។

លោក តេង កៅ បញ្ជាក់​ថា បច្ចុប្បន្ន ដី​ទំនាស់​នេះ​បាន​ប៉ះពាល់​ដី​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ និង​មាន​ផ្ទៃ​ដី​សរុប​ជាង ១.៣០០​ហិកតារ។ លោក​ថា ដី​ទំនាស់​នេះ​មាន​ពលរដ្ឋ​ខ្លះ​បាន​មក​តាំង​ទី​លំនៅ​ក្រោយ​ឆ្នាំ​១៩៧៩ និង​ខ្លះ​ទៀត​នៅ​ឆ្នាំ​១៩៩៥ ប៉ុន្តែ​ទើប​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ដាំ​ស្ករស​ក្នុង​ឆ្នាំ​២០០៦៖ «ស្នើ​ឲ្យ​ក្រុមហ៊ុន​កោះកុង​ស្ករស​ហ្នឹង ឲ្យ​កាត់​ដី​ចំនួន​ជាង ១.៣៦៣​ហិកតារ​ហ្នឹង​ជូន​ពលរដ្ឋ ពួក​ខ្ញុំ​បាន​បង្កបង្កើនផល​ឡើង​វិញ ស្នើ​ឲ្យ​ក្រុមហ៊ុន​សង​ផល​ដំណាំ​ដែល​ខូចខាត​តាំង​ពី​ឆ្នាំ​២០០៦ ហ្នឹង សង​មក​ពួក​ខ្ញុំ​បាន​ប្រើប្រាស់​វិញ។ មាន​ដី​ស្រែ និង​ដី​ចម្ការ​ដំណាំៗ​មាន​ដំណាំ​ស្វាយ ស្វាយចន្ទី ខ្នុរ និង​ចម្ការ​ឪឡឹក ជាដើម»

តំណាង​ពលរដ្ឋ​ទាំង ៣​ភូមិ ក្នុង​ឃុំ​ជីខលើ ឲ្យ​ដឹង​ថា ទំនាស់​នេះ​ពួក​គាត់​ធ្លាប់​បាន​លើក​គ្នា​ទៅ​តវ៉ា​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល ចាប់​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ជាតិ ពិសេស​ស្ថាប័ន​កំពូលៗ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ណា នន់ តំណាង​ក្រុមហ៊ុន ខេ.អែស.អិល ជា​ជនជាតិ​ថៃ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ដាក់​ញត្តិ​របស់​ប្រជាពលរដ្ឋ​ទាំង ៣​ភូមិ លើ​ទំនាស់​ដីធ្លី​នេះ​បាន​ទេ​តាម​ទូរស័ព្ទ។

ទោះ​យ៉ាង​ណា លោក ទួន សិលា អភិបាល​ស្រុក​ស្រែអំបិល មាន​ប្រសាសន៍​ថា នឹង​នាំ​យក​ញត្តិ​របស់​ប្រជាពលរដ្ឋ ដាក់​ជូន​អភិបាល​ខេត្ត​កោះកុង ពិនិត្យ​សម្រេច​ទៅ​លើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំង ៣​ភូមិ និង​ឆ្លើយ​តប​នៅ​ពេល​ក្រោយ។ លោក​ទទួល​ស្គាល់​ថា ទំនាស់​ដីធ្លី​នៅ​ឃុំ​ជីខលើ នេះ បាន​កើត​មាន​រ៉ាំរ៉ៃ​តាំង​ពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ៖ «ពិធី​ដង្ហែ​ញត្តិ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​គាត់ គឺ​សុំ​ឲ្យ​អាជ្ញាធរ​ហ្នឹង​ជួយ​ធ្វើ​ការ​សម្រប​សម្រួល ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន។ ចឹង​គាត់​អត់​មាន​អី​ទេ គាត់​គ្រាន់​តែ​យក​ញត្តិ​មក​ដាក់ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។ ខ្ញុំ​បាន​ព័ត៌មាន​ហ្នឹង ដើម្បី​រាយការណ៍​ជូន​ឯកឧត្តម​អភិបាល​ខេត្ត ដើម្បី​លោក​មាន​វិធានការ​បន្ត​ទៀត»

បញ្ហា​នេះ​ដែរ លោក ប៊ុន ឡឺត អភិបាល​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា នឹង​ពិនិត្យ​ទៅ​លើ​ញត្តិ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំង ៣​ភូមិ នៅ​ឃុំ​ជីខលើ ដើម្បី​ឈាន​ដល់​សម្រប​សម្រួល ដើម្បី​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន។

យ៉ាង​ណា​ក៏ដោយ លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ទាំង ៣​ភូមិ​ជាមួយ​ក្រុមហ៊ុន​ស្ករស​នា​ស្រុក​ស្រែអំបិល គឺ​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ពេបជ្រាយ​ចំពោះ​ចំណាត់​ការ​របស់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​កំពូលៗ ពិសេស​រដ្ឋាភិបាល ដែល​មិន​អាច​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ប្រកប​ដោយ​ភាព​យុត្តិធម៌៖ «កន្លង​មក​នេះ គឺ​អត់​បាន​ផល​អ្វី​ទេ។ ហើយ​ថ្មីៗ​នេះ​កាល​ពី​ឆ្នាំ​២០១២ គឺ​មាន​បទបញ្ជា​លេខ​០១ និង​ប្រកាស​អន្តរ​ក្រសួង​នៅ​ឆ្នាំ​២០១៤ នេះ មាន​ប្រកាស​អន្តរ​ក្រសួង​លេខ​១៧៧ និង​២០៦ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់ អនុវត្ត​ទៅ​តាម​គោលការណ៍​ស្បែក​ខ្លា គឺ​តម្រូវ​ឲ្យ​ឆ្វៀល​ដី​ភូមិ​ពលរដ្ឋ ឬ​ដី​ចម្ការ​ដែល​ប៉ះពាល់​នេះ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ។ ប៉ុន្តែ​កន្លង​មក​នេះ ទោះ​បី​ជា​មាន​លិខិត​របស់​រដ្ឋាភិបាល​ដែល​ណែនាំ​បង្ហាញ​ដល់​ខេត្ត សហការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​អនុវត្ត​ក៏ដោយ ក៏ប៉ុន្តែ​ខេត្ត​មិន​បាន​អនុវត្ត​តាម​ទេ។ ធ្វើ​ឲ្យ​ពួក​គាត់​អស់​សង្ឃឹម ហើយ​ថ្ងៃ​នេះ​ពួក​គាត់​ធ្វើ​ការ​តស៊ូ​មតិ​ជា​ថ្មី ដើម្បី​តវ៉ា​យក​ដី​ហ្នឹង​មក​វិញ»

លោក អ៊ិន គង់ជិត បន្ថែម​ថា ទំនាស់​រវាង​ប្រជាពលរដ្ឋ​ទាំង ៣​ភូមិ​នៅ​ឃុំ​ជីខលើ នេះ កន្លង​មក​ពួក​គាត់​ធ្លាប់​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ថ្នាក់​ខេត្ត រហូត​ដល់​ថ្នាក់​ជាតិ ព្រម​ទាំង​ស្ថាប័ន​កំពូលៗ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ទេ។

ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ពួក​គាត់​បាន​ទុក​ពេល​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​រក​ដំណោះស្រាយ​លើ​ទំនាស់​ដីធ្លី​នេះ​ក្នុង​រយៈពេល ២​សប្ដាហ៍ ប៉ុន្តែ​បើ​គ្មាន​ការ​ឆ្លើយ​តប​ទេ ពួក​គាត់​នឹង​បន្ត​ហែ​ក្បួន​តវ៉ា​ទៅ​កាន់​សាលា​ខេត្ត​កោះកុង ដើម្បី​ជួយ​អន្តរាគមន៍​ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles