Thu, 9 October 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ជាមួយនឹងកម្ពស់១,៧៣ ម៉ែត្រ ទម្ងន់៥០គីឡូក្រាម យុវតី នូ ទឹមស្រីនៀត មានវ័យ១៨ឆ្នាំ ដែលជាបេក្ខភាពដំបូងគេរបស់កម្ពុជា បានចូលរួមប្រកួតជ្រើសរើស Miss Grand International 2014 នាពហុកីឡដ្ឋាន INDOOR STADIUM HUAMARK របស់ប្រទេសថៃ។
បើទោះបីជាកញ្ញា នូ ទឹមស្រីនៀត មិនអាចគ្រងមកុដ ជ័យលាភី Miss Grand International 2014 ក៏ដោយ ក៏ជាមោទភាពដែរ ដែលកញ្ញាបានឈ្នះពានរង្វាន់ជ័យលាភីប្រជាប្រិយភាពជាងគេ (Miss Popular Vote Award) ខណៈការប្រកួត Miss Grand International នេះមានធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែទើបតែមានបេក្ខភាពកម្ពុជាទៅចូលរួមប្រកួតនៅឆ្នាំនេះ។
ជ័យលាភីគ្រងមកុដ Miss Grand International 2014 បានលើស្រីស្អាតមកពីប្រទេស គុយបា រីឯជ័យលាភីផ្សេងទៀត ដូចជា បវរកញ្ញា Best Evening gown ត្រូវបានជាប់ទៅលើកញ្ញា មកពីប្រទេស ឥណ្ឌូនេស៊ី បវរកញ្ញា Best Social media បានទៅលើកញ្ញាមកពីប្រទេសជប៉ុន បវរកញ្ញា Best National Costume បានទៅលើកញ្ញា មកពីប្រទេសវៀតណាម និងបវរកញ្ញា Best Swimsuit បានទៅលើកញ្ញា មកពីប្រទេស ថៃ (ម្ចាស់ផ្ទះ)នោះ ។
នូ ទឹមស្រីនៀត ជាម្ចាស់ជ័យលាភីលេខ១ របស់ក្រុម Khmer Super Model រៀបចំដោយក្រុមហ៊ុន BKA Entertainment។ លោក មែ វិចិត្របុត្រ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន BKA Entertainment ឲ្យដឹងថា៖«កាលដែល ទឹម ស្រីនៀត ជាប់ជាបេក្ខភាពប្រឡងជ្រើសរើស Miss Grand International 2014 នោះមិនមែនជាការជ្រើសរើសពីក្រុមហ៊ុន BKA Entertainment នោះទេ»។
លោកអះអាងថា៖«គណៈកម្មការដែលរៀបចំការប្រឡងនេះ ក្រោយពីគេបានឃើញវីដេអូ បង្ហោះក្នុង youtube ស្តីពីការប្រកួតជ្រើសរើសកញ្ញាឯក khmer super model របស់ BKA ហើយគេក៏សម្រេចជ្រើសយក ទឹម ស្រីនៀត ឲ្យចូលរួមប្រឡង Miss Grand International ដែលមានស្រីស្អាតតំណាងប្រទេសចំនួន៨៤ មកពីបណ្តាទ្វីបនានានៅអាស៊ី អឺរ៉ុប អាមេរិក និងអាហ្វ្រិក»។
ស្រីនៀត មានដើមកំណើតមកពីខេត្តកណ្ដាល ជានិស្សិតមួយរូប ដែលកំពុងត្រៀមសម្រេចនូវក្ដីស្រមៃដ៏ធំរបស់នាង ដើម្បីក្លាយទៅជា«មេធាវី» ដ៏ល្បី ក្នុងពេលអនាគត។ នាងទទួលបានពិន្ទុនៃការបោះឆ្នោតដល់ទៅ ២៧,១៩ភាគរយ នៃការបោះឆ្នោតទាំងអស់ដែលធ្វើនៅតាមបណ្ដាញអ៊ីនធឺណិត ទៅលើបេក្ខនារី៨៥នាក់ មកពីគ្រប់ទិសទីក្នុងពិភពលោក ខណៈបេក្ខនារីផ្សេងៗទទួលបានប្រមាណ១០ភាគរយប៉ុណ្ណោះ។
លោក វិចិត្របុត្រ បានអះអាងថា៖ «ជនបរទេសក៏គាំទ្រ ស្រីនៀត យ៉ាងខ្លាំងដែរដោយថានាង ជាបេក្ខជនកម្ពុជាដំបូងដែលចូលរួមក្នុងកម្មវិធីMiss Grand International»៕
