ដោយ៖ ទូច សុខា
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ការដ្ឋានផ្លូវក្រោមដីរបស់ក្រុមហ៊ុនណាហ្គាវើល ស្ថិតនៅមុខវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (រូបថត៖ Krishan)
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អះអាងថាលោកនឹងស្នើឲ្យរដ្ឋមន្ត្រីក្រសួងធម្មការបង្ហាញនូវភ័ស្តុតាងឲ្យបានជាក់លាក់ ដែលបញ្ជាក់ថាក្រសួងមិនបានជួល ឬលក់ដីពុទ្ធសាសនបណ្ឌិត្យទៅឲ្យក្រុមហ៊ុនណាហ្គាវើល។
ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា នៅក្នុងការចូលខ្លួនបំភ្លឺរបស់តំណាងក្រសួងវប្បធម៌ និងសាសនា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ នឹងមានការចោទសួរពីបញ្ហាមួយចំនួនទាក់ទងទៅនឹងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ លោកថាគណៈកម្មាការទី៧នឹងសួរអំពីកាលបរិច្ឆេទនៃការកសាងឡើងវិញនូវរបងវិទ្យាស្ថានដែលត្រូវបានរុះរើ ក៏ដូចជារចនាបថដែលនឹងត្រូវរចនាឡើងវិញ។
លោក យ៉ែម បុញ្ញឫទ្ធិ បន្ថែមថា ក្រៅពីសួរនាំពីបញ្ហាទាក់ទងទៅនឹងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក៏មានលើកឡើងផងដែរអំពីបញ្ហាធម្មវិន័យ បញ្ហាជនឆបោកយកសាសនាធ្វើជាឈ្នាន់ និងដំណើរការនៅពុទ្ធិកសិក្សាជាដើម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទី៧នៃរដ្ឋសភា ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ឲ្យដឹងថា នៅរសៀលម៉ោង២ ថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន នឹងដឹកនាំសហការីមកបំភ្លឺចំពោះគណៈកម្មការទី៧ និងតំណាងគណៈកម្មការនានានៃរដ្ឋសភា ជុំវិញរឿងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងការរៀបចំវិស័យធម្មការ និងសាសនា។
គម្រោងនៃការសាកសួររដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ព្រះសង្ឃមួយក្រុម ដែលបានដាក់ញត្តិទៅកាន់រដ្ឋសភាសុំអន្តរាគមន៍ទប់ស្កាត់ការលក់ ឬដោះដូរដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលជាព្រះរាជទ្រព្យអតីតព្រះមហាក្សត្រ។
កាសែតភ្នំពេញប៉ុស្ដិ៍ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ បានចុះផ្សាយថា ក្រុមហ៊ុនណាហ្គាវើលកំពុងតែសម្លឹងដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យសម្រាប់អភិវឌ្ឍសណ្ឋាគារថ្មីមួយ។
ព័ត៌មាននៃការលក់ទិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនេះកើតឡើង ខណៈក្រុមហ៊ុនណាហ្គាកំពុងសាងសង់ផ្លូវ Naga Walk តាមបណ្ដោយមហាវិថីព្រះសីហនុ មុខវិទ្យាស្ថាននេះ និងកំពុងសាងសង់Naga2 ដែលធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យស្ថិតនៅចំកណ្ដាលNaga និង Naga2 ៕