​សហជីព​ប្រកាន់​ជំហរ​ជួបជុំ និង​ហែ​ញត្តិ ដើម្បី​ធ្វើ​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​

ដោយ៖​ អុិត សុធឿត​
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com

​ក្រុម​សហជីព អះអាងថា ខ្លួន​នៅតែ​ប្រកាន់​ជំហរ​ក្នុង​ការជួបជុំ​ជាមួយ​កម្មករ​ប្រមាណ​៣០០០​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ហែ​ក្បួន​ដាក់​ញត្តិ ដើម្បី​សម្តែង​មតិ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ជូន​កម្មករ​និយោជិត នៅ​ថ្ងៃ​ទី​១២ ខែតុលា ខាងមុខ ។​

​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ប្រាប់​VOD​ថា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​សហជីព​បាន​ជួបប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ពិភាក្សា​ពី​គម្រោង​នៃ​ការជួបជុំ និង​ហែ​ក្បួន​នេះ​។

លោក​ថា សាលា​រាជ​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី តែ​កំណត់​អ្នកចូលរួម​មិនឲ្យ​លើស​ពី​២០០​នាក់ ហើយ​ហាម​មិន​ឲ្យ​ដើ​រហែ​ញត្តិ ដោយ​អនុញ្ញាតឲ្យ​តែ​តំណាង​ប្រមាណ​២០​នាក់​យក​ញត្តិ​ទៅ​ដាក់​ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា ដោយសារ​អ្នកចូលរួម​លើស​ពី​ចំនួន​ដែល​អនុញ្ញាត សាលា​រាជធានី​នឹង​ធ្វើការ​ជូនដំណឹង​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​។​

​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៤  សហជីព​ចំនួន​៦​បាន​ជូនដំណឹង​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ​ថា ការជួបជុំ​គ្នា​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤ ពី​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ គឺ​ដើម្បី​សម្តែង​មតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល និយោជក និង​អ្នកបញ្ជា​ទិញ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ជូន​កម្មករ​និយោជិត​។ ក្រៅពី​ការជួបជុំ​សម្តែង​មតិ ក៏​នឹង​មាន​ការ​ដង្ហែ​ក្បួន​ដាក់​ញ្ញត្តិ​ទៅ​រដ្ឋសភា​ជាតិ និង​ស្ថាប័ន​មួយចំនួន​ដូចជា ស្ថានទូត​អាមេរិក សហគមន៍​អឺរ៉ុប និង​ទីស្នាក់ការ​បញ្ជា​ទិញ​នៅ​កម្ពុជា​។​

​លោក ប៉ាវ ស៊ីណា បញ្ជាក់ថា ក្រុម​សហជីព​នឹង​ធ្វើ​ទៅ​តាម​គម្រោង​ដែល​បានរៀបចំ ទោះជា​ក្រសួង​មហាផ្ទៃ​ធ្វើ​ការឆ្លើយតប​យ៉ាងណាក៏ដោយ​។​

​គម្រោង​នៃ​ការជួបជុំ​នេះ​ធ្វើឡើង​ខណៈពេលដែល ក្រសួង​ការងារ បានប្រកាស​ពន្យារពេល​ក្នុង​ការប្រជុំ​ពិភាក្សា​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​គោល ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១០ ខែតុលា លើក​ទៅធ្វើ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៤​វិញ​។ ក្រសួង​ការងារ​បាន​អះអាងថា ការលើក​ពេល​ប្រជុំ​ពិភាក្សា​នេះ​គឺ​ដើម្បី​ទុក​ពេលវេលា​ឲ្យបាន​គ្រប់គ្រាន់់ សម្រាប់​ភាគី​ពាក់ព័ន្ធ​ធ្វើការ​ពិភាក្សា និង​ពិចារណា​ឲ្យបាន​គ្រប់​ជ្រុងជ្រាយ ដែល​អាច​ឈាន​ទៅរក​ការស្រុះស្រួល​គ្នា និង​អាច​ទទួលយក​បាន​រវាង​ភាគី​ទាំងសងខាង​។​

​សហជីព​ទាំង​៦​នោះ​រួមមាន សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ សម្ព័ន្ធ​សហជីព​ជាតិ សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហ៍កម្ម​វាយនភ័ណ្ឌ សហព័ន្ធ​ស​ហព​ជី​យុវជន​ឯករាជ្យ សហព័ន្ធ​សហជីព​ដើម្បី​កម្មករ និង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​៕

សូមសរសេរមកកាន់លោក អុិត សុធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles