Wed, 15 October 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
ក្រចេះ: សាលា ដំបូង ខេត្តក្រចេះ បាន សម្រេចធ្វើការចោទប្រកាន់ជន សង្ស័យជាយោធា នគរបាល និងកង រាជ អាវុធហត្ថចំនួន ៣នាក់ ពីបទមនុស្សឃាតដោយចេតនា បន្ទាប់ពីបានធ្វើការសាកសួរអស់រយៈពេលជាង ៣ ម៉ោង ទាក់ទិនករណីសម្លាប់លោក តាំង ទ្រី កាលពីម៉ោង ១ អធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។
ព្រះរាជអាជ្ញារង ខេត្តក្រចេះ លោក ធុច បញ្ចៈសន្តិភាព មានប្រសាសន៍ថា សាលាដំបូង ខេត្តក្រចេះ បានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យទាំង ៣ នាក់បន្ទាប់ពីការធ្វើការសាកសួរដេញដោលអស់រយៈពេលជាច្រើនម៉ោង និងដោយមានការសារភាពពីជនល្មើសទាំង ៣ នាក់។ លោកបានថ្លែងឲ្យដឹងថា៖ «យើងបានចោទប្រកាន់គាត់ទាំងបីនាក់ពីបទមនុស្សឃាតដោយចេតនាដោយសារតែគាត់សម្លាប់ភ្លាមៗ»។
យោងទៅតាមមាត្រា ទី១៩៩ នៃក្រមព្រហ្មទណ្ឌបានឲ្យដឹងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន ដល់មាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះគឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ ឆ្នាំទៅ ១៥ ឆ្នាំ។
លោក អ៊ុំ សុភី ស្នងការរងនគរបាល ខេត្តក្រចេះ បានថ្លែងឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ត្រូវបាននគរបាលបញ្ជូនទៅតុលាការតាំងពីម៉ោង ២ រសៀល។ ជនសង្ស័យទាំង ៣ នាក់បានសារភាពថា ខ្លួនជាជនដៃដល់ និងជាអ្នកពាក់ព័ន្ធក្នុងករណីសម្លាប់អ្នកកាសែតនៅចំណុច ទួលពន្លៃ ក្នុង ភូមិឃ្សឹមខាងក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ពិតមែន។ អ្នកទាំងបីនាក់នោះមាន ឈ្មោះ ឡា ណារ៉ុង អាយុ ៣២ឆ្នាំ ជាអតីតយោធា នៅ ខេត្តមណ្ឌលគិរី ជាជនដៃដល់ ឈ្មោះ ពិន ហៀង អាយុ ៣២ឆ្នាំ ជាប៉ូលិសនៅ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាម្ចាស់រថយន្តនិងលោក ខឹម ភក្តី អាយុ ២៧ឆ្នាំ ជាម្ចាស់កាំភ្លើងនិងជាមន្ត្រីប៉េអឹមនៅភ្នំពេញ។ លោកបានថ្លែងថា៖ «មូលហេតុដែលបង្កឡើងនោះគឺដោយសារជម្លោះមិនឲ្យឆ្លងទូក និងគំរាមចាប់ឈើ»។
សូមរំឭកថា នៅយប់ថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០១៤ ចន្លោះម៉ោង ១២ ទៅម៉ោង ១ យប់រំលងអធ្រាត្រ អ្នកកាសែតលោក តាំង ទ្រី អាយុ ៤៩ឆ្នាំ នៅសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់នៅចំណុច ទួលពន្លៃ ភូមិជួរគ្រាំង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ទាក់ទិនទៅនឹងការសម្លាប់នេះ អង្គការសារព័ត៌មានពីរ និងក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចេញសេចក្តីថ្លែងការដោយបានចាត់ទុកឃាតកម្មលើអ្នកកាសែតលោក តាំង ទ្រី ជាអំពើព្រៃផ្សៃសាហាវយង់ឃ្នង ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្មារតីនិងសុវត្ថិភាពអ្នកសារព័ត៌មាននៅកម្ពុជា។ និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធសំខាន់ស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា ឲ្យមានការស៊ើបអង្កេត ដើម្បីវែកមុខជនបង្កហេតុហើយនាំខ្លួនពួកគេទៅផ្តន្ទាទោសតាមច្បាប់ ដោយមិនលើកលែង។ នេះជាឃាតកម្មលើអ្នកកាសែតទី ១៣ ហើយ ចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យក្នុង ឆ្នាំ១៩៩៣៕
