Wed, 15 October 2014
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
រតនគិរីៈ អង្គការសង្គមស៊ីវិល បានចោទប្រកាន់ក្រុមទាហានសឹករង ស្រុកលំផាត់ ខេត្តរតនគិរី ថា បានចាប់ដកហូតម៉ាស៊ីនថតរូប និងរារាំងពួកគេនៅពេលចុះអង្កេតជម្លោះដីធ្លី រវាងពលរដ្ឋ និងក្រុមហ៊ុនវៀតណាម។
លោក ឆាយ ធី អ្នកសម្របសម្រួលសិទ្ធិមនុស្សអង្គការអាដហុក ខេត្តរតនគិរី បានឲ្យដឹងថា សកម្មជនអង្គការសិទ្ធិមនុស្សអាដហុក មានលោក ព្រហ្ម មុនី និងអង្គការលីកាដូ លោក សុវណ្ណ ប៊ុនថៃ បានចុះទៅធ្វើការអង្កេតពីជម្លោះដីធ្លីមួយ រវាងពលរដ្ឋ ២៧ គ្រួសារក្នុង ឃុំជ័យឧត្តម ស្រុកលំផាត់ ជាមួយនឹងក្រុមហ៊ុន វៀតណាម ហ័ងអាញ់ លំផាត់ លើទំហំផ្ទៃដីជាង ១០០ ហិកតា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋទាំងនោះ។
លោកបានបញ្ជាក់ថា៖ «ពលរដ្ឋបានតវ៉ាទាមទារយកដីនោះវិញ ហើយអង្គការយើងចុះអង្កេតតែត្រូវទាហានមួយក្រុមមានគ្នាប្រមាណ ២០ នាក់និងអាជ្ញាធរប្រហែល ១០ នាក់បានទៅរារាំង ដោយគំរាមកំហែង និងឆក់យកម៉ាស៊ីនថតរូបពីរគ្រឿង និងទូរស័ព្ទ ១ គ្រឿង»។
លោកបន្តថា ក្រុមទាហានទាំងនោះដឹកនាំដោយ លោក ស៊ន ពល ហើយឈ្មោះ ស៊ន ពល នោះបានបញ្ជាឲ្យកូនចៅលុបរូបថតដែលថតនៅកន្លែងពលរដ្ឋតវ៉ាចោលទាំងអស់។
លោក ឆាយ ធី បានអះអាងថា ដីទាំងនោះជាដីដូនតារបស់ប្រជាពលរដ្ឋ ហើយខ្លះ បានកាន់កាប់តាំងពី ឆ្នាំ១៩៧៩ មក ដោយធ្វើការដាំដុះលើដីនោះ។ លើសពីនេះដីមួយចំនួនត្រូវក្រុមនិស្សិតវាស់វែងឲ្យហើយ ប៉ុន្តែនៅតែក្រុមហ៊ុនធ្វើការឈូសឆាយ និងហ៊ុមព័ទ្ធរបងដើម្បីដាំដូងប្រេងទៀត។ ដោយសារតែពលរដ្ឋធ្វើការតវ៉ាក្រុមហ៊ុនបានប្រើប្រាស់កម្លាំងទាហានដើម្បីទប់ទល់នឹងពលរដ្ឋដោយបានកាត់ដីទំនាស់ចំនួន ៩ ហិកតាឲ្យទាហានយកទៅធ្វើបន្ទាយ។
លោក ធី បញ្ជាក់ថា៖ «ទាហានចោទយើងថា ទៅញុះញង់ពលរដ្ឋឲ្យតវ៉ាតែមិនពិតទេ។ ពលរដ្ឋតវ៉ាទាមទារយកដីគាត់វិញ។ ទាហានទៅវិញទេ ដែលប្រើអំណាច និងរារាំងអង្គការ»។
ទោះបីយ៉ាងណា លោក ស្រី សុផាត មេបញ្ជាការសឹករង ស្រុកលំផាត់ បានបដិសេធរាល់ការចោទប្រកាន់នោះ ដោយលោកថ្លែងថា មន្រ្តីសិទ្ធិមនុស្សទាំងពីរនាក់នោះ បានថតសកម្មភាពក្រុមទាហានដោយគ្មានការអនុញ្ញាត ហើយពួកគេក៏គ្មានប័ណ្ណសម្គាល់ខ្លួនផងដែរ។
លោក គង់ ស្រ៊ុន អភិបាល ស្រុកលំផាត់ ក៏បានឲ្យដឹងផងដែរថា ទាហានបានទទួលបញ្ជាឲ្យទៅឈរជើងនៅតំបន់នោះ បន្ទាប់ពីក្រសួងការពារជាតិ បានស្នើសុំដីពីក្រសួងបរិស្ថាន។
1
លោកអភិបាលបញ្ជាក់ថា៖ «ទាហានឈរជើងនៅទីនោះអត់មានពាក់ព័ន្ធនឹងក្រុមហ៊ុនទេ តែដើម្បីការពារសន្តិសុខប៉ុណ្ណោះ។ កន្លែងដែលឈរជើងនោះជាដីសុំពីបរិស្ថានមិនមែនក្រុមហ៊ុនឲ្យទេ»។ លោក គង់ ស្រ៊ុន ក៏បានអះអាងផងដែរថា ដីដែលពលរដ្ឋទាមទារនោះជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលរដ្ឋាភិបាលបានផ្តល់ឲ្យក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ។ ក្រោយមក ក្រុមហ៊ុន ដូពេញអាហ្គ្រីកូ បានសហការជាមួយនឹងក្រុមហ៊ុន ហ័ងអាញ់ លំផាត់ ដើម្បីដាំដូងប្រេងនៅលើផ្ទៃដីជាង ៨ ពាន់ហិកតា។
លោកបន្ថែមថា ប្រជាពលរដ្ឋមួយចំនួនបានទិញលក់ដីក្នុងដែនជម្រកសត្វព្រៃនោះពីឈ្មួញដីយ៉ាងអនាធិបតេយ្យដោយខុសច្បាប់ ហើយក្រោយមកបានចោទថា ក្រុមហ៊ុនរំលោភយកដីពួកគាត់ទៅវិញ៕