ព្រះមហាក្សត្រ​និង​សម្តេច​ម៉ែ​ព្រះរាជទាន​ឲ្យ​សៀវម៉ី​ចូល​គាល់​ថ្ងៃ​សៅរ៍

កញ្ញា ស៊ន សៀវម៉ី លើក​បង្ហាញ​មេដាយ​មាស ដែល​នាង​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី។

កញ្ញា ស៊ន សៀវម៉ី លើក​បង្ហាញ​មេដាយ​មាស ដែល​នាង​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី។ ស្រេង ម៉េងស្រ៊ុន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បន្ទាប់ពី​កញ្ញា​ ស៊ន សៀវម៉ី​ ដណ្តើម​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​មក មាន​សប្បុរសជន និង​ស្ថាប័ន​ឯកជន ស្ថាប័ន​រាជរដ្ឋាភិបាល​ក៏​ដូច​មហាជន បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ហើយ​បាន​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ជា​បន្តបន្ទាប់​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ដែល​គួរ​ឲ្យ​រីករាយ​សាទរផង​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ ស៊ន សៀវម៉ី មាន​មោទនភាព​ក្រៃលែង​បន្ថែម​ទៀត​នោះ គឺ​បាន​ទទួល​ព្រះរាជប្រទាន​ពី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ម៉ែ ជា​ទីសក្ការៈ​ឲ្យ​បាន​ចូល​គាល់ នៅ​ម៉ោង​១១​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៤ នៅ​ដំណាក់​គន្ធបុប្ផា ក្នុង​ព្រះបរមរាជវាំង​។

លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ទទួល​បាន​លិខិត​ពី​ក្រសួង​ព្រះបរមរាជវាំង​ជា​ផ្លូវការ ដោយ​បាន​អញ្ជើញ​កីឡាការិនី ស៊ន សៀវម៉ី ឲ្យ​ចូល​គាល់​ព្រះមហាក្សត្រ​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ មុនីនាថ សីហនុ​»។

លោក​បាន​បន្ត​ថា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ជូន​ដំណឹង និង​ប្រាប់​ឲ្យ ស៊ន សៀវម៉ី​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ក្រាប បង្គំ​គាល់​តាម​ការ​អញ្ជើញ​។

យោងតាម​លិខិត​អញ្ជើញ​របស់ ក្រសួង​ព្រះបរមរាជវាំង លេខ​៤៤៩ /១៤ ចុះ​ថ្ងៃ​ទី​១៣ ខែ​តុលា ២០១៤ ដែល​ចុះហត្ថលេខា​ដោយ​លោក​ឈា ហន រដ្ឋមន្ត្រី​អម​ក្រសួង​ព្រះបរមរាជវាំង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​គឺ​បាន​យោង​ព្រះរាជតម្រិះ​ដ៏ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ និង​សម្តេច​ព្រះមហាក្សត្រិយ៍​ព្រះវររាជមាតា​ខ្មែរ​សព្វ​ព្រះហឫទ័យ ប្រោសប្រទាន​ឲ្យ ស៊ន សៀវម៉ី ចូល​បង្គំ​គាល់​។

ទាក់ទង​នឹង​ដំណឹង​ដ៏រីករាយ​នេះ​ភ្នំពេញ​ប៉ុស្តិ៍​ព្យាយាម​ទាក់ទង​ស៊ន សៀវម៉ី ជាច្រើន​លើក​ច្រើនសា​កាលពី​ម្សិលមិញ ប៉ុន្តែ​នាង​ប្រាប់​ថា កំពុង​ជាប់​រវល់ៗ​ហើយ​ក៏​បិទ​ទូរស័ព្ទ​។ ទោះបី​យ៉ាង​ណា​ក៏​បណ្តាញ​សារព័ត៌មាន​និង​មហាជន​កំពុង​តែ​ទន្ទឹង​រង់ចាំ​មើល​ថា​តើ​ក្រោយពី​ការ​ចូល​គាល់​ព្រះមហាក្សត្រ​រួច​នោះ ស៊ន សៀវម៉ី​នឹង​ទទួល​បាន​ប្រាក់រង្វាន់ ឬ​ក៏​គោរមងារ ឋានៈ​ជា​អ្វី​?៕


What Next?

Recent Articles