ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី15 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សមត្ថកិច្ចខេត្តកំពង់ឆ្នាំង អះអាងថា ជនដៃដល់ម្នាក់ក្នុងចំណោមជនសង្ស័យច្រើននាក់ផ្សេងទៀត ដែលព្រួតគ្នាវាយសម្លាប់អ្នកសារព័ត៌មានកាលពីជិតមួយឆ្នាំមុន ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារហើយកាលពីកាលពីថ្ងៃអង្គារម្សិលមិញ។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ វេលាម៉ោងជិត១០យប់ អ្នកសារព័ត៌មានមាគ៌ាកម្ពុជា ប្រចាំស្រុកជលគិរី ខេត្តកំពង់ឆ្នាំង គឺលោក សួន ចាន់ ត្រូវមនុស្សមួយក្រុមមានគ្នាជាង១០នាក់ ព្រួតគ្នាវាយនឹងដំបងរហូតស្លាប់ ក្រោយពីជនរងគ្រោះបានចុះផ្សាយពីបទល្មើសនេសាទ ដែលសមត្ថកិច្ចមិនអាចទប់ស្កាត់បាន។
អធិការរងនគរបាលស្រុកជលគិរី ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ហី យ៉ុង ឲ្យ VOD ដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះថា ជនសង្ស័យម្នាក់ ឈ្មោះយ៉ង ភាឡេង អាយុ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅលើទូកនេសាទមួយ នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោយពីបុរសជាជនសង្ស័យរូបនោះ បានរត់គេចខ្លួនជិតមួយឆ្នាំ ក្រោយពីកើតហេតុ។
មន្ត្រីរូបនោះឲ្យដឹងទៀតថា ការចាប់ខ្លួននោះ ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តភ្លាមៗ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ លោកបន្ថែមថា «ចាប់នៅពេលហ្នឹង ដូចថា វាចេញចូលលួចលាក់ៗ ហើយយើងឃ្លាំមើលអ៊ីចឹងទៅ បានពេលហ្នឹងយើងចាប់បាន។ យើងនៅមានទៀត ប៉ុន្តែវាគេចភៀសខ្លួនអស់ហើយ រហូតដល់ឪពុកម្តាយខ្លះគាត់លក់ផ្ទះសម្បែង ភៀសខ្លួនទៅស្រុកខាងកំពង់ចាមនោះខ្លះ»។
ស្នងការរងលោក ប៉ុល វុទ្ធី អះអាងថា ពេលនេះជនសង្ស័យយត្រូវបាន សាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចដាក់ពន្ធនាគារបណ្តុះអាសន្ន រង់ចាំថ្ងៃបើកសវនាការ។ ជនសង្ស័យ៥នាក់ទៀត ដែលមានក្នុងដីកាទាក់ទិននឹងអំពើហិង្សាព្រួតគ្នាសម្លាប់អ្នកសារព័ត៌មាននោះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន។ លោកថា «អ្នកខ្លះបានយើងស្រាវជ្រាវទៅថា នៅភ្នំពេញ អ្នកខ្លះក៏បាត់ប្រភពព័ត៌មាន។ យើងកំពុងស្រាវស្រាវបន្ថែមទៀត»។
របាយការណ៍នានាបង្ហាញថា ២១ឆ្នាំក្រោយពីអ្នកនយោបាយប្រកាសដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ មានអ្នកសារព័ត៌មានយ៉ាងតិច១៣នាក់ត្រូវបានគេសម្លាប់ ដូចជាអ្នកសារព័ត៌មានមនសិការខ្មែរលោក ឃឹម សំបូរ លោក ហង្ស សេរីឧត្តម លោក ឯក មង្គល និងអ្នកសារព័ត៌មានមួយចំនួនទៀត ដែលឃាតកម្មទាំងនោះ ច្រើនឆ្នាំមកនេះ សមត្ថកិច្ចនៅមិនទាន់វែកមុខជនដៃដល់មកផ្តន្ទាទោស បើទោះបីឃាតកម្មថ្មីៗនៅខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំងត្រូវបានចាប់ខ្លួនក៏ដោយ។
យ៉ាងនេះក្តីក្រោយព្រឹត្តិការណ៍បាញ់សម្លាប់អ្នកសារព័ត៌លើកទី១៣ នៅខេត្តក្រចេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤នេះ អង្គការសារព័ត៌មានចំនួនបី ដូចជាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក្លឹបអ្នកកាសែតកម្ពុជា នឹងអង្គការអ្នកកាសែតគ្មានព្រំដែន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទៅនឹងទង្វើនេះ ដោយចាត់ទុកថា ជាអំពើព្រៃផ្សៃសាហាវយង់ឃ្នង គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្មារតី និងសុវត្ថិភាពអ្នកសារព័ត៌មាននៅកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែល ជំរុញឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតដោយតម្លាភាព នាំខ្លួនជនដៃដល់ពិតមកផ្តន្ទាទោសតាមច្បាប់ ដោយមិនលើកលែង ដើម្បីលុបបំបាត់និទណ្ឌភាពនៅកម្ពុជា៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com