ដោយ៖ ប្រែង សត្យាភិរក្ស
ថ្ងៃចន្ទ ទី20 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ជនជាតិដើមភាគតិចខេត្តរតនគិរីមកអាដហុក តវ៉ារឿងតុលាការនាំខ្លួនក្នុងជម្លោះដីធ្លី (រូបដោយ៖ អាដហុក ខេត្តរតនគិរី)
ជនជាតិដើមភាគតិច ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន ខូវ គឹមឡេង នៅភូមិប៉ាអរ ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី ប្រមាណ២៥នាក់ នៅថ្ងៃចន្ទនេះ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខតុលាការខេត្តរតនគិរី ដោយសារតុលាការ កោះហៅអ្នកភូមិ៣នាក់មកបំភ្លឺរឿងជម្លោះដីធ្លីតាមបណ្ដឹងរបស់ភាគីក្រុមហ៊ុន។
តំណាងអ្នកភូមិមានជម្លោះដីធ្លីម្នាក់ លោក ក្វាស សយ ប្រាប់VODនៅថ្ងៃចន្ទនេះថា ការតវ៉ារបស់ក្រុមអ្នកភូមិនាពេលនេះគឺដើម្បីឲ្យតុលាការរកយុត្តិធម៌ជូនពួកគាត់ និងតាមដានការសាកសួររបស់តុលាការចំពោះអ្នកភូមិចំនួន៣នាក់ដែលតុលាការបានកោះហៅឲ្យចូលខ្លួនមកបំភ្លឺនៅថ្ងៃនេះ កុំឲ្យមានការឃាត់ខ្លួនពួកគេ។
តំណាងអ្នកភូមិម្នាក់ទៀត លោក ក្វាស ឌឿន មានប្រសាសន៍ថា ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីទាំងអស់ សុំស្នើដល់ស្ថាប័នតុលាការ និងអង្គការពាក់ព័ន្ធនានា ជួយរកយុត្តិធម៌ជូនអ្នកភូមិប៉ាអរ ដែលកំពុងរងគ្រោះដោយការរំលោភយកដីរបស់ភាគីក្រុមហ៊ុន ខូវ គឺមឡេង ។ លោកថា ពលរដ្ឋបានរស់នៅលើដីនោះយូរមកហើយ ដូចនេះអ្នកភូមិដាច់ខាតមិនព្រមប្រគល់ដីឲ្យទៅក្រុមហ៊ុននោះទេ ហើយនឹងបន្តការតវ៉ារហូតដល់ទីបញ្ចប់។
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍ថា ទំនាស់ដីធ្លីនៅភូមិប៉ាអរនេះ គឺជារឿងរ៉ាំរ៉ៃ ដែលសមាគមអាដហុកបានតាមដាន និងជួយពលរដ្ឋជាបន្តបន្ទាប់ ដូចជាការជួយរកមេធាវីដើម្បីជួយតវ៉ាក្ដីឲ្យពួកគាត់ ។ លោកថា ទំនាស់នេះកើតឡើងដោយសារខាងក្រុមហ៊ុនបានទិញដីនៅភូមិផ្សេង ហើយវាតទីមកយកដល់ដីពលរដ្ឋនៅក្នុងភូមិប៉ាអរនេះ។
ពាក់ព័ន្ធនឹងករណីនេះ VODមិនទាន់អាចសុំការអធិប្បាយពីក្រុមហ៊ុន ខូវ គឺមឡេង និងចៅក្រមតុលាការខេត្តរតនគិរី លោកស្រី ជ័យ មាលា នៅឡើយទេ។
បើតាមប្រជាពលរដ្ឋឲ្យដឹងថា ជម្លោះដីធ្លីរបស់អ្នកភូមិប៉ាអរ និងក្រុមហ៊ុន ខូវ គឹមឡេង បានកើតឡើងតាំងពីឆ្នាំ២០០៤មកម្ល៉េះ ប៉ុន្តែការឈានដល់ការប្ដឹងផ្ដល់រវាងក្រុមអ្នកភូមិ និងភាគីក្រុមហ៊ុនគឹបានចាប់ផ្ដើមឡើងនៅឆ្នាំ២០១០រហូតមក ដែលជម្លោះនេះប៉ះពាល់ដល់អ្នកភូមិប្រមាណ៣២គ្រួសារ ដែលអះអាងថា បានរស់នៅតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ៕
សូមសរសេរមកកាន់លោក ប្រែង សត្យាភិរក្ស phireak1988.kth@gmail.com