​អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ធ្វើ​ពិធី​បុណ្យពុទ្ធាភិសេក​ ក្នុង​ការតម្កល់​បដិមា​នៅ​ប៉ម​កណ្ដាល​ប្រាសាទអង្គរធំ​

ដោយ៖​ បូ សាវី​
ថ្ងៃចន្ទ ទី20 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

រូបព្រះបដិមាមុនពេលត្រូវបាន​វាយបំផ្លាញ (រូបថត៖ បូ សាវី)

អាជ្ញាធរ​ជាតិ​អប្សរាឲ្យដឹងថា ខ្លួន​នឹង​ធ្វើ​បុណ្យ​ពុទ្ធសាសនា​មួយ​ក្នុង​ការតម្កល់​បដិមា​នៅ​ប៉ម​កណ្ដាល​នៃ​ប្រាសាទបាយ័ន​វិញ ដើម្បី​ទុក​ជាទី​គោរព​សក្ការៈ​។​

យោងតាម​លិខិត​ជូនដំណឹង របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ថ្ងៃ​ទី​១៩​ខែតុលា ដែល ​VOD ​ទទួលបាន​នៅ​ថ្ងៃ​ចន្ទ​នេះឲ្យដឹងថា បដិមា​នៅ​ប៉ម​កណ្ដាល​នៃ​ប្រាសាទ​អង្គរធំ ដែល​ស្ត្រី​ទេសចរ​ជនជាតិ​ហូឡង់​ម្នាក់​បាន​វាយ​បំផ្លាញ កាល​ពី​រំលង​អាធ្រា​ត្រ​ថ្ងៃទី​១០ ខែ​តុលា​នោះ ក្រុម​ជំនាញ​អភិរក្ស​ថ្ម នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល និង​ផ្គុំ​ឡើងវិញ​រួចរាល់​ជា​ស្ថាពរ​ហើយ​។ លិខិត​បាន​បន្ដថា អាជ្ញាធរ​នេះ​នឹង​រៀបចំ​ពិធី​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៣ ខែ​តុលា​ខាង​មុខ​នេះ ដើម្បី​តម្កល់​រូបសំណាក​នោះ​វិញ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​គោរពបូជា​។

កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៤​នេះ រូប​បដិមា​នៅ​ប៉ម​កណ្ដាល​នៃ​ប្រា​សាទ​បាយ័ន​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​វាយបំផ្លាញ​។ ក្នុង​ហេតុការណ៍​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​ហូ​ល្លង់​ម្នាក់​ដើម្បី​សួរនាំ ប៉ុន្ដែ​ស្ត្រី​រូប​នោះ​ត្រូវបាន​ដោះលែង​វិញ ដោយ​រក​មិនឃើញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​បដិមា​នោះ​។ ពេល​ស្ត្រី​រូបនោះ​ទៅ​ដល់​ប្រទេសញូវ​ហ្សេ​ឡែន ទី​ស្នាក់នៅ​អចិន្ត្រៃ​របស់​គាត់​វិញ គាត់​បាន​សារភាព​ថា គាត់​ជា​អ្នក​បំផ្លាញ​បដិមា​នៅក្នុង​ប្រាសាទបាយ័ន​នោះ​។ រហូតមកដល់​ពេលនេះ ស្ថាប័ន​នេះ មិនទាន់​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ណាមួយ លើ​ស្ដ្រី​រូប​នោះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការផ្ដល់​យោបល់​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ​ជាមុនសិន​៕

រូបបដិមាក្រោយពេលវាយបំផ្លាញដោយស្ត្រីជនជាតិ ញូវ​ហ្សេ​ឡែន

សូមសរសេរមកលោក​ បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles