កម្មករ​រោង​ចក្រ​​ Grand Twins ក្នុង​ខណ្ឌពោធិ៍សែនជ័យបន្ត​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​​

ដោយ៖​ អុិត សូធឿត​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ក្រុម​កម្មករ​ប្រមូល​ផ្ដុំ​មុខ​រោង​ចក្រ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ (រូបភាព​ពី​កម្មករ​​អ្នក​សារព័ត៌មាន​)

កម្មករ​រោង​ចក្រ ​Grand Twins ជាង​៤ពាន់​​នាក់​ នៅ​ថ្ងៃ​អង្គារ​​នេះ បន្ត​ការ​តវ៉ា​នៅ​មុខ​រោង​ចក្រដើម្បី​ទាមទារ​​ឲ្យ​​រោងចក្រ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ និង​លក្ខខណ្ឌ​ការ​ងារ​សមរម្យ​មួយ​ចំនួន បន្ទាប់​ពី​ការ​តវ៉ា​កាល​ពី​ម្សិលមិញ​មិន​ទទួល​បាន​ដំណោះ​ស្រាយ ។

​កម្មការនី​ដែល​​ចូល​រួម​ធ្វើ​ការ​តវ៉ា​ កញ្ញា វណ្ណេត​ ប្រាប់​VODនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កម្មករបាន​ប្រមូល​ផ្ដុំ​តាំង​ពី​ម៉ោង​៦កន្លះ​ព្រឹក​មកម្លេះ ហើយ​​នឹង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​ទទួល​ដំណោះ​ស្រាយ​សមរម្យ​ណាមួយ​ ។ កញ្ញា​ថា ការ​តវ៉ា​ថ្ងៃ​នេះគឺ​ដើម្បី​​ទាមទារ​លក្ខខណ្ឌ​ការ​ងារ​មួយ​ចំនួន​ដូចជា សុំ​ឲ្យដំឡើង​ប្រាក់​ថ្លៃ​បាយពេល​ថែម​ម៉ោង​នៅ​ថ្ងៃ​អាទិត្យ ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ១៥​ដុល្លារ ប្រាក់​ថ្លៃ​ជួល​ផ្ទះឲ្យ​គ្រប់​១០​ដុល្លារ សុំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចេញ​មុន​ម៉ោង​១៥នាទី និង​​​​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ដោយ​ស្ម័គ្រ​ចិត្ត​ជាដើម។

ក្រៅ​ពី​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ ក្រុម​កម្មករ​ក៏​អះអាង​ថា ពួកគេ​ក៏ទាមទារ​​ប្រាក់​អតីភាព​ការងារ​​ ដោយ​សារ​រោងចក្រ​នេះ​បាន​ប្ដូរ​ឈ្មោះពីរោង​ចក្រ QMI ទៅជា​​ Grand Twins ។

VOD​មិន​ទាន់​អាច​សុំ​ការបំភ្លឺ​ពីប្រធាន​ផ្នែក​រដ្ឋបាល​រោង​ចក្រ​​លោក ភួង វុទ្ធី បាន​នៅ​ឡើយ​ទេ​ដោយ​លោកអះអាង​ថា​កំពុង​ជាប់​រវល់ ។

យោង​តាម​កម្មករ​អះអាង​ថា រោង​ចក្រ Grand Twins ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​កម្មករ​បម្រើ​ការងារ​សរុប​ជាង​៧​ពាន់​នាក់ ៕

សូមសរសេរ​មកកាន់​លោក អុិត សូធឿត​ តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles