ញ៉ាំ​កង្កែប​អាំង​អំបិល​ម្ទេស​នៅ​ក្យូស​បណ្ដែត​ទឹក​ស្រះ​​ម្ដុំ​​​ក្រុង​តាខ្មៅ

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: អ្នក​រស់​នៅ​ទី​ក្រុង​តែង​តែ​ប្រាថ្នា​ចង់​ចេញ​ទៅ​ទទួល​ទាន​អាហារ​ក្បែរ​មាត់​ទឹក​ម្ដង​ម្កាល ដើម្បី​លម្ហែ​កាយ​ឲ្យ​ស្រស់​ស្រាយ​អារម្មណ៍ ក៏​ដូច​ជាបាន​ភ្លក្ស​រស​ជាតិ​ម្ហូប​ប្លែក​មាត់​ពី​ការ​ញ៉ាំ​បាយ​ផ្ទះ​ផង​ដែរ។

សម្រាប់​​អ្នក​ដែល​មិន​មាន​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ នៅ​ក្រុង​តាខ្មៅ​ក៏​មាន​កន្លែង​ទទួលទាន​លក្ខណៈ​ក្យូស​បណ្ដែត​ទឹកស្រះ​ដ៏ស្រឡះ​ភ្នែក​ផង​ដែរ។ នោះ​គឺ​ហាង ប៉ាលីណាឃីម ដែល​ជា​អាហារដ្ឋាន និង​កន្លែង​កម្សាន្ត​នៅលើ​ដីឡូត៍ មាន​ក្យូស​លើ​ស្រះទឹក និង​ថែម​ទាំង​អាច​ជិះ​កូន​ក្បូន​លេង​កម្សាន្ត​លើ​ផ្ទៃទឹក​ដ៏តូច​ហ៊ុមព័ទ្ធ​ដោយ​តូប​ប្រក់​ស្លឹក​ផង​ដែរ។

ហាង​លក្ខណៈ​គ្រួសារ​នេះ​មាន​ល្បី​ម្ហូប​ដូចជា ក្រួច​អាំង​អំបិល​ម្ទេស កង្កែប​អាំង​អំបិល​ម្ទេស​កង្កែប​ឆាក្ដៅ​ត្រកួន​ចុច​នំបុ័ង និង​ស៊ុប​អន្ទង់។

សម្រាប់​ម្ហូប​ចម្អិន​ពី​កង្កែប​វិញ​មាន​ការ​លក់ដាច់​ជាង​គេ​នៅ​ហាង​ប៉ាលីណាឃីម។ កង្កែប​អាំង​អំបិល​ម្ទេស​ដែល​មាន​រសជាតិ​ហឹរ​ជាប់​មាត់​នោះ អាច​ជា​គ្រឿងក្លែម ឬ​ទទួលទាន​ជាមួយ​បាយ​ក៏​បាន។

កង្កែប​នេះ​គេ​ចម្អិន​ដោយ​ពន្លាត់ ស្បែក​ប្រឡាក់​អំបិល និង​ម្ទេស ហើយ​អាំង​លើ​ចន្ទាស​ប្រើ​កម្ដៅ​ភ្លើង​ធ្យូង​តិចៗ​រយៈពេល​១៥​នាទី នោះ​ជា​ការ​ស្រេច។ កង្កែប​អាំង​អំបិល​ម្ទេស​មួយ​ចាន​មាន​តម្លៃ​១៥០០០​រៀល។

ហាង ប៉ាលីណាឃីម ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​២ ហួស​វត្ត​ក្រពើ​ហា​ចម្ងាយ​២០០​ម៉ែត្រ និង​បត់​ឆ្វេង​ត្រង់​ស្លាក​ផ្ទះ​សំណាក់​សុខា ទូរស័ព្ទ​០១២ ៣៤៥ ៨១៤ និង​០៨៩ ៩៣០ ៣០៤៕


What Next?

Recent Articles