យ៉ុង ចាន់កណ្ណិកា បញ្ចប់​ភាព​ក្រមុំ​ថ្ងៃ​ទី​៣១ តុលា

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បន្ទាប់ពី​ភ្ជាប់ពាក្យ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ នៅពេល​នេះ តារាចម្រៀង​ខ្លួន​តូច​ចិត្ត​ធំ​នាង យ៉ុង ចាន់កណ្ណិកា បាន​សម្រេចចិត្ត​ពី​ជីវិត​អាពាហ៍ពិពាហ៍ ដោយ​នាង និង​គូដណ្តឹង​នឹង​ដឹកដៃ​គ្នា​ចូល​រោងការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៤ ខាង​មុខ​នេះ។

ផ្ទុយពី​ការ​អះអាង​របស់​នាង​កន្លងមក ដែល​តែង​និយាយ​ថា គម្រោង​រៀប​មង្គលការ​របស់​នាង​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ បើ​ឆាប់​បំផុត​ក៏​ឆ្នាំ​២០១៥​នោះ ស្រាប់តែ​នៅពេល​នេះ តារាចម្រៀង​សំនៀង​ស្រួយស្រែស​ដូច​សារិកា​នាង យ៉ុង ចាន់កណ្ណិកា កំពុង​តែ​រវល់​រត់​ខ្វែង​ដៃ​ជើង​ចែក​សំបុត្រ​អាពាហ៍ពិពាហ៍ និង​ខាត់​ស្បែក​បន្ទុំ​សម្រស់​សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​ខិត​ជិត​មក​ដល់​។

នាង យ៉ុង ចាន់កណ្ណិកា និង​គូដណ្តឹង​លោក ចាន់ ចំណាន។ សេត គឹមសឿន

គួរ​បញ្ជាក់​ថា តារាចម្រៀង​ក្នុង​ត្រកូល យ៉ុង នាង យ៉ុង ចាន់កណ្ណិកា បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​យ៉ាង​រីករាយ​ជាមួយ​នឹង​បុរស​ក្រៅ​សង្គម​សិល្បៈ​លោក ចាន់ ចំណាន កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ តែ​ប៉ុន្មាន​ខែ​ក្រោយ​ពេល​ដែល​តារា​រូប​នេះ​បាន​បរាជ័យ​ស្នេហា​ជាមួយ​នឹង​បុរស​អាណិកជន​បារាំង​វ័យក្មេង​នោះ។

ក្រោយ​ភ្ជាប់ពាក្យ​តារា​រូប​នេះ​បាន​ប្រាប់​ថា នាង និង​គូដណ្តឹង​នៅ​មិន​ទាន់​ច្បាស់​ពី​គម្រោង​រៀប​មង្គលការ​នៅ​ឡើយ​ទេ។ ការ​ពោល​ឡើង​បែប​នេះ ទំនង​ដោយសារ​តែ កណ្ណិកា នាង​ខ្លាច​រអា​ស្នេហា​មួយ​នេះ ប្រេះឆា​ជាថ្មី​ម្តង​ទៀត ដូច្នេះ​នាង​ត្រូវការ​ពេលវេលា​ដើម្បី​សិក្សា​ពី​ចិត្ត​ថ្លើម​គ្នា​ឲ្យ​បាន​យូរ​បន្តិច​សិន។ ក្រោយ​មាន​ទំនុក​ចិត្ត​ស្រាប់តែ​ពេល​នេះ យ៉ុង ចាន់កណ្ណិកា បាន​ដើរ​ចែក​សំបុត្រ​រៀប​មង្គលការ​ព្រោងព្រាត​តែ​ម្តង​។

អ្នក​សិល្បៈ​មួយ​ចំនួន​ដែល​ជា​មិត្តភក្តិ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅពេល​នេះ ពួកគេ​បាន​ទទួល​សំបុត្រ​មង្គលការ​របស់​តារាចម្រៀង​នាង យ៉ុង ចាន់កណ្ណិកា រួច​ហើយ ហើយ​ពួកគេ​ក៏​បាន​បញ្ជាក់​ថា ពួកគេ​នឹង​ចូលរួម​នៅក្នុង​ពិធី​មង្គលការ​របស់​តារា​រូប​នេះ​មិន​អាក់​ខាន​ឡើយ​។
ពាក់ព័ន្ធ​នឹង​ការ​ដឹកដៃ​បុរស​ជា​គូស្នេហ៍​ចូល​រោងការ​នៅក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ យ៉ុង ចាន់កណ្ណិកា បាន​និយាយ​យ៉ាង​រីករាយ​ថា មង្គលការ​របស់​នាង​នឹង​រៀបចំ​ប្រមាណ​ជិត​១០០​តុ ហើយ​ភាគច្រើន​ជា​អ្នក​សិល្បៈ​។

នាង​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា៖ «ក្រោយ​រៀបការ​នេះ ខ្ញុំ​នឹង​បញ្ចប់​ភាព​ក្រមុំ​ហើយ»៕


What Next?

Recent Articles