កម្មកររោងចក្រ​ស៊ីនតាយ​ តវ៉ា​សុំអ​ន្តរាគមន៍ពី​ក្រសួង​ការងារ​​

ដោយ៖​ បាន​ វិទ្យា​​
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កម្មកររោងចក្រ​ស៊ីនតាយ តវ៉ានៅមុខក្រសួងការងារ (រូបថត៖ បាន វិទ្យា)

កម្មករ​ប្រ​មាណ​​​​២០០​នាក់នៅរោងចក្រ​​កាត់​ដេរខោ​ស៊ីងតាយ (Xing Tai)​ ស្ថិតក្នុង​ភូមិ​​ទឹកថ្លា​ ឃុំ​ទឹកថ្លា​ ស្រុក​សែនសុខ ដាក់ញតិ​ទៅ​ក្រសួង​ការងារ​ ដើម្បី​សុំអន្តរាគមន៍ពីស្ថាប័ន​មួយនេះ​ទាមទារ​លក្ខខណ្ឌ​ការងារជាង​៣០ចំណុច​។

លក្ខខណ្ឌ​ការងារមួយចំនួន​រួមមានលុយ​បាយ​ថ្ងៃ​ត្រង់​ លុយ​​​៥%ដែល​រោងចក្រ​មិន​ទាន់​ទូទាត់​ លុយ​​ព្រីម​ចំនួន​៥ដុល្លារ​បន្ថែម​លើលុយ​ដែល​មាន​​ស្រាប់​ លុយ​លើក​ទឹក​ចិត្ត​ចំនួន​១៥ដុល្លារ​ក្នុងរយៈពេល​១ខែ​ ប្តូរ​ពេទ្យប្រចាំការ​នៅក្នុង​រោងចក្រ​ មិនត្រូវរើសអើង​សហជីព​ និងបញ្ចប់​កិច្ចសន្យា​ស​ហជីព​ និង​ស្នើសុំ​ឲ្យ​រោងចក្រ​មាន​រថយន្ត​ពេទ្យ​សង្គ្រោះ​ប្រចាំការ​ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​កម្មករ​ទៅ​​មន្ទីរ​ពេទ្យ​ពេល​មាន​គ្រោះថ្នាក់​ជាដើម​។

កម្មការិនីផ្នែកដេរ​ អ្នកស្រី​ ញឹម​ សុភ័ក្រ​ ​ ​ប្រាប់​ VOD ​នៅ​ថ្ងៃ​ពុធ​នេះ​ថាភាគី​រោងចក្របាន​​រំលោភសិទិ្ធ​កម្មករ​ ដោយ​សារ​​ពេលខ្លះ​បណ្តេញកម្មករ​ ដោយគ្មានហេតុផលច្បាស់លាស់​។ ​អ្នក​ស្រី​បន្ត​ថាកម្ម​ករ​ទាមទារ​លក្ខ​ខណ្ឌ​​ការងារ​ឲ្យ​បាន​សមស្រប ដើម្បី​ជួយ​​សម្រួល​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

កម្មការីនីម្នាក់​ទៀត​ កញ្ញា ជីម ស្រី លើកឡើង​ថា​កម្មករ​ភាគ​ច្រើនចង់​ឲ្យ​ភាគី​រោងចក្រ​ដោះស្រាយ​​លក្ខខណ្ឌ​ការងារ​​៣ចំណុច​សំខាន់​​ ដូចជា​លុយ​បាយ​ថ្ងៃ​ត្រង់ លុយ​ស្នាក់នៅ​ និង​លុយធ្វើដំណើរ​ជាដើម​​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព ដោយសារ​តម្លៃផ្ទះ និងទឹក​បច្ចុប្បន្ន​ឡើង​ថ្លៃ​ទាំងអស់​។ ​កញ្ញា​​បន្ថែម​ថា​កម្មករ​មិន​ចង់​ធ្វើ​កូដកម្មទេ​ ដោយសារ​កន្លងមក​​កម្មករ​ជួប​បញ្ហា​ការងារ​ ហើយ​មិន​ទទួល​បាន​សិទ្ធិ​ការងារ​គ្រប់គ្រាន់ ដូចនេះ​ភាគី​រោងចក្រ​គួរតែ​ស្វែងរក​ដំណោះ​ស្រាយ​​​ជូនកម្មករឲ្យបាន​ឆា​ប់ៗ​​ បើមិន​ដូច្នោះ​ទេ ​កម្មករ​នឹងបន្ត​​ធ្វើកូដ​កម្ម​រហូត​ទទួល​ដំណោះ​ស្រាយ​។

ប្រធាន​សហព័ន្ធ​សហជីព​លើក​តម្កើង​ជីវភាព​កម្មករ​និយោជិក​ខ្មែរ​ លោក មុំ​ សា​រ៉ន មាន​ប្រសាសន៍ថា​ ការ​ស្វែង​រក​អន្តរាគមន៍​ពី​ក្រសួង​ការងារ​នេះ គឺ​ដើម្បី​​ជំរុញ​ការពារ​ពី​ការ​រំលោភ​សិទិ្ធ​ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​របស់​កម្មករ​។ លោកបន្ត​ថា​គណៈកម្មករ​ដោះស្រាយកូដកម្ម-បាតុកម្ម​នៃក្រសួង​ការងារ​ សន្យា​ថា​នឹងដោះស្រាយបញ្ហាកង្វល់​របស់​កម្មករ  ប៉ុន្តែ​ត្រូវ​ចំណាយ​ពេល​​ក្នុងការ​សម្របស​ម្រួល​​​ជាមួយ​ភាគី​រោងចក្រ​។

អគ្គ​លេខាធិការង​នៃ​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​-បាតុកម្ម​ លោក​ វង្ស​ សុ​វណ្ណ​ មាន​ប្រសាសន៍ថា​ ការ​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ​មាន​ការលំបាក​បន្តិច​ ពី​ព្រោះ​ថារាល់​ការ​ទាមទា​រ​​​ភាគច្រើ​ន​ជា​អត្ថប្រយោជន៍របស់កម្មករ​ជាជាង​សិទិ្ធ​ការងារ​ ប៉ុន្តែលោក​ថា​ក្រសួង​នឹង​ខិត​ខំព្យាយាម​​ស្វែងរ​ក​​ដំណោះ​ស្រាយ​។ លោក​បន្ថែមថា​មន្ត្រីទទួល​បន្ទុកវិវាទ​ការងារ​នឹង​ធ្វើចំណាត់ការ​តាមនីតិវិធី​ចំពោះ​បញ្ហានេះ ហើយនឹង​ធ្វើ​ការសម្របសម្រួល​ជាមួយ​ភាគី​រោងចក្រ​។

​VOD មិន​អាច​សុំ​ការ​អត្ថាធិប្បាយពីភាគីរោងចក្រ​ ដើម្បី​បកស្រាយ​​ជុំវិញ​បញ្ហានេះ​បាននៅ​ឡើយ​។

គួរ​បញ្ជាក់​ថា​ កម្មករ​រោងចក្រ​ស៊ីងតាយបានធ្វើ​កូដកម្មអស់​រយៈ​ពេល​៧ថ្ងៃ​ គឺចាប់តាំង​ពី​ថ្ងៃទី​១៦ខែតុលា ​ឆ្នាំ​២០១៤ ដើម្បីទាមទារ​លក្ខខណ្ឌ​ការងារ​ឲ្យ​សមស្រប​ ប៉ុន្តែកម្មករ​អះអាងភាគី​​រោងចក្រ​តែងតែ​ព្រងើយ​កន្តើយ​ក្នុង​ការ​រក​​ដំណោះស្រាយ៕

សូម​សរ​សេរ​មក​កាន់​កញ្ញា​ បាន​ វិទ្យា​ តាមរយៈ vitcheaban77@gmail.com

What Next?

Recent Articles