ដោយ អ៊ុង សេរីវុទ្ធ
2014-10-22
RFA

កម្មកររោងចក្រខេមបូយូនីសូ័ល តវ៉ានៅមុខរោងចក្រដោយមិនចូលធ្វើការ ដើម្បីទាមទារលក្ខខណ្ឌការងារពីថៅកែ នៅព្រឹកថ្ងៃទី ២២ តុលា ២០១៤។ Photo Provided
កម្មកររោងចក្រខេមបូ យូនីស៊ូល (Cambo Unisoll) ប្រមាណ ១.៦០០នាក់ ស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ធ្វើការតវ៉ាទាមទារលក្ខខណ្ឌ ៣ចំណុចពីថៅកែរោងចក្រ គឺទាមទារប្រាក់បាយថែមម៉ោងចំនួន ៣.២០០រៀល ប្រាក់ថ្លៃឡានធ្វើដំណើរ ១៥ដុល្លារ និងសុំដកប្រធានក្រុមផ្នែកដេរម្នាក់ចេញ។
ប្រធានសម្ព័ន្ធសហជីពសាមគ្គីភាពការងារ (CLSUF) លោក សៀង រិទ្ធី បានឲ្យដឹងតាមទូរស័ព្ទថា កម្មករធ្វើកូដកម្មមិនចូលធ្វើការតាំងពីរសៀលថ្ងៃទី២១ តុលា ហើយរហូតដល់ថ្ងៃទី ២២ ខាងថៅកែរោងចក្រមិនបានឆ្លើយតបដើម្បីដោះស្រាយយ៉ាងណានៅឡើយទេ ទោះបីជាមន្ត្រីមន្ទីរការងារខេត្តបានចុះទៅសម្រុះសម្រួលដើម្បីដោះស្រាយ ក៏ភាគីរោងចក្រមិនព្រមសហការ ដោយឆ្លើយតបថា នឹងដោះស្រាយផ្ទៃក្នុងកម្មករដោយខ្លួនឯង៖ «ខ្ញុំគិតថា រោងចក្រផ្ដល់អត្ថប្រយោជន៍កម្មករវាអត់សមស្របដែលអាចកម្មករទទួលយកបាន អ៊ីចឹងហើយយើងស្នើសុំឲ្យគាត់ពិចារណា ផ្ដល់ជូននូវអ្វីដែលកម្មករគួរតែបានហ្នឹង ដោយសារសាខា (រោងចក្រ) ផ្សេងទៀតគឺគេបានទាំងអស់ ដោយឡែកសាខា (រោងចក្រ) មួយហ្នឹងគាត់អត់ដំឡើងឲ្យ»។
វិទ្យុអាស៊ីសេរីបានព្យាយាមសុំការឆ្លើយបំភ្លឺពីទីប្រឹក្សាច្បាប់របស់រោងចក្រជាជនជាតិកូរ៉េម្នាក់ដែលមិនបានប្រាប់ឈ្មោះ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយជុំវិញការតវ៉ារបស់កម្មករទេ ពីព្រោះគ្មានការអនុញ្ញាតពីថៅកែរោងចក្រ។
លោក សៀង រិទ្ធី បញ្ជាក់ថា បើថៅកែមិនដោះស្រាយ ហើយនៅតែមិនអើពើចេញមកទេ លោកនឹងនាំកម្មករបិទផ្លូវដើម្បីឲ្យអាជ្ញាធរចូលរួមដោះស្រាយជាមួយថៅកែរោងចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រស៊ីងតាយនៅទឹកថ្លាសុំអន្តរាគមន៍ពីក្រសួងការងាររឿងលក្ខខណ្ឌការងារ
- អតីតព្រះចៅអធិការវត្តភ្នំខ្ពស់និងពុទ្ធបរិស័ទទៅតវ៉ាមុខវត្តព្រះមេគណខេត្តបាត់ដំបង
- កម្មកររោងចក្ររាប់ពាន់នាក់ព្រមានបិទផ្លូវជាតិលេខ៤
- សហជីពកម្មករ៖ ការបង្កើតក្រមសីលធម៌មុនចរចាគឺជាការរឹតបន្តឹងសិទ្ធិសេរីភាព
- កម្មករ៧នាក់របួសដោយសារបាក់ស្រុតពិតានអគាររោងចក្រនៅតាកែវ
- ពលករនៅកំពង់ឆ្នាំងដែលចាញ់បោកមេខ្យល់ស្នើសាលាឧទ្ធរណ៍ពន្លឿននីតិវិធី
- អតីតព្រះចៅអធិការវត្តនិងពលរដ្ឋនៅបាត់ដំបងតវ៉ាជាថ្មីចំពោះការដកតំណែងព្រះចៅអធិការ
- ក្រុមសហជីពកម្មករនៅខ្វែងគំនិតគ្នាការកំណត់ប្រាក់ឈ្នួលរបស់កម្មករ
- មូលហេតុដែលធ្វើឲ្យពលរដ្ឋខេត្តព្រៃវែងចំណាកស្រុកច្រើន