បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​ពិធី​រំលឹក​ខួប​កិច្ច​ព្រមព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស

ដោយ ម៉ៅ សុធានី
2014-10-21
RFA

គណបក្ស​សង្រ្គោះ​ជាតិ នឹង​រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី​២៣ នៃ​កិច្ច​ព្រមព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​តុលា នា​ទីស្នាក់ការ​របស់​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ ក្នុង​រាជធានី​ភ្នំពេញ។

នាយកខុទ្ទកាល័យ​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋ​សភា លោក មុត ចន្ថា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ប្រារព្ធ​ខួប​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ដោយសារ​ថ្ងៃ​២៣ តុលា នេះ យើង​មិន​អាច​បំភ្លេច​បាន​ទេ ព្រោះ​វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា។

លោក មុត ចន្ថា បន្ត​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​កម្ពុជា អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ជាង​ពីរ​ទសវត្ស បើក​ចំហ​ឲ្យ​មាន​សេដ្ឋកិច្ច​ទីផ្សារ​សេរី មាន​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​បញ្ចប់​វត្តមាន​របស់​កងទ័ព​បរទេស​នៅ​កម្ពុជា។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្រ្ត​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​នូវ​សមិទ្ធផល​មួយ​ចំនួន​បាន​មក​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ដែល​រួម​មាន​ការ​នាំ​មក​នូវ​សុខសន្តិភាព បញ្ចប់​សង្គ្រាម​ស៊ីវិល​រវាង​ខ្មែរ​និង​ខ្មែរ និង​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ទី​២ ជាដើម។

ក៏ប៉ុន្តែ​លោក​បណ្ឌិត សុខ ទូច គូស​បញ្ជាក់​ថា នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ទាំង​ស្រុង​នៅ​ឡើយ៖ «ទាក់ទង​នឹង​ការ​ប្រតិបត្តិ​ទូទៅ គឺ​យើង​ឃើញ​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស អត់​បាន​ធ្វើ​អ្វី​បញ្ចប់​របស់​ខ្លួន​បាន​ទេ។ ទី​១ សិទ្ធិ​មនុស្ស អត់​ទាន់​បាន​បំពេញ​គ្រប់គ្រាន់​ទេ យើង​ធ្វើ​ដំណើរ​ទៅ​ហើយ ទី​២ សារព័ត៌មាន​នៅ​មាន​កម្រិត ហើយ​ទី​៣ សិទ្ធិ​ទទួល​ខាង​ប្រព័ន្ធ​តុលាការ យើង​អនុវត្ត​នៅ​មាន​កម្រិត ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​ច្រើន​ជាង គេ​ហៅ​ថា តុលាការ​ដែល​មាន​ឯករាជ្យ​ក្នុង​អាជីព ហើយ​មួយ​ទៀត ការ​គោរព​រដ្ឋធម្មនុញ្ញ យើង​មិន​អនុវត្ត​បាន​ល្អ​ដែរ»

កិច្ច​ព្រមព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស ២៣ ខែ​តុលា ឆ្នាំ​១៩៩១ គឺ​ជា​កិច្ចសន្យា​បញ្ចប់​សង្រ្គាម​នៅ​កម្ពុជា រវាង​ភាគី​ជម្លោះ​ខ្មែរ​ទាំង​បួន គឺ​មាន​ភាគី​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា របស់​លោក ហ៊ុន សែន ភាគី​ហ៊្វុនស៊ិនប៉ិច របស់​សម្តេច សីហនុ ភាគី​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោក​តា សឺន សាន និង​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​របស់​លោក ខៀវ សំផន ដែល​តំណាង​អោយ​ក្រុម​ខ្មែរ​ក្រហម។ ក្រៅ​ពី​ភាគី​កម្ពុជា កិច្ច​ព្រមព្រៀង​សនិ្តភាព​នេះ ក៏​មាន​តំណាង​ប្រទេស​ចំនួន ១៨​ផ្សេង​ទៀត ចុះ​ហត្ថលេខា​ធ្វើ​ជា​សាក្សី​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles