ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ថា ​បង្គាប់​ឲ្យ​បង់​ប្រាក់​ដើម្បី​រត់ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី​​

ដោយ៖​ ញឹម សុខន​
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​ក្រចេះ ចោទ​អាជ្ញាធរ​ខេត្ត​ថា តម្រូវឲ្យ​ពួក​គេ​បង់​ប្រាក់​រហូត​ដល់​៥០​ភាគរយ​នៃ​តម្លៃ​ដី ដែល​ពួកគេ​កំពុង​រស់នៅ​ជិត​៣០​ឆ្នាំ​មកនេះ មុន​ចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ស្រប​ច្បាប់​ឲ្យ​។​

តំណាង​ពលរដ្ឋ​ម្នាក់ លោក លី ម៉េង​ហាង ឲ្យ VOD ដឹងថា​កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៤ ម្សិលមិញ​មន្ត្រីខេត្ត​បាន​កោះប្រជុំ​ពួកគាត់​២៤​គ្រួសារ ដែល​កំពុង​រស់​នៅ​ជាប់​សាលាក្រុង​ក្រចេះ ដើម្បី​បញ្ជាក់​ពី​ការធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី​។​

ក្នុង​កិច្ចប្រជុំ​នោះ អភិបាលរង​ខេត្ត លោក ជាក់ ម៉េង​ហាង បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ត្រូវ​បង់​ប្រាក់​ឲ្យ​សាលាខេត្ត រហូតដល់​ទៅ​ទៅ​៥០​ភាគរយ​នៃ​តម្លៃ​ដី ដែល​ពួកគេ​កំពុង​រស់នៅ ដែល​អ្នក​ភូមិ​មិន​អាច​ទទួលយកបាន​។ លោក​មានប្រសាសន៍ថា «​ដំបូង​ឡើង​គាត់​និយាយ​ថា អាច​នឹង​៥០​ភាគរយ​ម្នាក់ ឧទាហរណ៍​ថា​ដី​ហ្នឹង​១០​ម៉ែត្រ​គាត់​ឲ្យតែ​៥​ម៉ែត្រ​ទេ បានន័យថា ៥​ម៉ែត្រ​ទៀត​ត្រូវ​ប្រគល់​លុយ​ជូន​ទៅ​រដ្ឋ​»​។​

​លោក លី ម៉េង​ហាង ឲ្យដឹងទៀតថា ដី​ដែល​ពួកគេ​កំពុង​រស់នៅ​នោះ មាន​ក្បាល​ពី​៧​ទៅ​៨​ម៉ែត្រ និង​បណ្តោយ​១៨​ម៉ែត្រ ដែល​អាច​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ ឬ​លើស​ពីនេះ​។​
​អភិបាលរង​ខេត្ត​ក្រចេះ លោក ជាក់ ម៉េង​ហាង ទទួលស្គាល់ថា លោក​ពិតជា​បាន​ស្នើ​ឲ្យ​ពលរដ្ឋ បង់ប្រាក់​តាម​ការស្ម័គ្រចិត្ត​ប៉ុណ្ណោះ ដើម្បី​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​នេះ មិនមែន​កំណត់​តម្លៃ​ដាច់ខាត​ណា​មួយ​ដូច​ការចោទប្រកាន់​ទេ​។ លោក​បន្ថែមថា «​ប្រសិន​គាត់​បដិភាគ​ថា បន្តិចបន្តួច ឧទាហរណ៍​ថា ១​ឡូត៍​ទៅ ៤០០-៥០០៛ អាហ្នឹង​គណៈកម្មការ​អត់​មាន​កំណត់​ទេ​ថា ខ្ញុំ​ធ្វើ​សំណើ​ថា បើ​ប្រជាជន​ចង់បាន​ប្រជាជន​ពេញ​ច្បាប់​សុំ​ឲ្យ​ថ្នាក់លើ យើង​ធ្វើ​សំណើ​ទៅ​ថា្នក់​លើ​ហ្នឹង សុំ​ការអនុញ្ញាត​ថា ប្រសិន​ប្រជាជន​ព្រម​បង់​អ៊ីចឹង ព្រម​កាត់​សារពើ​ភណ្ឌ​ហ្នឹង​ឲ្យទៅ​គាត់​ជា​កម្មសិទ្ធិពេញ​ច្បាប់អត់ មាន​តែ​ប៉ុណ្ណឹង​ទេ អត់​មាន​បង្ខិតបង្ខំ​ទេ អ្នក​ដែល​និយាយថា​៥០​ភាគរយ​អីហ្នឹង​គឺ​ខុស​ហើយ គឺ​និយាយ​អត់​ត្រឹមត្រូវ​ទេ​»​។​

​មន្ត្រី​សម្របសម្រួល​របស់​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​ក្រចេះ លោក ហេង ភារៈ ពន្យល់ថា បើ​ពិនិត្យ​ទៅ​ឃើញ​ថា ពលរដ្ឋ​២៤​គ្រួសារ​នោះ​ពិតជា​បាន​រស់នៅ​តំបន់​នោះ​ច្រើន​ឆ្នាំ​ដូច​ការអះអាង​មែន ពលរដ្ឋ​ជា​ម្ចាស់​ភោគៈ​ស្របច្បាប់ ហើយ​ពលរដ្ឋ​ត្រូវមាន​កាតព្វកិច្ច​បង់ពន្ធ​ចូល​រដ្ឋ​តាច​ច្បាប់​កំណត់ សម្រាប់​ដី​ស្រែ​មួយ​ម៉ែត្រការ៉េ​ត្រឹម​១០០​រៀល ចំណែក​ដី​ក្នុង​ក្រុង​អាច​ដល់​២០០០​រៀល​ក្នុង​មួយ​ម៉ែត្រការ៉េ បើ​អាជ្ញាធរ​ទារ​លើសពីនោះ លោក​ថា​ជា​រឿង​ពុករលួយ​។​

តាម​អ្នកភូមិ​អះអាងថា កាលពី​ឆ្នាំ​១៩៧៩​ពួកគេ​២៤​គ្រួសារ​នេះ បាន​មក​រស់នៅ​ក្នុងភូមិ​ស្រែ​ស្តៅ ឃុំ​ឫស្សី ស្រុក​ក្រចេះ ខេត្ត​ក្រចេះ លុះ​ដល់​ឆ្នាំ​១៩៩៧​អាជ្ញាធរ​បាន​យក​ដី នៅ​ទីតាំង​នោះ​ធ្វើជា​សាលាស្រុក ដោយ​តម្រូវ​ឲ្យ​ពួកគាត់​មក​រស់នៅ​កន្លែង​ថ្មី ក្នុង​ភូមិ​ឃុំ​ដដែល​រហូត​បច្ចុប្បន្ននេះ​។​

តំណាង​អ្នក​ភូមិ​ព្រមាន​ថា បើ​អាជ្ញាធរ​ខេត្ត​នៅតែ​តម្រូវឲ្យ​ពួក​គេ​បង់​ប្រាក់ ជា​ថ្នូរ​នឹង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ពួកគេ​រស់​ជាង​៣០​ឆ្នាំ​មកនេះ ពួកគេ​នឹង​ឡើងមក​តវ៉ា​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី​ដើម្បី​រក​យុត្តិធម៌​៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles