2014-10-22 11:39 by
ភ្នំពេញប៉ុស្តិ៍
យ៉ាងហោចណាស់ក៏មានកម្មការិនីបម្រើការនៅក្នុងរោងចក្រ Nishiku Enterprise Co., Ltd ៤នាក់បានរងរបួសស្រាលនិង២នាក់សន្លប់ដោយសារតែស្រុតបាក់អគារទៅក្នុងអាងទឹក ព្រោះតែសំណង់អគារមិនមានស្តង់ដារ កាលពីថ្ងៃម្សិលមិញស្ថិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទីខេត្តតាកែវ។
កម្មការិនីរោងចក្រ ៦ នាក់បានរងរបួសដោយសារស្រុតអគារ
Wed, 22 October 2014
ម៉ៃ ទិត្យថារ៉ា and Sean Teehan
ភ្នំពេញប៉ុស្តិ៍
តាកែវៈ យ៉ាងហោចណាស់ក៏មានកម្មការិនីបម្រើការនៅក្នុងរោងចក្រ Nishiku Enterprise Co., Ltd ៤ នាក់បានរងរបួសស្រាលនិង ២ នាក់សន្លប់ដោយសារតែស្រុតបាក់អគារទៅក្នុងអាងទឹក ព្រោះតែសំណង់អគារមិនមានស្តង់ដារ កាលពីថ្ងៃម្សិលមិញស្ថិតនៅក្នុង ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។
លោក សោម ហោ អនុប្រធានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ២០១ ស្ថិតក្នុង ឃុំពត់ស ដែលបានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍បាក់ស្រុតអគារនោះបានកើតឡើងនៅព្រឹក ម៉ោងប្រមាណជា ៩ និង ៣០ នាទី ដោយអគារស្រុតចុះទៅក្នុងអាងទឹកមួយដែលមានបណ្តាយប្រវែង ៤០ ម៉ែត្រ និងទទឹង ២០ ម៉ែត្រ ហើយនៅក្នុងឧបទ្ទវហេតុនោះបានបណ្តាលឲ្យកម្មការិនី ៤ នាក់រងរបួសស្រាលដូចជាខ្នង និងជើង និងកម្មការិនី ២ នាក់ទៀតបានសន្លប់ដោយសារតែការភ័យរន្ធត់។ លោកបានថ្លែងថា៖ «តាមការសន្និដ្ឋានជំហានដំបូងនោះគឺវាកើតឡើងដោយសារតែបញ្ហាបច្ចេកទេសសាងសង់ពីព្រោះគេចាក់បេតុងប៉ុន្តែពុំមានដែក»។
លោកថ្លែងឲ្យដឹងថា កម្មការិនី ៦ នាក់ដែលមានរងរបួសនិងសន្លប់នោះមានដូចជា នួន ធី អាយុ ៣៣ឆ្នាំ សៀន សុផាន អាយុ ៣៣ឆ្នាំ ដួង ម៉ាល័យ អាយុ ៣៣ឆ្នាំ អឿ ពេជ្រ អាយុ ៤៦ឆ្នាំ ឡុង ចាន់រ៉ុង អាយុ ២៤ឆ្នាំ និង ធន ធារី អាយុ ២៩ឆ្នាំ។
លោក ឡាយ សុខា អភិបាល ស្រុកបាទី ដែលចុះទៅកន្លែងកើតហេតុនោះបានថ្លែងថា អ្វីដែលបានកើតឡើងនេះគឺបើតាមការសន្និដ្ឋានរបស់លោកដោយសារតែខាងរោងចក្រសាងសង់ពុំគោរពទៅតាមស្តង់ដារ ដែលបានបង្ហាញទៅអាជ្ញាធរចំពោះប្លង់មេរបស់ខ្លួន។ លោកថ្លែងថា៖ «យើងសុំឲ្យមន្ត្រីដែលពាក់ព័ន្ធចុះត្រួតពិនិត្យសំណង់រោងចក្រឡើងវិញពីព្រោះភាគីរោងចក្រពុំបានអនុវត្តតាមគម្រោងប្លង់មេទេ ទើបបានជាមានបញ្ហាដូចលើកនេះ»។
និយាយទាំងនៅមានអាការភិតភ័យនៅឡើយបន្ទាប់ពីលូនចេញពីរណ្តៅស្រុតចុះជាមួយម៉ាស៊ីនដេរ កញ្ញា ខាត់ សូរិយា ដែលនៅក្នុងហេតុការណ៍បានថ្លែងថា ដំបូងឡើយកញ្ញាបានឮស្នូរសំឡេងប្រឹបៗនៅខណៈកញ្ញាកំពុងតែដើរយកកន្ត្រៃទៅឲ្យអ្នកផ្សេងទៀត។ កញ្ញាបានប្រាប់៖ «ខ្ញុំគ្រាន់តែឮប្រឹបៗខ្ញុំរត់ថយក្រោយប៉ុន្តែ ក៏បាក់បេតុងដែលខ្ញុំកំពុងឈរ ខ្ញុំក៏ធ្លាក់ទៅជាមួយម៉ាស៊ីន ប៉ុន្តែខ្ញុំសំណាង ខ្ញុំមិនបានរងរបួសអីទេ ខ្ញុំព្យាយាមលូនចេញពីគំនរនោះ»។
កញ្ញាបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីបាក់មកកម្មករស្រែកយំទ្រហោពេញរោងចក្រនិងនាំគ្នារត់ចេញ ក្រោយមកនៅពេលចេញមកក្រៅក៏សួររកគ្នាឯង ថាតើបាត់អ្នកណាខ្លះរួចក៏វិលត្រឡប់ទៅកន្លែងបាក់វិញដើម្បីទាញអ្នកដែលរើមិនរួចឡើងមកលើ។ កញ្ញាថា៖ «ពួកយើងកំពុងតែធ្វើការដូច្នេះពួកយើងរន្ធត់បំផុត»។
ដៃព្យួរសៀរ៉ូមដេកនៅគ្រែខាងមុខបន្ទប់នៅឯមន្ទីរពេទ្យបង្អែក ស្រុកបាទី កញ្ញា ឡុង ចាន់រ៉ុង ដែលរងរបួសធ្ងន់ត្រង់ខ្នង និងជើងខាងស្តាំ បានបម្រើការនៅក្នុងរោងចក្រនោះបាន ២ ឆ្នាំបានថ្លែងថា កញ្ញាកំពុងតែអង្គុយដេរ ស្រាប់តែឮសំឡេងប្រឹបកញ្ញាក៏ធ្លាក់ទៅជាមួយម៉ាស៊ីនតែម្តង ហើយម៉ាស៊ីនផ្សេងក៏បានវាយត្រូវខ្នងនិងសង្កត់ត្រូវខ្នង ធ្វើឲ្យកញ្ញាសន្លប់បាត់ស្មារតីតែម្តង។ កញ្ញាថា៖ «ខ្ញុំវិលមុខ ក្អួតអង្គុយមិនកើត។ ខ្ញុំកំពុងតែមានការភ័យខ្លាចមិនដឹងថា តើត្រូវទៅធ្វើការកន្លែងនោះវិញយ៉ាងម៉េចនោះទេ ពីព្រោះខ្ញុំនៅភ័យ»។
ដៃព្យួរសៀរ៉ូម ជើងឆ្វេងលាភថ្នាំក្រហមលើមុខរបួសអ្នកស្រី អឿ ពេជ្រ និយាយនៅពេលដែលសម្រាកព្យាបាលថា នេះគឺជាលើក ទី១ ដែលបានកើតឡើងចំពោះអ្នកស្រីក៏ដូចជាកម្មការិនីដទៃទៀត ហេតុដូច្នេះហើយទើបពុំមានកម្មករណាចាប់អារម្មណ៍ទៅនឹងសំឡេងនោះ។ អ្នកស្រីថ្លែងថា៖ «វាកើតឡើងលឿនពេក គ្រាន់តែឮប្រឹបម៉ាស៊ីននិងកម្មករធ្លាក់ចុះតែម្តង។ ខ្ញុំភ័យរន្ធត់បំផុត តែសំណាងល្អពួកយើងពុំមានអ្នកស្លាប់»។
អ្នកស្រីបានថ្លែងថា បន្ទាប់ពីស្រុតចុះជាមួយម៉ាស៊ីនចូលនៅក្រោមដែលមានកម្ពស់ជាង ១ ម៉ែត្រអ្នកស្រីបានស្រវាវារឡើងមកលើវិញ ហើយនៅក្បែរអ្នកស្រីក៏មានកម្មករ ២ នាក់ទៀតកំពុងតែនាំគ្នាប្រឹងរើបម្រះពីម៉ាស៊ីនដើម្បីវារឡើងមកលើវិញ ដោយមានអ្នកខ្លះឡើងមិនរួចស្រែកហៅគេឲ្យជួយ។ អ្នកស្រីថា៖ «ខ្ញុំនឹងបន្តធ្វើការនៅកន្លែងដដែល បើទោះជាខ្ញុំខ្លាចក៏ដោយពីព្រោះខ្ញុំគ្មានជម្រើស ប៉ុន្តែខ្ញុំសង្ឃឹមថា ខាងរោងចក្រនឹងធ្វើថ្មីឲ្យមានស្តង់ដារជាងនេះ»។
នៅក្នុងរោងចក្រមានម៉ាស៊ីនចំនួន ៨ ជួរបានស្រុតចុះកំណាត់និងម៉ាស៊ីននៅរាយប៉ាយពេញកន្លែងកើតហេតុព្រមទាំងពិតានមួយចំនួនក៏បានធ្លាក់ចុះផងដែរ ចំណែកឯស្បែកជើងរបស់កម្មការិនីជាច្រើនគូបាននៅរាយប៉ាយនៅកន្លែងនោះផងដែរចំណែកនៅបរិវេណខាងក្រៅមានមនុស្សជាង ១០០ នាក់បានឈរចាំស្តាប់លទ្ធផលដោយសារតែសន្តិសុខបានបិទទ្វារចូលរោងចក្រពុំអនុញ្ញាតឲ្យពលរដ្ឋចូលមើល។
ប្រធានផ្នែកធនធានមនុស្សនៃរោងចក្រ Nishiku អ្នកស្រី ច័ន្ទ ម៉ូនីកា បានថ្លែងនៅកន្លែងកើតហេតុថា នៅអគារ B ដែលស្រុតចុះនោះមានកម្មការិនីធ្វើការប្រមាណជា ៨០០ នាក់នៃចំនួនកម្មករសរុប ១៩៥០ នាក់ ប៉ុន្តែមានមនុស្សតែ ៤ នាក់ប៉ុណ្ណោះបានរងរបួសស្រាលនិង ២ នាក់ទៀតបានសន្លប់ដោយសារតែពួកគាត់មានការរន្ធត់។ អ្នកស្រីថា៖ «បន្ទាប់ពីកើតហេតុយើងឲ្យប្រធានក្រុមគ្រប់ផ្នែកពិនិត្យកម្មករប៉ុន្តែពុំមាននរណាម្នាក់បាត់ខ្លួននោះទេ។ មូលហេតុដែលស្រុតចុះនោះដោយសារតែជីកអាងស្តុកទឹកសម្រាប់ប្រើប្រាស់»។
អ្នកស្រីបានថ្លែងថា រោងចក្ររបស់អ្នកស្រីដេរសម្លៀកបំពាក់និងនាំចេញទៅទីផ្សារអឺរ៉ុប ដែលមានថៅកែជាជនជាតិចិនដីគោក ហើយនេះគឺជាបញ្ហាដែលបានកើតឡើងលើក ទី១ ហើយនៅក្នុងរោងចក្រនេះ។ អ្នកស្រីបាននិយាយថា៖ «បន្ទាប់ពីមានបញ្ហាហើយខ្ញុំឲ្យកម្មករសម្រាកតែខ្ញុំមិនទាន់កំណត់ពេលថា តើឲ្យឈប់សម្រាករហូតដល់ពេលណានោះទេ»។
លោក ធូ ហួត ប្រធានការិយាល័យប្រតិបត្តិ ស្រុកបាទី បានថ្លែងថា តាមការពិនិត្យពីស្ថានភាពអ្នកដែលរងរបួសទាំងអស់នោះគឺគាត់ពុំធ្ងន់ធ្ងរទេ គឺគ្រាន់តែរបួសរលាត់ខាងក្រៅប៉ុណ្ណោះ គឺមានតែម្នាក់ដែលសន្លប់មានអាការធ្ងន់តម្រូវឲ្យមានការថតមើលខ្នងរបស់គេ។ លោកថា៖ «ពួកគាត់សម្រាក ២ ទៅ ៣ ថ្ងៃគ្រាន់បើឡើងវិញហើយ»។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលច្បាប់សម្រាប់អប់រំសហគមន៍ថ្លែងថា ការស្រុតចុះរោងចក្រនេះគឺបង្ហាញពីការមិនទទួលខុសត្រូវរបស់រដ្ឋពីព្រោះពុំបានពិនិត្យមើលគុណភាពសំណង់ឲ្យបានច្បាស់លាស់ ការសាងសង់ដោយពុំមានបច្ចេកទេសត្រឹមត្រូវ។ លោកថា៖ «ក្រសួងដែនដីនគរូបនីយកម្មគួរតែពិនិត្យមើលអគារសំណង់ឲ្យបានច្បាស់លាស់នេះបង្ហាញពីភាពកម្សោយរបស់រដ្ឋ»។
សូមរំឭកផងដែរថា កាលពី ខែឧសភា ឆ្នាំ២០១៣ កន្លងមករោងចក្រមួយឈ្មោះ វីងស្តារស៊ូ ស្ថិតនៅក្នុង ខេត្តកំពង់ស្ពឺ បានបាក់រលំបណ្តាលឲ្យកម្មករម្នាក់ស្លាប់ និងកម្មករមួយចំនួនទៀតបានរងរបួស៕