ដោយ៖ សុវណ្ណ ប៊ុនថៃ និង ទូច សុខា
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបអ្នកទោសទាំង៦នាក់ដែលបានរត់បាត់ (រូបភាព៖ សុវណ្ណ ប៊ុនថៃ)
អាជ្ញាធរខេត្តរតនគិរីឲ្យដឹងថា នៅម៉ោងប្រហែល៣ទៀបភ្លឺថ្ងៃទី២៣ ខែតុលានេះ អ្នកទោសចំនួន៧នាក់នៅក្នុងខេត្តនេះបានលួចហែកគុករត់គេចខ្លួន ។
ស្នងការនគរបាលខេត្តរតនគិរី លោក នួន គឿន ប្រាប់VOD ឲ្យដឹងថា អ្នកទោស៧នាក់ដែលបានហែកគុករត់គឺជាអ្នកទោសគ្រឿងញៀន និងលួចម៉ូតូ ហើយពេលនេះអ្នកជំនាញខេត្តកំពុងធ្វើការជាមួយប្រធានពន្ធនាគារ និងព្រះរាជអាជ្ញារង ដើម្បីតាមចាប់ខ្លួនអ្នកទោសទាំងនោះ។ លោកថា សមត្ថកិច្ចបានបញ្ជូនអត្តសញ្ញាណទណ្ឌិតទាំងនោះទៅតាមស្រុក និងប៉ុស្តន៍នគរបាលក្នុងខេត្ត និងតាមបណ្តាខេត្តជិតខាងដើម្បីសុំកិច្ចសហការណ៍ និងជួយស្រាវជ្រាវចាប់ទណ្ឌិតទាំងនោះ។ លោកបន្ថែមថា រហូតមកដល់ពេលនេះ មានអ្នកទោសម្នាក់ត្រូវបានចាប់ខ្លួនមកវិញហើយ និងកំពុងធ្វើការសួរចម្លើយ។
អ្នកសម្របសម្រួលប្រចាំខេត្តរតនគិរីរបស់សមាគមអាដហុក លោក ឆាយ ធី ដែលបានចុះទៅអង្កេតផ្ទាល់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងដែរថា អ្នកទោសទាំងនោះលួចរត់ចេញពីគុកដោយបានប្រើកន្រៃ្តកាត់ដែក ដើម្បីកាត់ចម្រឹងបង្អួច និងប្រើជណ្តើរសម្រាប់ផ្លោះរបងគុក។
លោក ឆាយ ធី បានដាក់ការសង្ស័យថា ប្រហែលជាមានផែនការគិតទុកជាមុនចំពោះការលួចរត់របស់ អ្នកទោសនេះ ហើយលោកកំពុងធ្វើការសើបអង្គេតលើរឿងនេះបន្ថែមទៀត។
VOD មិនទាន់អាចសុំការអធិប្បាយពីប្រធានពន្ធនាគារខេត្តរតនគិរី លោក ទិន សុវន្នី បាននៅឡើយទេ ដោយលោកប្រាប់ថាកំពុងជាប់រវល់៕

ចម្រឹងបង្អួច ដែលអ្នកទោសលួចកាត់

សូមសរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com