ការ​ពិភាក្សា​​លើ​លក្ខណៈ​សម្បត្តិសមាជិកគជប ទំនង​នឹង​បញ្ចប់​នៅ​សប្តាហ៍ក្រោយ​

ដោយ៖​ ញឹម សុខន​
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com

មន្រ្តីគណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ឲ្យ​ដឹង​ថាការ​ពិភាក្សា​លើ​លក្ខណៈ​សម្បត្តិ​របស់​សមាជិក​គជប​ សម្រេច​បាន​​​៩៧ភាគរយ ហើយ​ចំណុចសេសសល់​នឹងត្រូវបញ្ចប់​នៅដើមសប្តាហ៍ក្រោយ។

ក្រោយ​ពី​កិច្ច​ប្រជុំ​ពិភាក្សានៅ​វិមាន​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ចន្ទនេះ ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថាក្រុម​ការងារ​គណបក្ស​ទាំងពីរបាន​ត្រូវរ៉ូវគ្នា​​៩៧ភាគរយ ហើយ​បញ្ហា​ដែល​នៅ​សេសសល់​នឹង​ត្រូវបញ្ចប់​នៅ​ថ្ងៃចន្ទ ទី​៣ខែវិច្ឆិកា ក្រោយ​ពី​មាន​ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​កំពូល។ ​លោកបន្ត​ថា​ចំណុច​ដែល​នៅ​សេសសល់ ​គឺ​នៅ​ត្រង់ចំណុចសញ្ជាតិរបស់​សមាជិកគជប។

គណបក្ស​ប្រជាជនកម្ពុជា​ទាម​ទារ​ឲ្យ​សមាជិក​មាន​សញ្ជាតិតែ​មួយ​ តែ​គណបក្ស​សង្រ្គោះជាតិ​ចង់​បាន​ថា​អាច​មាន​សញ្ជា​តិ​ពីរ ស្រប​តាម​រដ្ឋធម្មនុញ្ញកម្ពុជា។

​ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន មាន​ប្រសាសន៍​ស្រដៀង​នឹង​មន្រ្តី​គណបក្ស​ប្រជា​ជន​កម្ពុជា តែ​លោក​ថា​​នៅ​មាន​ការ​ខ្វែង​គំនិត​បន្តិច​បន្តួចលើ​កម្រិត​វប្បធម៌របស់​សមាជិក​គជប។

គណបក្ស​សង្រ្គោះជាតិ​ទាម​ទារ​ឲ្យ​សមាជិក​គជប ​មិន​បាច់​មាន​បទពិសោន៍លើ​ការបោះ​ឆ្នោត​ទេ​ មាន​ត្រឹម​​តែ​សញ្ញាបត្រ​បានហើយ។​តែ​គណបក្ស​ប្រជាជនកម្ពុជាទាម​ទារ​ឲ្យ​មាន​បទពិសោធន៍។

កន្លងទៅ ក្រុម​ការងារ​កំណែទម្រង់​ការបោះឆ្នោត​បក្ស​ទាំងពីរ ​មិន​ព្រមព្រៀងគ្នា​លើ​លក្ខណៈសម្បត្តិ​ក្នុង​ការ​​ជ្រើស​រើស​​អគ្គលេខាធិការ និង​អគ្គលេខាធិការរងរបស់​គជប រួម​ជាមួយ​ចំណុច​លម្អិត​មួយចំនួន​របស់គ​.​ជ​.​ប​។  

គណបក្ស​ប្រជាជនកម្ពុជា​កំណត់​លក្ខណៈសម្បត្តិ​របស់​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​របស់ គ​.​ជ​.​ប គឺ​ត្រូវមាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ត្រឹម​អាយុ​២៥​ឆ្នាំ​។​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ធ្វើកំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ​ឲ្យ​ឯករាជ្យ ដោយសារ​បក្សប្រឆាំង​ចោទថា ការបោះឆ្នោត​កន្លងមក​មិន​ត្រឹមត្រូវ និង​មានភាពមិនយុត្តិធម៌ ហើយ​ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ​៕

សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

What Next?

Recent Articles

One Response to "ការ​ពិភាក្សា​​លើ​លក្ខណៈ​សម្បត្តិសមាជិកគជប ទំនង​នឹង​បញ្ចប់​នៅ​សប្តាហ៍ក្រោយ​"

  1. Judge says:

    សូមស្វាគមន៍ ដល់ សុឆន្ទៈ និង ជាតិនិយម របស់ គណបក្ស ទាំងពីរ ដែលបាន និង កំពុងតែបំពេញបន្ត នូវ កាតព្វកិច្ច ឆ្លេីយតប នឹង សេចក្តី ត្រូវការ របស់រាស្ត្រ។ រាស្ត្រសង្ឃឹមថា គជប នឹងក្លាយទៅជា ស្ថាប័នឯករាជ្យ នឹង ផ្តល់ដល់រាស្ត្រ នូវ
    តំលាភាព និង យុត្តិធម៌ ឆ្លេីយតបទៅនឹង កាតព្វកិច្ច រាស្ត្របំពេញ សំរាប់រដ្ឋ ក្នងការបោះឆ្នោត ផ្តល់សិទ្ធិ របស់ខ្លួន ដែល ក្លាយទៅជា អភ័យឯកសិទ្ធិ/ អំណាច នៃមន្រ្តី គ្រប់គ្រង ដេីម្បីផលប្រយោជន៏ រាស្ត្រ ក្នុងការកែប្រែ ជីវភាពរាស្ត និង បណ្តុះបណ្តាល នូវបញ្ញា អោយរាស្ត្រ បានក្លាយទៅជា ជនជាតិដែលមាន អត្តភាព ជា ជនជាតិថ្លៃថ្នូរ និង ប្រកបដោយ សុខភាពល្អ និង សុខមាលភាព ក្នុង តំបន់ អាសីុអាគ្នេយ៏ ដូច សម័យដេីម។

    ឆ្លងកាត់សង្គ្រាម ច្រេីនតំណ និង បន្លាស់ប្តូរ នូវស្ថានភាពនយោបាយ ព្រមទាំងគ្រោះអន្តរាយដ៏មហិមា កន្លងមក បានធ្វេីអោយ ខ្មែរបែកបាក់ តាមភាពញុះញង់ផ្សេងៗ ព្រមទៅដោយ ភាពលោភលន់របស់មនុស្ស បានក្លាយទៅជា ទារុណកម្ម និង ភាពខ្សត់អត់ឃ្លាន របស់ជនជាតិខ្មែរ និង ជំរុញអោយមានចំណាកស្រុក ដែលជា ភាពវិជ្ជមាន និង អវិជ្ជមាន ដល់កម្ពុជា។

    យា៉ងណាក៏ដោយ សហការនៃមន្ត្រី ទាំងពីរ គណបក្ស បានបង្ហាញអោយឃេីញពី វិវត្តន៏នៃ នយោបាយ និង ជំហរដឹកនាំ របស់ខ្មែរ ឈានទៅរក ការដឹកនាំដោយ លក្ខណៈប្រជាធិបតេយ្យ ដែលស្វែងរក ផលប្រយោជន៏ ដល់រាស្ត្រខ្មែរ ដែលបាន ដង្ហោយ រក សមភាព និង យុត្តិធម៌ ក្នុងសង្គម ក្នុងនាម ជាមនុស្សដែលត្រូវការចាំបាច់នូវ ម្ហូបចំណី/ជំរក/សំលៀកបំពាក់សមរម្យ និង សេវា សុខភាព សាធារណៈ ដូចរាស្ត្រដទៃទៀត ក្នុងភូមភាគ។ ស្របនឹងនេះផងដែរ បច្ច័យទាំងបួនយា៉ង ក្នុង វិស័យ ព្រះពុទ្ធសាសនា នោះ គឺ ជា ការត្រូវការចាំបាច់របស់មនុស្ស ដូចរៀបរាប់ខាងលេី ទោះបីជាសាច់ឈាមក្តី ឫជនដ៏ទៃក្តី។ ការយកចិត្តទុកដាក់ ដល់បច្ច័យ៤ ដល់មនុស្សខ្មែរគ្រប់រូប ត្រូវតែជា កាតព្វកិច្ច របស់អ្នកដឹកនាំខ្មែរ គ្រប់និន្នាការ ដែល សអោយឃេីញ នូវសន្តានចិត្តខ្មែរ ជាពុទ្ធសាសនិកជន ប្រកបទៅដោយ សប្បុសធម៌ ពិតប្រាកដ។

    សូមអោយដំណេីរ នៃ ការគ្រប់គ្រងដោយ គតិ និង ប្រជាធិបតេយ្យ មានជានិរន្តភាព ដេីម្បីសុខមាលភាពរាស្រ្តរូបជាអង្វែង។

    យុន សំនៀង