តុលាការ​ខេត្តកំពង់ចាមដោះមនុស្ស​៥នាក់​ ពាក់ព័ន្ធ​នឹង​ហិង្សា​ជាមួយ​សមត្ថកិច្ច​

ដោយ៖​ ស៊ុន​ ណារិន​
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

មនុស្ស​ទាំង៥នាក់​ដែល​ត្រូវ​បានដោះលែង (រូបភាពពីសហភាពការងារកម្ពុជា)

សាលា​ដំបូង​ខេត្ត​កំពង់​ចាម នៅ​ថ្ងៃ​ចន្ទ​នេះ​សម្រេច​ដោះ​លែង​មនុស្ស​៥​នាក់​ និង​បន្ត​ឃុំ​ឃាំង​មនុស្ស​៥​នាក់​ទៀត​ ដើម្បី​សាក​សួរ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​បន្ត​ទៀត ពាក់​ព័ន្ធ​នឹង​ហិង្សា​កើត​ឡើង​ពេល​កម្មករ​រោង​ចក្រជូ ហ៊ុយ​ហ្វ​ត​វែ (​Juhui Footwear) តវ៉ា​កាល​ពី​ថ្ងៃ​សៅរ៍​។

កាល​ពី​ថ្ងៃ​សៅរ៍សប្តាហ៍មុន សមត្ថកិច្ច​ខេត្ត​កំពង់​ចាម​បាន​ឃាត់​ខ្លួន​កម្មករ  និង​សមាជិក​សហជីព​ស៊ី​ខៅឌូ​ចំនួន​១០​នាក់ បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ហិង្សា​រវាង​សមត្ថ​កិច្ច និង​កម្ម​ករ ខណៈ​កម្ម​ករ​តវ៉ា​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​ពី​ភាគី​រោង​ចក្រ ជូ ហ៊ុយ​ហ្វត​វែ ។​

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​សហ​ភាព​ការ​ងារ​កម្ពុជា ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​៦​ល្ងាច​នេះ​ តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ បាន​សម្រេច​ដោះ​លែង​មនុស្ស​៥​នាក់ បន្ទាប់​ពី​តំណាង​អយ្យ​ការ​ បាន​សាក​សួរ​ជន​ដែល​ត្រូវបាន​ចាប់​ខ្លួន​ទាំង​នោះ​។

សហ​ភាព​ការ​ងារ​កម្ពុជា​ឲ្យ​ដឹង​ថាអ្នក​ទាំង​៥​ដែល​ត្រូវ​បាន​ដោះ​លែង​មាន​ឈ្មោះ​ ១. ប៊ុន ស្រីណេ កម្មការិនី ២. ជា រាជ អ្នក​បើក​ឡាន
៣. ភឿន ផល អ្នក​បើក​ឡាន ៤. ពត ប៊ុនថុន អ្នក​បើក​ឡាន និង៥.ធឿន ប៊ុនថន អ្នក​ជិះ​ម៉ូតូ​កាត់​រោង​ចក្រ​។

លក្ខ​ខណ្ឌ​ការ​ងារ​ដែល​កម្ម​ករ​ទាម​ទារ​រួម​មាន​បន្ថែម​លុយ​បាយ​ថ្ងៃត្រង់ ស្នើ​ឲ្យ​ភាគី​ក្រុម​ហ៊ុន​គោរព​កិច្ច​ព្រម​ព្រៀង​ជា​មួយ​កម្ម​ករ​កាល​ពី​ឆ្នាំ​២០១២ ទាម​ទារ​លុយ​បន្ថែម​ម៉ោង​ពេល​ល្ងាច  បន្ថែម​លុយ​ធ្វើ​ដំណើរ​  និង​លុយ​ព្រីម​(​ប្រាក់​រង្វាន់​ទៀត​ទាត់​)៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles