មនុស្ស​២​នាក់​ស្លាប់​និង​៥​នាក់​របួស​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​នៅ​ឧត្ដរមានជ័យ

ដោយ ហង្ស សាវយុត
2014-10-27
RFA

គប់​គ្រាប់បែក ឧត្ដរមានជ័យ ៦២០
ប៉ូលិស​ក្រុង​សំរោង ចុះ​ពិនិត្យ​មើល​សាកសព​បុរស​ពីរ​នាក់​បង​ប្អូន​បង្កើត បន្ទាប់​ពី​វាយ​ប្រហារ​គ្នា​ដោយ​គ្រាប់​បែក​ដៃ នៅ​ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃ​២៧ តុលា ២០១៤។ Provided photo

ប្រជាពលរដ្ឋ ២​នាក់ បាន​ស្លាប់ និង ៥​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ ១​គ្រាប់ ដោយសារ​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ភូមិ​ក្រសាំង សង្កាត់​បុសស្បូវ ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

ហេតុការណ៍​នោះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​ជាង ១១​ថ្ងៃ​ត្រង់ ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​តុលា។ អធិការ​នគរបាល​ក្រុង​សំរោង គឺ​លោក ស៊ុន សាន។ លោក​មាន​ប្រសាសន៍​កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទ ទី​​២៧ ខែ​តុលា ថា បុរស ២​នាក់​ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា ​ឈ្មោះ រឿន ធី និង រឿន ថៃ ​បាន​ស្លាប់ ​បន្ទាប់​ពី​មាន​​ជម្លោះ​ស្រួចស្រាល់ ហើយ​យក​គ្រាប់​បែក​ដៃ​មក​វាយ​ប្រហារ​គ្នា​ឯង នៅ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ។

លោក ស៊ុន សាន៖ «គាត់​ទំនាស់​យូរ​ហើយ រឿង​ដី​ស្រែ​ដី​ចំការ​ដំឡូង​អី​ហ្នឹង តាំង​ពី​ម្ដាយ​របស់​គាត់​នៅ​រស់។ ឥឡូវ​ម្ដាយ​គាត់​ស្លាប់​អស់ ហើយ​បង​គាត់​ឈ្មោះ ធី ទៅ​ដឹក​ស្រូវ​ដឹក​អី យក​កន្ទេល​មុង​មក​ពី​ផ្ទះ​បង​ស្រី​បន្ទាប់​គាត់ ​ហើយ​អា ថៃ ប្អូន​ទី​៣​នេះ គាត់​ខឹង។ អ៊ីចឹង​ទៅ​ដល់​ទៅ​ដឹក​អីវ៉ាន់ ១​ជើង​ទៀត មិន​ដឹង​​ជា​យ៉ាង​ម៉េច​បាន​ទាញ​គ្រាប់​បែក​បោក​ងាប់​ទាំង ២​នាក់​ហ្នឹង»

​អធិការ​នគរបាល​​មិន​ទាន់​ដឹង​ថា តើ​គ្រាប់បែក​ដែល​បងប្អូន ២​នាក់​យក​មក​បោក​សម្លាប់​គ្នា​នោះ ​បាន​ពី​ប្រភព​ណា​ច្បាស់​លាស់​នៅ​ឡើយ​ទេ គេ​គ្រាន់​តែ​ដឹង​ថា បុរស​ឈ្មោះ រឿន ថៃ ត្រូវ​ជាប្អូន​គឺ​​មាន​ប្រវត្តិ​ធ្លាប់​ធ្វើ​ជា​ទាហាន​ខ្មែរ​ក្រហម​កាល​ពី​អំឡុង​ឆ្នាំ​១៩៩០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles