​កងទ័ពជើងទឹក​កម្ពុ​ជា អាមេរិក បើក​សមយុទ្ធ​ការពារ​សុ​វត្តិភាព​លើ​ផ្ទៃសមុទ្រ​​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក ទៀ វិញ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌​មាន​ក្នុង​ពិធី​បើក​ការ​សមយុទ្ធនៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤​នេះ (រូបភាព៖ កាន់ វិច្ឆិកា)

​កងទ័ពជើងទឹក​របស់​កម្ពុជា និង​អាមេរិក​ជាង​៥០០​នាក់ បើក​សមយុទ្ធ​រួម​គ្នា​រយៈពេល​ជិត​មួយ​សប្តាហ៍​នៅលើ​ផ្ទៃ​សមុទ្រ​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការការពារ​សុវត្ថិភាព​លើ​ផ្ទៃសមុទ្រ​។​

​សមយុទ្ធ​ដែល​មានឈ្មោះ​ថា ប្រតិបត្តិការ​ត្រៀម​ជា​ស្រេច​លើ​ផ្ទៃ​ទឹក (CARAT) លើក​ទី​៥​នេះ បាន​ចាប់ផ្ដើម​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤​នេះ នៅ​មូលដ្ឋាន​ជើង​ទឹក​រាម ដោយ​មាន​ការចូលរួម​ពី​កងទ័ពជើងទឹក​របស់​សហរដ្ឋអាមេរិក​ជាង​៣០០​នាក់ និង​កម្ពុជា​ប្រមាណ​ជា​២០០​នាក់ ។ កងទ័ពជើងទឹក និង​បុគ្គលិក​របស់​អាមេរិក ត្រូវបាន​បញ្ជូន​មក​តា​មរយៈ​នាវា​ពិឃាត​ម៉ាស់​ស្ទីន (USS MASTIN DDG89) របស់​អាមេរិក ដែល​បាន​ចុះ​សំចត​លើ​ផ្ទៃ​សមុទ្រ​កម្ពុជា តាំងពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៤​។​

​មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ លោក ទៀ វិញ មានប្រសាសន៍ថា សមយុទ្ធ​យោធា​ក្នុង​ឆ្នាំ​២០១៤​នេះ បាន​នាំមក​នូវ​កម្មវិធី​លំ​ហាត់​ហ្វឹកហ្វឺន មាន​ទិដ្ឋភាព​ចម្រុះ​រវាង​កងទ័ពជើងទឹក កងទ័ព​ជើង​អាកាស កងរាជអាវុធហត្ថ មន្ត្រី​អនុវត្ត​ច្បាប់​សន្តិសុខ​សមុទ្រ កង​មុជទឹក នាយ​នា​វី​ផ្នែក​ពេទ្យ រួម​ជាមួយ​មធ្យោបាយ​គ្រឿង​បំពាក់​នាវា ឧទ្ធម្ភាគចក្រ និង​ដំណើរកា​របាញ់​គ្រាប់​ពិត​ផងដែរ ។ លោក​ថា​ការហ្វឹកហ្វឺន​នេះ ក៏​ត្រូវ​បាន​រាប់បញ្ចូល​នូវ​កិច្ចសហប្រតិបត្តិការ​ឆែកឆេ​រនា​វា ការ​មុជទឹក កិច្ចការ​រុករក​សង្គ្រោះ និង​ការសិក្សា​ផ្នែក​ច្បាប់​សមុទ្រ ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​ការពារ​ដែនសមុទ្រ​។​

នាវា​ដែល​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​សមយុទ្ធ (រូបភាព៖ កាន់ វិច្ឆិកា)

​មេបញ្ជាការ​កង​នាវា​ជើង​ទឹក​ទី​៧​របស់​សហរដ្ឋអាមេរិក លោក រ៉​ប៊ឺត ថូ​ម៉ាស (Robert Thomas) លើកឡើងថា សមយុទ្ធ​យោធា​នេះ នឹង​នាំយក​នូវ​សមត្ថភាព​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​នៃ​នាវា​ពិឃាត​ម៉ាស់​ស្ទីន​ដើម្បី​ធ្វើការ​ហ្វឹកហ្វឺន​រួម​គ្នា​ប្រកបដោយ​ជោគជ័យ​។​

​ចំណែក​ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោកស្រី ជូ​លី ជុង មានប្រសាសន៍ថា សមយុទ្ធ​កា​រ៉ាត់​នេះ​នឹង​ផ្តល់​ដល់​កងទ័ព​កម្ពុជា​នូវ​បទពិសោធន៍ និង​ការសហការ​រួម​គ្នា​ពី​សន្តិសុខ​លំហរ​សមុទ្រ​។ លោក​ស្រី​ថា សមយុទ្ធ​នេះ​មាន​ការចូលរួម​ពី​កងទ័ពជើងទឹក​របស់​កម្ពុជា និង​កងទ័ពជើងទឹក​របស់​សហរដ្ឋអាមេរិក ដែល​ជា​ការបង្ហាញ​ពី​ការលើកទឹកចិត្ត និង​ជា​ការប្តេជ្ញា​ចិត្ត​របស់​ព​ល​រដ្ឋ​អាមេរិក​។ 

​លោកស្រី ជូ​លី ជុង បន្ថែមថា  សមយុទ្ធ​យោធា​កា​រ៉ាត់​នេះ នឹង​ផ្តល់​ឲ្យ​សិក្ខាកាម​ដែល​បាន​ចូលរួម​ទាំងអស់​យល់​អំពី​ការ​ប្រឈម​ផ្សេងៗ ដែល​កើតមាន​នៅក្នុង​លំហរ​សមុទ្រ ដោយ​មាន​ការការពារ​ដែនសមុទ្រ ការការពារ​តំបន់​ធម្មជាតិ ការពារ​មិនអោយ​មាន​ការ​នេសាទ​ខុសច្បាប់ ដែល​នឹង​បង្ហាញអោយឃើញ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​អាមេរិក កាន់តែ​ខ្លាំង​ឡើង​។​

​សមយុទ្ធ​យោធា CARAT បាន​បង្កើតឡើង​រយ​:​ពេល​២០​ឆ្នាំ​មកហើយ​ក្នុងការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក​ជាមួយ​បណ្តា​ប្រទេស​ក្នុង​អាស៊ី​ប៉ាស៊ីហ្វិក និង​អាស៊ី​អាគ្នេយ៍ ដែល​ក្នុងនោះ​កម្ពុជា​បាន​ចូលរួម​តាំងពី​ឆ្នាំ​២០១០​មក ដោយ​អនុវត្ត​ធ្វើ​ជា​រៀងរាល់ឆ្នាំ​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តំបន់ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កសាង​មិត្តភាព សមត្ថភាព ជំនាញ​អាជីព ពី​កម្រិត​ទ្រង់ទ្រាយ​តូច និង​ឈាន​ទៅរក ទម្រង់​ទ្រង់ទ្រាយ​កាន់តែ​ទូលំទូលាយ​៕

សូមសរសេរ​មក​កាន់​កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

One Response to "​កងទ័ពជើងទឹក​កម្ពុ​ជា អាមេរិក បើក​សមយុទ្ធ​ការពារ​សុ​វត្តិភាព​លើ​ផ្ទៃសមុទ្រ​​"

  1. i,khmer says:

    …. 4 stars Khmer couldn’t speak English, not even a word!!! (lolz) Cause they finished Eastpoint Military Academy School in Hanoi…….