​ពលរដ្ឋ​ខេត្តកោះកុង​តវ៉ា​មុខ​តុលាការ​ខេត្ត ​ទាមទារ​ឲ្យ​ទម្លាក់បទ​ចោទលើ​តំណាង​ខ្លួន​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ប្រជាពលរដ្ឋ​ស្រុក​គិរីសាគរ ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នាំគ្នា​ឡើង​ទៅ​តវ៉ា​នៅ​មុខ​តុលាការខេត្ត​នេះ ដើម្បី​ទាមទារ​ឲ្យ​ទម្លាក់បទ​ចោទលើ​តំណាង​ខ្លួន ដែល​ព្រះរាជអាជ្ញា​ចោទ​ពី​បទ​លួច​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​កោះកុង ​SEZ​។​

​តំណាង​ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​ឲ្យដឹងថា នៅ​ព្រឹក​នេះ​តុលាការ​ខេត្ត​កោះកុង ​បាន​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​ម្នាក់ក្នុងចំណោម​៤​នាក់ ដែល​តុលាការ​ធ្លាប់​កោះហៅ​កាលពី​ខែ​មុន ឲ្យចូល​បំភ្លឺ គឺ​លោក ផន ណុល​។​

ម្នាក់​ក្នុងចំណោម​តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង លោក​រួត សុផល ឲ្យ ​VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ប្រជាពលរដ្ឋ​ប្រមាណ​៧០​នាក់ តំណាង​ឲ្យ​ជនរងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​១៣៥គ្រួសារ កំពុង​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កោះកុង ទាមទារ​ឲ្យ​តុលាការ​ឈប់​ចោទប្រកាន់​លើ​តំណាងពួកគាត់ និង​បញ្ឈប់​កោះហៅ​ពួកគេ​ចូល​បំភ្លឺ​នៅ​តុលាការ​បន្តទៀត ដែល​ពួក​គាត់​យល់ថា ជា​ការរំខាន​ដល់​ពេលវេលា​ធ្វើ​ការរកស៊ី​។ លោកថា «កុំ​ឲ្យ​ចោទ​ប្រកាន់​ពួក​យើង​តទៅ​ទៀត​អី​​ ឈប់​ឲ្យ​ហៅ​ពួក​យើង​ត​ទៅ​ទៀត ព្រោះ​អី​ហៅ​ខាត​ពេល​វេលា​រក​ស៊ី​ផង ខាង​ពួក​យើង​ចុះ​ឡើង​ៗ​អត់​មាន​សោ​ហុយ​ផង»។

​លោក ​រួត សុផល បន្តថាក្រោយ​ពី​ចេញ​ពី​តុលាការខេត្ត ពួកគាត់​នឹង​បន្ត​ទៅ​តវ៉ា​នៅ​សាលា​ខេត្តកោះកុង​បន្តទៀត ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​ពន្លឿន​ល្បឿន​រក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគាត់​។​

VOD មិ​ទាន់​អាច​ទាក់ទង​ចៅក្រម​នៃ​តុលាការ​ខេត្ត​កោះកុង លោក​ខាំ សុ​ផា​រី ដើម្បី​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បានទេ​។​

មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ​ប្រចាំ​ខេត្ត​កោះកុង លោក​អ៊ិន គង់​ជិត ដែល​បាន​តាមដាន​ករណី​ខាងលើ​នេះ​ឲ្យ VOD​ ដឹងថា តាម​លោក​ដឹង នគរបាល​រក​មិន​ឃើញ​ថា​តំណាង​ពលរដ្ឋ ដែល​តុលាការ​ខេត្ត​កោះកុង​កំពុង​កោះ​ហៅចូល​បំភ្លឺ​ទាំងនោះ មាន​បទល្មើស​ដូច​បាន​ចោទប្រកាន់​នោះ​ទេ​។ លោក​ អ៊ិន គង់​ជិត ​យល់ថា នីតិវិធី​របស់​តុលាការ​នៅ​ពេល​នេះ គឺជា​គំរាមកំហែង​ស្មារតី​ប្រជាពលរដ្ឋ​មិនឲ្យ​ធ្វើ​ការតវ៉ា ករណី​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​របស់​អ្នកមាន​លុយ មានអំណាច​។ លោក​បញ្ជាក់ថា «កន្លង​មក​ខាង​នគរ​បាល​ធ្វើ​ការ​ស៊ើ​បអង្កេត ស្រាវ​ជ្រាវ​ហ្នឹង ឃើញ​ថា​ប្រជាពលរដ្ឋ​​ទាំង​អស់​ហ្នឹង មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ ប៉ុន្តែ​តុលាការ​ចេះ​តែយក​រឿង​ក្តី​ហ្នឹង​ យក​មក​ចាត់​ការ​ ហើយ​ចំណាត់​ការ​នេះ តុលាការ​មាន​ភាព លម្អៀត​ទៅ​រក​ក្រុម​ហ៊ុន ហើយ​ក្រុម​ហ៊ុន​ប្រើ​តុលាការ​ដើម្បី​បំបាក់​ស្មារតី​ពួក​គាត់ ដើម្បី​កុំ​ឲ្យពួក​គាត់​ធ្វើ​ការ​តវ៉ា​ឲ្យពួក​គាត់​ខ្លប​ខ្លាច​»។

​លោក​អ៊ិន គង់​ជិត បន្តថាការគំរាមកំហែង​ដែល​តុលាការ​កោះកុង​កំពុង​ធ្វើ​លើ​ប្រជាពលរដ្ឋ​នេះ នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ប្រជាពលរដ្ឋ​ទាំងនោះ​មាន​ទឹកចិត្ត​ក្លាហាន ដោយសារ​ពួកគាត់​បាត់បង់​ដីស្រែ​ចម្ការ និង​ដី​លំនៅដ្ឋាន ដូច្នេះ​ពួកគាត់​ត្រូវតែ​ប្ដូរ ដើម្បី​ទាមទារ​ដី​ទាំងនោះ​មក​វិញ​។​

តំណាង​ប្រជាពលរដ្ឋ​ឲ្យដឹងថា នៅ​ខែ​មករា ក្រុមហ៊ុន​កោះកុង ​SEZ.Co.LTD បាន​យក​គ្រឿងសំណង់​ទៅ​ធ្វើ​របង​ព័ទ្ធ​ដី​ប្រជាពលរដ្ឋ​១៣៥គ្រួសារ ពេលនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន ពី​គម្រោងការណ៍​ដកហូត​គ្រឿង​សំណង់​នោះ​។ ប្រភព​ដដែល​ឲ្យដឹងថា ពីរ​ថ្ងៃ​ក្រោយ​ការជូន​ដំណឹង​នោះ ពួកគាត់​បាន​ដកហូត​គ្រឿងសំណង់​របស់​ក្រុមហ៊ុន SEZ ដោយ​មាន​នគរបាល​មូលដ្ឋាន​ដឹង​ឮ​។ ប៉ុន្តែ​តុលាការ​ខេត្ត​នេះ​បាន​ចោទប្រកាន់​ពួក​គាត់​ថា បាន​លួច​យក​ទ្រព្យសម្បត្តិ​របស់​ក្រុហ៊ុន ហើយ​បាន​កោះហៅ​តំណាង​ពួក​គាត់​ចូល​តុលាការ​ជា​បន្តបន្ទាប់​។ ប្រភព​ដដែល​បន្ថែមថា កាលពី​ថ្ងៃ​២៣ ខែកញ្ញា​កន្លងទៅ តុលាការ​ខេត្ត​កោះកុង​បាន​កោះហៅ​តំណាង​ពលរដ្ឋ​៤​នាក់​ឲ្យចូល​បំភ្លឺ ប៉ុន្តែ​ដោយសារ​មាន​ប្រជាពលរដ្ឋ​ជាច្រើន ​ឡើង​ទៅ​តុលាការខេត្ត​នេះ​ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន ទើប​តុលាការ​នេះ​ប្ដូរ​នីតិវិធី​ក្នុង​ការកោះហៅ​តំណាង​ពួកគេ​ឲ្យចូល​បំភ្លឺ​ម្នាក់​ម្ដងវិញ​៕

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles