​ពលរដ្ឋ​៦០០​គ្រួសារ​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ម្តងទៀត ទប់ស្កាត់​ការបណ្តេញចេញ​​

ដោយ៖​ ញឹម សុខន​​
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

​អ្នកភូមិ​រស់​នៅ​ជាប់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​បន់​ស្រន់​ដើមពោធិ៍​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី (រូបថត៖ ញឹម​ សុខន)

​តំណាង​អ្នកភូមិ​រស់​នៅ​ជាប់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រក​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ម្ដងទៀត ពី​នាយក​រដ្ឋមន្ត្រី ដើម្បី​ការពារ​ពួកគេ​៦០០​គ្រួសារ កុំឲ្យ​មាន​ការបណ្តេញ​ចេញ​ទាំងប​ង្ខំ ខណៈ​អាជ្ញាធរ​ជូន​ដំណឹង​ពី គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នោះ ដោយ​មិន​ប្រាប់​ពី​ការផ្តល់​សំណង​ជាមុន​។​

​តំណាង​អ្នក​ភូមិ អ្នកស្រី ច្រាយ នី​ម ប្រាប់​អ្នកសារព័ត៌មាន​មុន​ដាក់​ញត្តិ ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី នៅ​ក្រោម​ដើម​ពោធិ៍ នា​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៤ នេះ​ថា ច្រើន​ឆ្នាំ​មកនេះ អាជ្ញាធរ​បាន​ប្រកាស​ពី​ការពង្រីក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ប៉ុន្តែ​ស្ត្រី​រូប​នោះ​អះអាងថា អាជ្ញាធរ​មិន​ប្រាប់​ពី​ការផ្តល់​សំណង​ទេ ដូចនេះ​ហើយ​អ្នកភូមិ​បារម្ភ​ថា​ពួកគេ​៦០០​គ្រួសារ ដែល​រស់នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​នោះ អាច​នឹង​ត្រូវ​បណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ដូច​សហគមន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែរ​។ អ្នកស្រី​ថា «​ពីដំបូង ដោយសារ​យើង​អត់​ដាក់​លិខិតតវ៉ា គេ​បណ្តេញ​យើង​ចេញ​ដោយ​បង្ខំ ដោយ​ទុក​រយៈពេល​៧​ថ្ងៃ តែ​ដោយសារ​យើង​តវ៉ា​ទាមទារ គេ​ថា​នឹង​ដោះស្រាយ​ជូន​យើង ប៉ុន្តែ​ការដោះស្រាយ​របស់គេ គេ​ហៅ ហើយ​គេ​ប្រាប់​យើង ប៉ុន្តែ​គោលការណ៍​ដែល​គេ​ដោះស្រាយ​របៀប​យ៉ាងណា​អត់​មាន​ទេ វាបី​ដូចជា​ឲ្យ​យើង​រក្សា​នៅ​ស្ងៀមស្ងាត់ តាម​គោលការណ៍​ដែល​គេ​រៀបចំ​»​។​

កន្លង​ទៅ​សហគមន៍​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​អាជ្ញាធរ​ក្រុង​បណ្តេញចេញ​ទាំង​បង្ខំ ដូចជា​សហគមន៍​ដី​ក្រហម សំបុក​ចាប បុរី​កីឡា បឹងកក់​ជាដើម ដែល​ធ្វើឲ្យ​អ្នករងគ្រោះ​ចេញ​តវ៉ា រក​យុត្តិធម៌​រហូត​សព្វថ្ងៃនេះ​។​

ពេល​ប្រគល់​ញត្តិ​ឲ្យ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ​នេះដែរ អ្នកភូមិ​បាន​អុជ​ធូប មុខ​មន្ត្រី​ដែល​មក​ទទួល​ញត្តិ សុំឲ្យ​ទុក្ខលំបាក​របស់​ពួកគេ បានដឹង​ឮ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពន្លឿន​រក​ដំណោះស្រាយ «​ថ្ងៃនេះ​ខ្ញុំ​អុជ​ធូប​នេះ សូម​បាន​ដល់​ដៃ​គាត់​[​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​] កូនចៅ​អស់​ដីធ្លី​នៅ​ហើយ សូមឲ្យ​បាន​ដៃ​គាត់​នៅ​ក្នុង​ថ្ងៃនេះ ព្រះអង្គ​ដើម​ពោធិ៍​ជួយ​ផ្តល់​ដំណឹង​ទៅ​ហើយ​ថ្ងៃ​ហ្នឹង​»​។​

ក្រោយពី​ទទួល​ញត្តិ មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី លោក គង់ ចំរើន អះអាង​ប្រាប់​ក្រុមអ្នកតវ៉ា​ថា លោក​នឹង​បំពេញ​តួនាទី​តាម​បែ​បទ​រដ្ឋបាល​។ លោក​បញ្ជាក់ថា «​ឯកសារ​នេះ ខ្ញុំ​នឹង​យកទៅ​ជូន​ថ្នាក់ដឹកនាំ​តាម​ឋានា​នុ​ក្រុម​របស់​លោក ព្រោះ​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ទទួល​ពាក្យ​បងប្អូន​ទេ អ៊ីចឹង​បាន​ខ្ញុំ​ចេះតែ​ព្យាយាម​ឲ្យ​បងប្អូន​បញ្ជាក់​នូវ​អត្តសញ្ញាណ ឲ្យបាន​ច្បាស់លាស់​។ (​សំណួរ​អ្នកសារព័ត៌មាន​៖ ធម្មតា​ប្រជាពលរដ្ឋ​បារម្ភ​ថា ញត្តិ​ហ្នឹង​មិន​ដល់​ដៃ​នាយករដ្ឋមន្ត្រី បងអាច​បញ្ជាក់​ជំហរ​នេះ​បាន​ទេ​) បង​ឯង​ព្យាយាម​សិក្សា​បន្តិច ខ្ញុំ​មិន​ទាន់​ឆ្លើយ ព្រោះ​រឿង​អ៊ីចឹង​វា​ត្រូវ​ឆ្លើយ​ច្រើន ទាល់​បង​ឯង​ជួប​ជាមួយ​ខ្ញុំ​ផ្ទាល់​បាន​ដឹង​»​។​

ថ្មីៗ​នេះ​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ស្តីបន្ទោស​មន្ត្រីក្រោមឱវាទ​ថា បាន​លាក់បាំង​រឿង​ជម្លោះ​ដីធ្លី ដែល​អ្នក​ភូមិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​។​

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាម​ឃ្លាំ​មើល​ករណី​តវ៉ា​នេះ យល់ថា ការប្រើ​ទានធូប អុជ​បន់ស្រន់​នៅ​មុខ​មន្ត្រី​ខុទ្ទកាល័យ​ពេល​ប្រគល់​ញត្តិ ទំនង​ជា​សារ​បង្ហាញថា អ្នករងគ្រោះ ហាក់​អស់ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ដែល​មិន​អាច​ដាក់ទោស​អ្នកមាន​លុយ និង​មាន​អំណាច​ដែល​រំលោភច្បាប់​បាន​។ 

​តាម​ញត្តិ​អ្នកភូមិ​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​អន្តរាគ​មន៍​លើ​លក្ខខណ្ឌ​៣​ចំណុច ដូចជា ទី​១-​សុំ​ប័ណ្ណកម្មសិទ្ធិ​នៅនឹងកន្លែង សម្រាប់​ដី និង​ផ្ទះ​ដែល​សេសសល់​។ ទី​២-​ដី​ដែល​ប៉ះពាល់ ក្រុមហ៊ុន​ត្រូវ​ផ្តល់​សំណង​ដល់​ពលរដ្ឋ​ជា​ម្ចាស់​ដី តាម​តម្លៃ​ទីផ្សារ ក្នុង​មួយ​ម៉ែត្រការ៉េ​តម្លៃ​២៥០០​ដុល្លារ និង​ទី​៣ សម្រាប់​ពលរដ្ឋ​ដែល​ប៉ះពាល់​ទាំងស្រុង ត្រូវ​ផ្តល់​ផ្ទះ​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អភិវឌ្ឍន៍​ហើយ​ជាប់​នឹង​ផ្លូវ​ធំ​ជា​ដើម​។​

យ៉ាងនេះ​ក្តី​ការ​ដង្ហែ​ញ​តិ្ត​ជាថ្មីទៀត នៅថ្ងៃនេះ គ្មាន​ការចាប់ខ្លួន​ក្រុមអ្នកតវ៉ា​ដូចពេលមុនៗ​ទេ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់​បាន​ដាក់ពង្រាយ​ចាំ​មុន នឹង​ខ្លះទៀត​កៀក​ដៃ​តំណាង​អ្នក​តវ៉ា ទំនង​ជា​បារម្ភ​ខ្លាច​ពួកគេ ហែ​ក្បួន​សម្រុកចូល​ផ្ទះ​នាយករដ្ឋមន្ត្រី​៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​ពលរដ្ឋ​៦០០​គ្រួសារ​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ម្តងទៀត ទប់ស្កាត់​ការបណ្តេញចេញ​​"

  1. កោះពេជ្រ says:

    ហ៊ុន សែន ជាអ្នកបញ្ជាឱ្យដេញចេញ និងរឹបអូសដីធ្លីទាំងអស់
    ហ៊ុន សែន ស្តីបន្ទោស​មន្ត្រីក្រោមឱវាទ​ថា បាន​លាក់បាំង​រឿង​ជម្លោះ​ដីធ្លី គ្រាន់តែជាលេសបោកបញ្ឆោតប្រជាជនដើម្បីទាញយកសន្លឹកឆ្នោត
    ក្នុងពេលបោះឆ្នោតតែប៉ុណ្ណោះ ហេតុអីប្រជាជនខ្មែរក្នុងគណបកស្សប្រជាជនមិនគិតឱ្យបានដិតដល់ទៅមើល ?
    តើ ហ៊ុន សែន មានដែលបង្ក្រាបពួករឹបអូសដីធ្លីអ្នករាល់គ្នាទេ ? អត់មានទេ ! គឺមានតែប្រើប៉ូលិស និង អង្គរក្យដេញវ៉ៃ ទាត់ធាក់ បាញ់
    ប្រជាចនតវ៉ាសឹងតែរាល់ថ្ងៃ ល្មមភ្ញាក់ខ្លួនហើយម្ចាស់សន្លឹកឆ្នោតមហាវេទនារងគ្រោះអើយ !

  2. ក្នុងនាមជាកូនខ្មែរម្នាក់ខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាដីធ្លីនៅអាណត្តិ

    នេះអោយអស់អោយហើយទៅ ។​ពីព្រោះអីរាជរដ្ឋាភិបាលគ្មានពេលទៀតទេសម្រាប់ដោះស្រាយ

    ទៀតទេនៅអាណត្តិក្រោយ ។គួរបន្សល់ស្នារដៃទុកអោយកូនចៅជំនាន់ក្រោយមើលជាគំរូរឬក៏គាត់

    ថាសម័យតេជោគ្មានបញ្ហាណាមួយមិនត្រូវបានដោះស្រាយ ។ សព្វថ្ងៃបើកពត៌មានឡើងឃើញតែ

    បាតុកម្មគ្មានពេលសំរាកសោះ បើមិនបញ្ហានេះក៏មានបញ្ហានោះ កើតឡើងជាហូរហែរ បើគ្មានវិធី

    ដោះស្រាយក៏ធ្វើជាបុរសខ្លាំងដូចជាសៀវភៅដែលបានបោះពុម្ពកន្លងមកគឺការចុះចេញពីអំណាច

    តែម្ដង ។ បើសម្ដេចហ៊ានចុះចេញពីអំណាចនេះរាស្រ្ដបានសុខ ប្រទេសនឹងមានភាពរុងរឿងជា

    មិនខានឡើយ ។ កុំអោយគេនិយាយថា

    សម័យតេជោ ទឹកជន់ជោលិចពេញទីក្រុង

    សម័យតេជោ ពូកែរដោះដូរលក់ដីរដ្ឋ

    សម័យតេជោ សម្បូរជនស៊ីជរគ្មានមិត្ដស្មោះ

    សម័យតេជោ សម្បូរចោរពេញទឹកដី

    សម័យតេជោ បង្ហូរពលករចេញទៅក្រៅ

    សម័យតេជោ យួនជន់ជោពេញទឹកដី

    សម័យតេជោ ទឹកភ្នែកខ្មែរពេញទឹកដី

    សម័យតេជោ សម្បូរដោយជនអន្ឋពាលជក់អាភៀនញៀនកញ្ឆារ ។