ដោយ៖ បូ សាវី
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |

វេទិកាសាធារណៈ ស្តីពី អភិបាលកិច្ចលើធនធានធម្មជាតិ ថ្ងៃទី២៧ តុលា ២០១៤ (រូបថត៖ បូ សាវី)
អាជ្ញាធរស្រុកគូលេន ខេត្ដព្រះវិហារ នៅព្រឹកថ្ងៃចន្ទនេះ ហាមឃាត់បណ្ដាញសហគមន៍ មិនឲ្យធ្វើវេទិកាសាធារណៈ នៅឃុំស្រយ៉ង់ ស្ដីពីការបាត់បង់ធនធានធម្មជាតិ ដោយចោទថាមិនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ។
ប្រធានកម្មវិធីតស៊ូមតិ នៃអង្គការពន្លកខ្មែរលោក ប៉ឹក សោភណ្ឌ ប្រាប់ VOD ថាប្រជាពលរដ្ឋប្រែហែល៣រយនាក់ ចូលរួមវេទិកាសាធារណៈ ស្ដីពីអភិបាលកិច្ចលើធនធានធម្មជាតិ ដែលរៀបចំដោយបណ្ដាញសហគមន៍ស្រុកគូលេន ប៉ុន្ដែអភិបាលរងស្រុកគូលេន លោក ថោង ប៊ុនធាន បានបញ្ជាឲ្យប្រធានប៉ុស្ដិ៍រដ្ឋបាលឃុំស្រយ៉ង់ មកហាមឃាត់ពលរដ្ឋមិនឲ្យចូលរូម។ លោកថា បណ្ដាញសហគមន៍បានជូនដំណឹងត្រឹមត្រូវតាមច្បាប់ ដើម្បីឲ្យពលរដ្ឋចូលរួមសម្ដែងពីទុក្ខកង្វល់។ លោកបន្តថា ការរារាំងការជួបប្រជុំនេះ វាផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ។
សមាជិកបណ្ដាញសហគមន៍ ហៅកាត់ថា CNA នៅស្រុកគូលេន លោក សែម ឡុំ ឲ្យដឹងថា បើទោះជាមានការហាមឃាត់ ពីសំណាក់អាជ្ញាធរក្ដី ក៏បណ្ដាញសហគមន៍លោកនៅបន្ដបើកវេទិកាសាធារណៈនេះដដែល ដើម្បីឲ្យពលរដ្ឋចូលរួមយល់ដឹងការបាត់បង់ធនធានធម្មជាតិ និងសួរសំណួរ ពីការបាត់បង់ដីធ្លីដែលក្រុមហ៊ុនរំលោភយក។ លោកបន្ដថា ធនធានធម្មជាតិនៅស្រុកគូលេន បានរងការបាត់បង់ជាបណ្ដើរៗ បន្ទាប់ពីរដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគនៅតំបន់នោះ ប៉ុន្ដែអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបែរជាមិនយកចិត្ដទុកដាក់ដោះស្រាយជូនពលរដ្ឋទៅវិញ។
ករណីនេះអភិបាលរងស្រុកគូលេន លោក ថោង ប៊ុនធាន មិនបានបញ្ជាក់ពីមូលហេតុនៃការរារាំងវេទិកាសាធារណៈនោះទេ គ្រាន់តែថ្លែងយ៉ាងខ្លីថា លោកធ្វើតាមបញ្ជាពីអភិបាលខេត្ដប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ការរារាំងនេះ ជាការបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជួបប្រជុំរបស់ពលរដ្ឋ ដែលកំពុងរងគ្រោះបាត់បង់ដីធ្លី ផ្ទុយរដ្ឋធម្មនុញ្ញ។ លោកថាជម្លោះដីធ្លី និងការបាត់បង់ព្រៃឈើបានអូសបន្លាយជាច្រើនឆ្នាំមកហើយ ដោយសារអាជ្ញាធរឃុបឃិតជាមួយក្រុមឈ្មួញ និងក្រុមហ៊ុនដែលមកអភិវឌ្ឍនៅតំបន់នោះ។
បណ្ដាញសហគមន៍ ឲ្យដឹងថា ព្រៃឈើ និងដីធ្លីពលរដ្ឋចំនួន៤ឃុំ រួមមាន ឃុំស្រយ៉ង់ ឃុំត្បែងពីរ ឃុំភ្នំពេញ និងឃុំគូលេនត្បូង ត្រូវបានក្រុមហ៊ុនចំនួន៤ឈូសឆាយបំផ្លាញ និងរំលោភយកអស់រយៈពេល៤ឆ្នាំមកហើយ ក្នុងនោះរួមមាន ក្រុមហ៊ុន អេសភីមាឡេស៊ី ក្រុមហ៊ុន សិលាដាមិច ក្រុមហ៊ុន អេមីនិន និងក្រុមហ៊ុនភ្លូហេវិន ដែលរហូតដល់ពេលនេះមិនទាន់មានដំណោះស្រាយសមស្របនៅឡើយ៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com