សាលាក្តី​ខ្មែរ​ក្រហម​បើក​កិច្ច​ប្រជុំ​ដោះ​ស្រាយ​បញ្ហា​របស់​ក្រុមមេធាវី​ការពារ​ជន​ជាប់​ចោទ​

ដោយ៖​ ស៊ុន​ ណារិន​
ថ្ងៃអង្គារ ទី28 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

(រូបភាពពី​សាលាក្តីខ្មែរក្រហម)

សាលា​ក្តី​ខ្មែរ​ក្រហម ​ ​ បើក​កិច្ច​ប្រជុំ​ជា​អ​សាធារណៈ​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា​ពី​ការ​ស្នើ​សុំ​របស់​​មេធាវី​ការ​ពារ​ជន​ជាប់​​ចោទ​លោក នួន​ ជា និង​លោក ខៀវ សំផន ខណៈ​មេធាវី​ជាតិ​ និង​អន្តរ​ជាតិ​ទាំង​នោះ​ព្រមាន​ធ្វើ​ពហិការ​សវនាការ​លើ​សំណុំ​រឿង​០០២/០២។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ឲ្យ​ដឹង​ថាអង្គជំនុំ​ជម្រះ​​បង្គាប់​ឲ្យមេធាវី​ចូល​រួម​កិច្ច​​ប្រជុំ​រៀប​​ចំ​សវនាការ​ដែល​ត្រូវ​ធ្វើ​ឡើងជា​អសាធារណៈ ​នៅថ្ងៃ​ទី​២៨​ខែ​តុលា វេលាម៉ោង​​៩ព្រឹក​។ សេចក្តី​ប្រកាស​​បញ្ជាក់​ថាកិច្ច​ប្រជុំ​នេះ​នឹង​ជា​ឱកាស​ចុង​ក្រោយ​ឲ្យ​មេធាវី​លោក​ នួន​ និង​ខៀវ សំផន ពិភាក្សា​ពី​បញ្ហា​​​ធនធាន​បច្ចុប្បន្នជាមួយ​អង្គ​ជំនុំជម្រះ។

រហូត​មក​ដល់​​ពេល​នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ក្តី​ខ្មែរ​​ក្រហមបាន​ចេញ​លិខិត​ព្រមាន​មេធាវី​ជាតិ​ និង​អន្តរជាតិ​របស់​​ជន​ជាប់​ចោទ​ លោក ខៀវ​ សំផន និង​លោក នួន​ ជា ថា​​ប្រព្រឹត្ត​ខុស​វិជ្ជា​ជីវៈ​ បន្ទាប់​ពីមេធាវី​ការពារ​ទាំង​នោះ​បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការលើ​​សំណុំ​រឿង​០០២/០២​កាលពី​ថ្ងៃ​ទី​១៧​ខែ​តុលា​ ឆ្នាំ​២០១៤ និង​​ការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​តុលា។​​

រហូត​មក​ដល់​ពេល​នេះ មេធាវីការពារក្តីឲ្យជន​ជាប់​ចោទ​ក្នុងសំណុំរឿង០០២/០២ បាន​​បដិសេធចូ​ល​សវនា​​ការនៅ​ពេល​ខាងមុខ​បន្ត​ទៀត ដោយ​អះ​អាង​ថា​ខ្លួន​មិន​មាន​ពេល​ធ្វើ​បណ្តឹង​សាទុក្ខ និង​ការ​​ដែល​តុលា​​កា​រ​មិន​ទាន់​ឆ្លើយតបនឹងបណ្តឹងដិតជិតដែល​ប្តឹង​សុំ​ដក​​ចៅ​ក្រម​​ខ្មែរ​៣​រូប រួម​មាន លោក និល ណុន លោក យ៉ា សាខន និង​លោក យូ ឧត្តរ៉ា  និង​ចៅ​ក្រម​បារាំង​១រូប គឺ​លោក ហ្សង់ម៉ាក ឡាវែញ (Jean- Marc Lavergne)។

កាល​ពី​ថ្ងៃ​ទី​០៧​ខែ​សីហា​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា បាន​ប្រកាស​សាល​ក្រម​ក្នុង​សំណុំ​រឿង​០០២/០១ ដោយ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ គឺ​លោក នួន ជា និង​លោក ខៀវ សំផន ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ។ 

ទីតាំង​ឧក្រិដ្ឋ​កម្ម​ដែល​បាន​ចោទ​ប្រកាន់​ និង​ការ​ចោទ​ប្រកាន់​តាម​អង្គ​ហេតុ​ ជា​មូល​ដ្ឋានសម្រា​ប់​ការ​ជំនុំជម្រះ​នៃ​សំណុំ​រឿង​០០២/០២​រួម​មាន    ប​ទ​ប្រល័យ​ពូជ​សាសន៍​ចំពោះ​ជន​ជាតិ​ចាម​ និង​វៀត​ណាម ការរៀប​ការ​ដោយ​បង្ខំ និង​បទ​រំលោភ​សេព​សន្ថវៈ (ទូទាំងប្រទេស), ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​ និង​ការ​ប្រព្រឹត្តចំពោះ​ពុទ្ធ​សាស​និក​ជន​ជាដើម​។

​សំណុំរឿង​០០២ ត្រូវបាន​បែងចែក​ជា​២​ករណី ដើម្បី​សម្រួល​ដល់​ការកាត់ក្តី គឺ​ករណី​០០២/០១ និង​០០២/០២ ដោយសារ​ភាពស៊ាំ​ញ៉ាំ និង​វ័យ​ចាស់ជរា​របស់​ជន​ជាប់ចោទ​។ ជនជាប់ចោទ​ក្នុង​សំណុំរឿង​០០២ រួមមាន លោក នួន ជា អាយុ​៨៨​ឆ្នាំ អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន អាយុ​៨៣ឆ្នាំ អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​៕

សរសេរមកកាន់​លោក ស៊ុន​ ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles