ដោយ វណ្ណ វិចារ
2014-10-30
RFA
រទេះដឹកទំនិញរបស់អាជីវករខ្មែរនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលភាគីថៃ មិនទាន់អនុញ្ញាតឲ្យនាំចូល កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤។ Provided Photo
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan Ocha) មកទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៣០ ខែតុលា។ ភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើចំណុចសំខាន់ចំនួន៣ ដែលទាក់ទងនឹងប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងទេសចរណ៍។
ចំណុចដែលភាគីទាំងពីរព្រមព្រៀងនោះរួមមាន អនុស្សរណៈស្ដីពីកិច្ចព្រមព្រៀងទេសចរណ៍រវាងប្រទេសទាំងពីរ អនុស្សរណៈស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្សរវាងកម្ពុជា និងថៃ អនុស្សរណៈស្ដីពីការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ។
ក្នុងនោះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបន្ទាត់ព្រំដែន សាងសង់ស្ពានឆ្លងផ្លូវដែកនៅប៉ោយប៉ែត ការបាញ់សម្លាប់ពលរដ្ឋខ្មែរដែលឆ្លងចូលទឹកដីថៃ ខុសច្បាប់ រួមទាំងបើកច្រកព្រំដែនចំនួន៤បន្ថែមទៀត។ ច្រកទាំងបួននោះរួមមាន ច្រកអានសេះ នៅក្នុងខេត្តព្រះវិហារ ជាប់នឹងខេត្តអ៊ូប៊ុន ប្រទេសថៃ ច្រកភ្នំដីសំឡូត ខេត្តបាត់ដំបង ទល់នឹងខេត្តស្រះកែវ ច្រកថ្មដា ខេត្តពោធិ៍សាត់ ជាប់នឹងខេត្តត្រាត ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ឈមនឹងខេត្តបុរ៉ីរ៉ាំ ប្រទេសថៃ។ ប៉ុន្តែ ភាគីទាំងពីរមិនបាននិយាយទាល់តែសោះពីការអនុវត្តសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ។
មន្ត្រីអ្នកនាំពាក្យនៃជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ លោក អ៊ាង សុផល្លែត បញ្ជាក់ថា ភាគីថៃ ស្នើឲ្យកម្ពុជា គិតពីរឿងសេដ្ឋកិច្ចឲ្យបានច្រើន ជាជាងយកបញ្ហាទំនាស់ណាមួយមកគិត ដែលនាំឲ្យខូចទំនាក់ទំនងនៃប្រទេសទាំងពីរ៖ «មិនត្រូវទុកឲ្យបញ្ហាមួយដែលមិនត្រូវបានដោះស្រាយ ឬបញ្ហាមួយកើតឡើងក្លាយជាឧបសគ្គលើគ្រប់វិស័យ ដោយមិនទុកឲ្យបញ្ហាមួយរីករាលដាលទៅជាបញ្ហាផ្សេងទៀត។ អ្នកកាសែត៖ ឯកឧត្តមមាននិយាយរឿងប្រាសាទព្រះវិហារ ទេបាទ? បាទ អត់និយាយទេ»។
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មិនមានជំហររឹងមាំទាល់តែសោះចំពោះបញ្ហាព្រំដែន។ លោកបន្តថា គណបក្សសង្គ្រោះជាតិ នឹងដេញដោលបញ្ហាអនុវត្តសាលដីកាតុលាការអន្តរជាតិនេះនៅក្នុងរដ្ឋសភា៖ «ថ្មីៗកន្លងទៅ តំណាងរាស្ត្របក្សសង្គ្រោះជាតិ លើកពីរឿងដាក់ដាំ ចឹងនៅថ្ងៃមុខទៀត យើងនឹងលើកយកបញ្ហាមកជជែកគ្នាជាបន្តទៀត»។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា នេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ថៃ ចង់បានប្រយោជន៍ពីកម្ពុជា លើបញ្ហាមួយចំនួនរួមមាន រំងាប់ចិត្តមេដឹកនាំខ្មែរកុំឲ្យនៅខឹងសៀម ដែលធ្លាប់ឈ្លានពាន ស្នើឲ្យកម្ពុជា ទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់របស់ថៃ បង្វែររឿងប្រាសាទព្រះវិហារ ទៅជារឿងអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងការពារកុំឲ្យក្រុមអាវក្រហមមកពឹងរដ្ឋាភិបាលកម្ពុជា ប្រឆាំងថៃ។ លោកបញ្ជាក់ថា កម្ពុជា ត្រូវតែលើកយកសំណុំរឿងប្រាសាទព្រះវិហារ ជជែកគ្នាជាមួយថៃ ជាដាច់ខាត ដើម្បីប្រយោជន៍ជាតិ៖ «យើងខំតតាំងតាំងពីអង្គការសហប្រជាជាតិ តាំងពីអាស៊ាន ហើយដំណោះស្រាយដែលនាំឲ្យថៃ ទល់ផ្អកនោះ មានតែសាលក្រមតុលាការក្រុងឡាអេ។ ក្នុងពេលដែលនាយករដ្ឋមន្ត្រីថៃ មកទស្សនកិច្ចនៅកម្ពុជា តែថៃ ទើបបាញ់សម្លាប់ខ្មែររួច។ បើសិនជាខ្មែរមិនលើកយករឿងព្រះវិហារចរចាទេនោះ ខ្មែរចាញ់ប្រៀបថៃ ទាំងស្រុង»។
ក្នុងពេលដែល លោក ប្រាយុទ្ធ ចាន់អូចា កំពុងពិភាក្សាគ្នាជាមួយ លោក ហ៊ុន សែន ភរិយារបស់ លោក ប្រាយុទ្ធ បានទៅទស្សនាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។ នៅថ្ងៃទី៣១ ខែតុលា លោក ប្រាយុទ្ធ ចាន់អូចា និងភរិយា នឹងចូលគាល់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី និងចូលគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋ ហើយនឹងត្រឡប់ទៅប្រទេសថៃ វិញនៅរសៀលថ្ងៃដដែល៕
សូមស្ដាប់លោក វណ្ណ វិចារ រាយការណ៍អំពីរឿងនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក កឹម សុខា ផ្ញើលិខិតទៅទូតអូស្ត្រាលីពីកង្វល់ចំពោះការបញ្ជូនជនភៀសខ្លួនមកកម្ពុជា
- ព្រះមហាក្សត្រកោតសរសើរលោក ហ៊ុន សែន ពីស្នាដៃដឹកនាំនិងអភិវឌ្ឍប្រទេស
- វេទិកាសាធារណៈលើកដំបូងរវាងតំណាងរាស្ត្រនិងម្ចាស់ឆ្នោតនៅបាត់ដំបង
- រដ្ឋសភាមិនទាន់ចាត់វិធានការករណីអំពើពុករលួយនិងការតែងតាំងក្រុមគ្រួសារ
- ក្រុមគ្រួសារទាមទារឲ្យដោះលែងសមាជិករណសិរ្សរំដោះជាតិខ្មែរទាំង១០នាក់
- បក្សជាប់ឆ្នោតទាំងពីរឯកភាពគ្នាភាគច្រើនលើសេចក្ដីព្រាងច្បាប់គ.ជ.ប
- កងទ័ពជើងទឹកអាមេរិកនិងកម្ពុជាធ្វើសមយុទ្ធរួមគ្នានៅខេត្តព្រះសីហនុ
- គណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភាគ្រោងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ថវិកាជាតិឲ្យទូលំទូលាយ
- ក្រសួងការបរទេសកម្ពុជាដាក់កំណត់ទូតទៅថៃតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់ពលរដ្ឋខ្មែរ