ជនជាតិ​ដើម​ភាគ​តិច​ស្នើ​អាជ្ញាធរ​បញ្ឈប់​គម្រោង​សាងសង់​រូប​ចម្លាក់​ព្រះពុទ្ធ​នៅ​បឹង​យក្សឡោម​​

ដោយ៖​ បាន វិទ្យា និង​ សុវណ្ណ ប៊ុនថៃ​
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

បណ្ដា​ជនជាតិ​ដើម​ភាគ​តិច​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ (រូបភាព៖ សុវណ្ណ ប៊ុនថៃ)

ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្តរតនគីរី​ ស្នើ​ឲ្យ​តំណាងរាស្ត្រ​របស់​ខ្លួន​ និងអាជ្ញាធរ​​ខេត្ត​ អន្តរាគមន៍​បញ្ឈប់​គម្រោង​​សាងសង់​រូប​ចម្លាក់​​ព្រះពុទ្ធ​ចូលនិព្វាន​ក្នុងបរិវេណ​បឹង​យក្សឡោម​ ដោយ​អះអាង​ថា ផ្ទុយ​នឹង​ប្រពៃ​ណី​​វប្បធម៌​របស់​ខ្លួន ​។

ប្រធាន​គណៈកម្មការ​បឹង​យក្ស​ឡោម​ លោក វេង​ ចឹ ​បា្រប់VODកាលពី​ថ្ងៃ​ព្រសហ្បតិ៍​ម្សិលមិញ​ថា តំណាង​រាស្ត្រ​ខេត្ត​លោក​ ប៊ូ ឡាំ​ បានបញ្ជាឲ្យ​ចៅសង្កាត់​យក្សឡោម​ប្រមូល​​​ស្នាម​​មេដៃយល់​ព្រម​ពី​ជនជាតិ​ដើម​ភាគតិច​លើ​លិខិត​គម្រោងសាង​សង់​​រូប​ចម្លាក់​​ព្រះពុទ្ធ​ចូលនិព្វាន​ លើ​ផ្ទៃ​ដី​ទំហំ​១៨​គុណ​នឹង​២៣​ម៉ែត្រ​ តែ​ពួក​គាត់​មិនព្រម​ផ្តិត ។

លោក វេង​ ចឹ បន្ត​ថា ក្រុម​ជនជាតិ​ដើម​ភាគតិច​ទំពួន​មក​ពី​៥​ភូមិ​ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង បាន​ជួប​ប្រជុំ​គ្នា និង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ ដោយ​មាន​​ការ​គាំ​ទ្រ​ពី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ផ្សេង​ទៀត​ក្នុង​ខេត្ត ជំទាស់​នឹង​គម្រោង​សាង​សង់​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ជនជាតិ​ដើម​ភាគតិច​ទាំង​​​នោះលើក​ឡើង​ថា ពួកគេ​​បាន​រស់​នៅ និង​គ្រប់​គ្រង ការពារ​តំបន់​បឹង​យក្ខឡោម​អស់​រយៈ​ពេលជាង​១៧​ឆ្នាំ​មកហើយ ដោយ​រស់​នៅ​ប្រកប​ដោយ​ភាព​សុខសាន្ត​ តាម​រយៈ​ការ​ការ​ពារ​បាន​នូវ​អត្តសញ្ញាណ​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិចផ្សេង​ៗ ជាពិសេស​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ទំពួន ។

​សេចក្ដី​​ថ្លែងការណ៍នោះ​បន្ត​ថា ការ​កសាង​រូប​ចម្លាក់​ព្រះពុទ្ធ​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ប្រពៃណី​ វប្បធម៌​ និង​​អត្តសញ្ញាណ​ជា​ជនជាតិ​​ភាគតិច​ទំពួន និង​អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​​ និងសន្តិសុខ​ល្អ​ក្នុង​សហគមន៍​ដោយ​ប្រការ​ណា​មួយ​​ដូចជា​ គ្រោះថ្នាក់​ផ្សេងៗ ឈឺ​ស្លាប់​ ដោយសារ​អារក្សអ្នកតា​របស់​ជនជាតិ​ដើម​ភាគតិច​មានការ​ខឹង​សម្បារ​ ។

ជនជាតិ​ដើម​ភាគតិច ទំពួន មួយ​រូប លោក ម៉ង វិចិត្រ  ​ មាន​ប្រសាសន៍​ថា ការរក្សាបាន​នូវ​អត្តសញ្ញាណរបស់​ជនជាតិ​ដើម​ភាគ​តិច​មាន​ដូចជា ទំនៀម​ទម្លាប់​ សម្ភារ​ប្រើប្រាស់របស់ជនជាតិ ពិសេសគឺជំនឿ​លើ​ការសែនព្រេន បន់ស្រន់គោរពលើអារក្សដើមឈើ​ធំៗ មេឃ ដី ហើយ​មិន​ដែល​តាំង​រូប​អ្វី​ក្រៅពី​នោះទេ។

លោក ម៉ង វិចិត្រ  បន្ត​​ថា កាល​ណា​សាង​សង់​រូប​ព្រះពុទ្ធ​នៅ​តំបន់​នោះ វា​អាច​មាន​ការ​ប៉ះពាល់ ដល់​ជំនឿ​របស់​បងប្អូន​ជនជាតិ ហើយ​លើស​ពី​នេះ បឹង​យក្សឡោម​គឺ​ជា​កន្លែង​មួយ​សម្រាប់​អភិរក្ស​នូវ​ប្រពៃណី​វប្បធម៌​ជនជាតិដើម​ភាគ​តិច និង​ព្រៃ​អារក្ស ដោយ​រាល់​ពេល​សែន​ព្រេន​មាន​កាប់គោ ក្របី ជ្រូក មាន់​ជាដើម ដើម្បី​អំពាវ​នាវអារក្ស​​ទឹក ភ្នំ បឹង​មក​ទទួល ដូច្នេះ​មិន​អាច​សាង​សង់​រូប​ព្រះ​បាន​ទេ ។

តំណាង​រាស្ត្រ​ខេត្ត​រតនៈគិរី​លោក ប៊ូ ឡាំ មាន​ប្រសាសន៍​ថា គម្រោងសាងសង់​​រូប​ចម្លាក់​នេះ​​ជា​ការ​លើក​ឡើង​របស់​ឃុំ ​ ប៉ុន្តែបច្ចុប្បន្នមិន​ទាន់​មាន​ការសាងសង់​លើ​បរិវេណ​បឹង​យក្សឡោម​ទេ​ ដោយ​មិនទាន់​មានការ​ឯកភាព​​ពី​អាជ្ញាធរដែនដី​ និងមន្ទីរ​ពាក់ព័ន្ធនៅឡើយ​ ។

​សហគមន៍​ជនជាតិ​ដើម​ភាគ​តិចទាំង​៥​ភូមិ​អះអាង​ថា ខ្លួន​នៅ​តែ​រក្សា​ជំហរ​ថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ ទឹក​បឹង ព្រៃឈើ បរិស្ថាន និង​អត្តសញ្ញាណ​ជាជនជាតិ​ភាគតិច​ទំពួន​ដូច​ដើម ៕

សូម​សរសេរ​មក​កញ្ញា​ បាន វិទ្យា តាម​រយៈ​ vitcheaban77@gmail.com

What Next?

Recent Articles