ដោយ៖ អឹុង ប៊ុនថន
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ការបាញ់កាំជ្រួចអបអរថ្ងៃបុណ្យឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រកាលពីរាត្រី ថ្ងៃទី២៩ ខែតុលានេះ បណ្តាលឲ្យស្លាប់យុវជនម្នាក់ និងរបួសយ៉ាងតិច៤នាក់ នៅពេលពួកគេទៅទស្សនាជិតទីតាំងបាញ់កាំជ្រួចនៅត្រើយខាងកើតព្រះបរមរាជវាំង។
នៅក្នុងបទសម្ភាសន៍រវាងលោក អ៊ឹង ប៊ុនថន នៃវិទ្យុVOD ជាមួយអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មានប្រសាសន៍ថា ករណីនេះកើតឡើងដោយសារការធ្វេសប្រហែល ហើយសមត្ថកិច្ចកំពុងស៊ើបអង្កេត។
VOD៖ តើការផ្ទុះកាំជ្រួចបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតរបួសនោះ បណ្តាលពីបញ្ហាបច្ចេកទេស ឬជាការធ្វេសប្រហែស?
ខេង ទីតូ៖ ជាពិតហើយ វាអាចជាការទ្វេសប្រហែស ហើយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ខ្ញុំជឿថា កងយោធាដែលគាត់ទទួលខុសត្រូវការងារបច្ចេកទេសកាំជ្រួច ប្រាកដជានឹងយកចិត្តទុកដាក់នៅកម្មវិធីលើកក្រោយទៀត ពិសេសកម្មវិធីបុណ្យអុំទូកខាងមុខនេះ ច្បាស់ជាមិនមានករណីនេះកើតឡើងទៀតទេ។ ប៉ុន្តែជាការពិតគួរឲ្យសោកស្តាយដែលឧបទ្ទវហេតុនេះកើតឡើង ហើយបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងរបួសមួយចំនួន។ សម្រាប់ករណីនេះ វាមិនមែន វាកើតទៅហើយគ្រាន់តែបទពិសោធន៍ ឬជាមេរៀន សម្រាប់កម្មវិធីលើកក្រោយទេ ក៏មានការស៊ើបអង្កេតផងដែរ ថាតើវាជាបច្ចេកទេសខុស ឬករណីមានការធ្វេសប្រហែសក្នុងបច្ចេកទេស ឬមានករណីអីផ្សេងពីហ្នឹង? ខ្ញុំគិតថា គណៈកម្មការចម្រុះកំពុងធ្វើការស៊ើបអង្កេតរកមើលថា តើកំហុសបច្ចេកទេស ឬជាការធ្វេសប្រហែស។
VOD៖ ពេលមានការបាញ់កាំជ្រួចនោះ តើនៅជុំវិញបរិវេណទីតាំងបាញ់កាំជ្រួញ មានដាក់បម្រាមឬរនាំងមិនឲ្យមនុស្សចេញចូលទេ?
ខេង ទីតូ៖ ជាធម្មតាទីលាន ឬទីតាំងដាក់តាំងកាំជ្រួចសម្រាប់បាញ់ក្នុងកម្មវិធីមួយ ប្រាកដជាមានការហាមឃាត់ហើយ ក្នុងតំបន់ដែលគេបាញ់ហ្នឹង។ ប៉ុន្តែដូចលោកធ្លាប់ឃើញហើយ ប្រជាពលរដ្ឋយើង កន្លែងណាដែលគេហាម កន្លែងណាដែលធ្វើអ្វីមួយប្លែក គឺគាត់តែងតែចង់ទៅមើលឲ្យឃើញជាក់ស្តែង អាហ្នឹងគេធ្វើរបៀបម៉េច គេបាញ់របៀបម៉េច តែងតែមានមនុស្សចង់មើល។ ទោះបីមានការហាមឃាត់ ការដេញប៉ុន្តែមួយសន្ទុះមកវិញ។ ខ្ញុំជឿថាវិធានការហាមឃាត់មិនដូចជាតំបន់មានមីន បើហ៊ានតែដើរចូលផ្ទុះងាប់ អាហ្នឹងគ្មាននណាហ៊ានដើរចូលទេ។ ប៉ុន្តែការហាមរបស់អ្នកការពារត្រង់ហ្នឹង គាត់ហាមមិនឈ្នះ ចេះតែមានអ្នករុលលិចរុលកើតទៅ។ ទាល់ពេលមានបញ្ហាកើតឡើងគឺគ្រោះថ្នាក់ចឹង វាជារឿងមួយគួរឲ្យសោកស្តាយ។
VOD៖ តាមច្បាប់ព្រហ្មទណ្ឌ ការធ្វេសប្រហែស នាំឲ្យស្លាប់មនុស្សអ្នកទទួលខុសត្រូវ នឹងត្រូវមានទោស។ តើរដ្ឋាភិបាលរកអ្នកទទួលខុសត្រូវលើជនរងគ្រោះយ៉ាងណាដែរ?
ខេង ទីតូ៖ ខ្ញុំយល់ថា ខាងគណៈកម្មការគាត់នឹងស៊ើបអង្កេតរកឲ្យឃើញកំហុស ថាតើអ្វីដែលនាំឲ្យមានករណីហ្នឹងកើតឡើង? ចឹងមកដល់ម៉ោងនេះយើងមិនអាចនិយាយថា ទម្លាក់កំហុសទៅលើអ្នកណាពិតប្រាកដ ដើម្បីចាប់ទោសអូសដំណើរ វាអត់ទាន់និយាយបានទេ វាទាល់តែមានការស៊ើបអង្កេតសិន ទើបធ្វើការចោទប្រកាន់បាន។
VOD៖ ករណីឧបទ្ទរហេតុជាន់មនុស្សស្លាប់ពេលបុណ្យអុំទូក រដ្ឋាភិបាលចាត់ទុកថា ជាការទទួលខុសត្រូវរួម។ តើករណីបាញ់កាំជ្រួចនេះ វាអាចលំនាំហ្នឹង ហើយទទួលខុសរួមឬយ៉ាងណា?
ខេង ទីតូ៖ ខ្ញុំសូមទោស ដោយសារករណីហ្នឹងទុកឲ្យគណៈកម្មការគេធ្វើការស៊ើបអង្កេតវិញ។កាលណាគេធ្វើការស៊ើបអង្កេតទៅបានដឹងថា វាជាការទទួលខុសត្រូវរួម ឬជាការទទួលខុសត្រូវរបស់បុគ្គលណាមួយ។
VOD៖ នៅពេលបុណ្យអុំទូក ប្រាកដជាមានការបាញ់កាំជ្រួចអបអរ តើអាជ្ញាធរមានការត្រៀមលក្ខណៈពិសេសអី ដើម្បីបញ្ចៀសបញ្ហាដូចដែលបានកើតរួចមកហើយនេះ?
ខេង ទីតូ៖ ប្រាកដហើយដូចជាករណីដែលបានកើតឡើង ជាការពញាក់ស្មារតីមួយ ដើម្បីឲ្យសមត្ថកិច្ចទាំងអស់ ដែលមានការទទួលខុសត្រូវតាមតួនាទីភារកិច្ចរៀងៗខ្លួនហ្នឹង គាត់ត្រូវតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នជាងមុនថែមទៀត។
VOD៖ ត្រូវហាមប្រជាពលរដ្ឋ កុំឲ្យទៅជិតទីតាំងបាញ់កាំជ្រួចចំងាយប៉ុន្មាន?
ខេង ទីតូ៖ ប្រជាពលរដ្ឋគាត់អាចយល់ខ្លួនឯងបានហើយ ថាតើគាត់គួរទៅជិតទៀតដែរឬអត់?គាត់ច្បាស់ជាដឹងខ្លួនឯងហើយ៕
សូមសរសេរមកលោក អុឹង ប៊ុនថត តាមរយៈ chanthorn@vodhotnews.com