ព្នង​ទាមទារ​ឲ្យ​ដក​ដី​សម្បទាន​ពី​ក្រុម​ហ៊ុន​ភរិយា​អភិបាល​រង​ខេត្ត

ដើម​ឈើ​នៅ​លើ​ដី​ទំនាស់ ដែល​ក្រុម​ហ៊ុន​បាន​កាប់​ផ្តួល​កាល​ពី​ពេល​កន្លង​មក។

ដើម​ឈើ​នៅ​លើ​ដី​ទំនាស់ ដែល​ក្រុម​ហ៊ុន​បាន​កាប់​ផ្តួល​កាល​ពី​ពេល​កន្លង​មក។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

មណ្ឌលគិរីៈ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ២០០ គ្រួសារ​ក្នុង ខេត្ត​មណ្ឌលគិរី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី ដើម្បី​ស្នើ​ឲ្យ​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ភរិយា​អភិបាល​រង​ខេត្ត​នេះ​និង​ទាមទារ​សំណង​ដើម​ជ័រ​ទឹក​ពីរ​លាន​ដើម​ដែល​ក្រុម​ហ៊ុន​បាន​កាប់​មាន​តម្លៃ ៥០០ លាន​ដុល្លារ។

នេះ​ជា​បណ្តឹង ទី៩ ហើយ​ដែល​សហគមន៍ ឡៅកា ២៧៣ គ្រួសារ​ស្ថិត​ក្នុង សង្កាត់​សុខដុម ក្រុង​សែន​មនោរម្យ បាន​ដាក់​ប្តឹង បន្ទាប់​ពី​បណ្តឹង​ចំនួន ៨ លើក​មិន​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ ពី​បញ្ហា​រំលោភ​សិទ្ធិ និង​ឈូស​ឆាយ​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​ពួក​គាត់ ពី​សំណាក់​ក្រុម​ហ៊ុន វីឡា ឌីវិលុបមេន របស់​ភរិយា​លោក យឹម លុច អភិបាល​រង ខេត្ត​មណ្ឌលគិរី។ បន្ទាប់​ពី​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ខេត្ត​មណ្ឌលគិរី កាល​ពី​ដើម​សប្តាហ៍​នេះ តំណាង​ពួក​គាត់​ចំនួន ៥ នាក់​បាន​ធ្វើ​ដំណើរ​យក​បណ្តឹង​មក​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ម្សិល​មិញ ហើយ​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ស្នាក់ការ​កណ្តាល​អង្គការ​អាដហុក ស្តីពី​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​នេះ​អស់​រយៈ​ពេល​ជិត ៤​ឆ្នាំ មក​ហើយ។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​ជនជាតិ​ភាគ​តិច​ព្នង តំណាង​សហគមន៍​លោក ប្លឹក ម៉ាល់​អាយុ ៧៤​ឆ្នាំ បាន​ថ្លែង​ក្នុង​សន្និសីទ​នោះ​ថា ពួក​គាត់​ជា​ជនជាតិ​ដើម​បាន​និង​កំពុង​រស់​នៅ​ក្នុង​សហគមន៍​នោះ តាំង​ពី​ដូន​តា​ម៉ែ​ឪពុក​គាត់​មក​រាប់​រយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កាល​ពី ឆ្នាំ​២០០០ ក្រុម​អភិរក្ស​បរិស្ថាន​បាន​ចូល​ទៅ​ការពារ​ព្រៃ​ឈើ​តំបន់​នោះ ហើយ​បាន​ផ្តល់​ដី​ព្រៃ​ជាង ៧០០ ហិកតា​ទៅ​ឲ្យ​ក្រុម​ហ៊ុន វីឡា ឌីវិលុបមេន ដើម្បី​ដាំ​កៅស៊ូ។

លោក ប្លឹក ម៉ាល់ បាន​ថ្លែង​ដោយ​លើក​ដៃ​សំពះ​ថា៖ «ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​កាប់​គាស់​អស់​រលីង​ទាំង​ដើម​ជ័រ​ទឹក ព្រៃ​ក៏​អស់ ដី​ក៏​អស់ អ៊ីចឹង​ឲ្យ​ពួក​ខ្ញុំ​ព្នង​ទៅ​នៅ​ឯណា? ពេល​អស់​ព្រៃ​ឈើ​និង​ដើម​ជ័រ​ទឹក ពួក​យើង​រស់​នៅ​យ៉ាង​លំបាក​វេទនា​មែន​ទែន រក​និយាយ​លែង​ចេញ»។ លោក ម៉ាល់ បាន​អះអាង​ថា ក្រុម​ហ៊ុន​មិន​ត្រឹម​តែ​ឈូស​ក្នុង​ដី​ដែល​ទទួល​បាន​ពី​ក្រសួង​ប​ស្ថាន ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឈូស​ពង្រីក​ក្រៅ​ដី​ក្រុម​ហ៊ុន​រហូត​ដល់​ជាង ៣០០ ហិកតា​ទៀត។ ការ​ឈូស​ឆាយ​ពង្រីក​នេះ​បាន​ធ្វើ​ឲ្យ​បាត់បង់​ព្រៃ​ស្រោង ព្រៃ​អារក្ស ព្រៃ​តំណម ព្រៃ​កប់​សព ចម្ការ​វិល​ជុំ​និង​ប្រភេទ​សត្វ​ព្រៃ​ជាច្រើន។

តំណាង​ម្នាក់​ទៀត​ឈ្មោះ ខ្វើង ទុំ អាយុ ៤២​ឆ្នាំ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ក្រុម​ហ៊ុន​បាន​គំរាម​កំហែង ហាម​ឃាត់ និង​ឆែក​ឆេរ​ពលរដ្ឋ ពេល​ចេញ​ចូល​ព្រៃ​របស់​ពួក​គាត់។ លើស​ពី​នោះ​សមត្ថកិច្ច​បាន​បណ្តែត​បណ្តោយ និង​ឃុប​ឃិត​គ្នា​ជាមួយ​នឹង​ក្រុម​ហ៊ុន កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ទិញ​លក់​យ៉ាង​អនាធិបតេយ្យ។

អ្នក​ស្រី ទុំ បញ្ជាក់​ថា៖ «យើង​មិន​សុខ​ចិត្ត​ទេ ព្រៃ​យើង​សោះ​មក​ត្រួត​ត្រា​ក្បាល​យើង​ម៉េច​កើត។ មិន​បាច់​ចែក​អំណោយ​សារុង ប៊ីចេង​អីទេ ឲ្យ​តែ​មាន​ព្រៃ​ឈើ​ទៅ​ពួក​ខ្ញុំ​រស់​បាន​ហើយ។ បើ​មិន​ដោះ​ស្រាយ​ទេ មាន​តែ​ងាប់ ព្រោះ​យើង​មិន​ចេះ​ស៊ី​ឈ្នួល​គេ សុំទាន​គេ​ទេ»។

តំណាង​ប្រជា​ពលរដ្ឋ​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដក​ហូត​អាជ្ញាប័ណ្ណ​ពី​ក្រុម​ហ៊ុន វីឡា ឌីវិលុបមែន នោះ​ជា​បន្ទាន់ ដើម្បី​ប្រគល់​ដី​ឲ្យ​ពួក​គាត់​វិញ។ លើស​ពី​នោះ​ពួក​គាត់​ក៏​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​សង​ថ្លៃ​ដើម​ជ័រ​ទឹក​ដែល​ក្រុម​ហ៊ុន​បាន​កាប់​តាម​តម្លៃ​ទីផ្សារ​ផង​ដែរ។

ពាក្យ​បណ្តឹង​ដែល​ដាក់​ទៅ​តុលាការ​និង​ខុទ្ធកាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ឲ្យ​ដឹង​ថា ដើម​ជ័រ​ទឹក​សរុប​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​បាត់​បង់​មាន​ចំនួន​ពីរ​លាន​ដើម ហើយ​ពួក​គាត់​ទាម​ទារ​សំណង ១ លាន​រៀល​ក្នុង​មួយ​ដើម ដែល​សរុប​ទៅ​មាន​តម្លៃ​ទាំង​អស់​ចំនួន ៥០០ លាន​ដុល្លារ។

លោក ធន សារ៉ាយ ប្រធាន​អង្គការ​អាដហុក បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា សហគមន៍ ឡៅកា នេះ​ជា​សហគមន៍​លើក​ដំបូង ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដក​ហូត​ដី​សម្បទាន​ពី​ក្រុម​ហ៊ុន​ចំនួន ១៩ មក​វិញ ក្រោម​ហេតុ​ផល​ថា មិន​បាន​អភិវឌ្ឍន៍។

លោក សារ៉ាយ បញ្ជាក់​ថា៖ «យើង​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​លុប​ចោល​ដី​សម្បទាន​ដែល​បាន​រំលោភ​ដី​ពលរដ្ឋ​និង​បណ្តេញ​ចេញ​ដោយ​បង្ខំ​និង​បំផ្លាញ​ព្រៃ​ឈើ និង​ទំនៀម​ទម្លាប់​នោះ​ទេ»។ លោក​បាន​កត់​សម្គាល់​ថា ការ​រំលោភ​បំពាន​នោះ គឺ​វា​មិន​គោរព​តាម​ស្មារតី​នៃ​ច្បាប់ និង​អនុក្រឹត្យ​ស្តីពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​កាត់​ផល​ប៉ះ​ពាល់​ចេញ។ អង្គការ​អាដហុក នឹង​ផ្តល់​មេធាវី​ឲ្យ​ប្រជា​ពលរដ្ឋ ដើម្បី​ដាក់​ស្នើ​ទៅ​តុលាការ​ឲ្យ​ចេញ​ដីការ​រក្សា​ការពារ​បន្ទាន់​មួយ ដើម្បី​ទប់​ស្កាត់​ការ​រំលោភ​បំពាន​បន្ថែម​ទៀត។

លោក យឹម លុច អភិបាល​រង ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ថា លោក​អត់​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ក្រុម​ហ៊ុន វីឡា ឌីវិលុបមេន នេះ​ទេ ដោយ​សារ​តែ​វា​ជា​ក្រុម​ហ៊ុន​របស់​ភរិយា​លោក​និង​មិត្តភក្តិ។ ទោះ​យ៉ាង​ណា​លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​សហគមន៍។

លោក​បញ្ជាក់​ថា៖ «ការ​ប្តឹង​វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ ហើយ​បើ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ ហើយ​បែរ​ជា​ទៅ​ដក​កៅស៊ូ​នោះ​ចោល​វិញ វា​ជា​រឿង​របស់​រដ្ឋាភិបាល បើ​រដ្ឋាភិបាល​ជឿ​លើ​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​នាក់​ហ្នឹង​នោះ»។ លោក​បាន​អះអាង​ថា ក្រុម​ហ៊ុន​បាន​ដោះស្រាយ​សំណង​អស់​ហើយ នៅ​មុន​ពេល​ធ្វើ​ការ​ដាំ​ដុះ។

លោក ឈាង ភក្តី តំណាង​ក្រុម​ហ៊ុន វីឡា ឌីវិលុបមេន ជាប់​រវល់​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ៕


What Next?

Recent Articles