Fri, 31 October 2014
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
កំពង់ធំៈ មជ្ឈមណ្ឌលលក់ផលិតផលសហគមន៍ ដើម្បីលើកកម្ពស់ទីផ្សារលក់នូវផលិតផលសិប្បកម្មប្រជាជនក្រីក្រ និងបន្ថែមមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរទៅលើតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តប្រាសាទសម្បូរព្រៃគុក បានបើកសម្ពោធកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អភិបាល និងអភិបាលរងស្រុកប្រាសាទសំបូរ មន្ត្រី និងប្រជាជនសហគមន៍ចូលរួមផងដែរ។
ក្រោមការឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលជប៉ុន គម្រោងនេះជាគោលដៅអភិវឌ្ឍដំបូងនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចំកណ្ដាលនៃប្រទេសកម្ពុជា ដើម្បីលើកកម្ពស់នូវកម្រិតជីវភាពប្រជាជនសហគមន៍ក្រីក្រ និងបង្កើនមន្តស្នេហ៍ទាក់ទាញទេសចរជាមួយនឹងផលិតផលសិប្បកម្មរបស់ម្ចាស់ស្រុក។
លោក ណែត សារី អភិបាលរងស្រុកប្រាសាទសម្បូរ បានថ្លែងពីអត្ថប្រយោជន៍នៃមជ្ឈមណ្ឌលនោះថា៖ «ទន្ទឹមនឹងការបើកឱកាសឲ្យប្រជាពលរដ្ឋទីនេះបានយកគ្រឿងសិប្បកម្មមកលក់ឲ្យភ្ញៀវទេសចរនោះ យើងក៏មានកម្មវិធីបណ្តុះបណ្តាលដល់ពួកគាត់ឲ្យចេះកែច្នៃផលិតផលសិប្បកម្មជាគ្រឿងអនុស្សាវរីយ៍តាមស្តង់ដារត្រឹមត្រូវ។ យើងមានដៃគូសហការជាអង្គការ ឬភ្នាក់ងារនានាមកជួយបង្រៀនជំនាញនេះបន្ថែម»។
ប្រជាជនសហគមន៍ក៏ត្រូវបានណែនាំឲ្យចេះថែរក្សានូវរុក្ខជាតិ វល្លិ៍ ផ្តៅ និងរពាក់ ក៏ដូចជាការដាំដើមរុក្ខជាតិទាំងនេះបន្ថែមផងដែរព្រោះថាវាគឺជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងសិប្បកម្មខាងលើ។
អភិបាលរងស្រុកប្រាសាទសម្បូរ បានបន្តទៀតថា៖ «ក្រៅពីមានការដាក់លក់នូវគ្រឿងសិប្បកម្មរបស់សហគមន៍ យើងក៏មានភោជនីយដ្ឋានផ្តល់នូវសេវាកម្មម្ហូបអាហារ និងនំចំណីខ្មែរមានដូចជា មាន់ស្រែដុត នំត្នោត ទឹកសណ្តែក គ្រាប់ស្វាយចន្ទីលីង ដែលសុទ្ធតែជារបស់ធម្មជាតិរបស់អ្នកស្រុកផ្ទាល់សម្រាប់បម្រើដល់ភ្ញៀវទេសចរមកកាន់ទីនេះ»។
ក្រៅពីគម្រោងបង្កើននូវផលិតផលសិប្បកម្មសហគមន៍ឲ្យកាន់តែមានច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការបង្កលក្ខណៈសម្បូរបែបដល់ជម្រើសរបស់ភ្ញៀវទេសចរនោះ លោក ណែត សារី ក៏បានបង្ហើបឲ្យដឹងពីគម្រោងការរៀបចំកម្មវិធីទស្សនីយភាព និងការប្រកួតផ្សេងៗលក្ខណៈកម្សាន្តបែបវប្បធម៌ប្រពៃណីផងដែរ។
លោកបានបង្ហើបឲ្យដឹងផងដែរថា៖ «សម្រាប់ឆ្នាំក្រោយយើងនឹងមានគម្រោងរៀបចំកម្មវិធីសប្បាយៗដូចជាការប្រណាំងរទេះគោខ្មែរផងដែរ»៕