មេដឹកនាំសហជីពពីររូបប្ដេជ្ញាបន្តចូលរួមការតវ៉ា ទោះជាមានកំហិតពីតុលាការ​

ដោយ៖​ ទូច សុខា​
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និងអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (រូបដោយ៖ សុខា)

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និង​ប្រធាន​សហព័ន្ធសហជីព​កម្ពុជា​ លោកស្រី យ៉ាង សុភ័ណ្ឌ ​បញ្ជាក់​ជំហរ​​ថា អ្នក​ទាំង​ពីរ​នៅ​តែ​បន្ត​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា​នានា​​ដើម្បី​ការពារ ​សិទ្ធិសមាជិក​ខ្លួន ទោះ​ជា​តុលាការ​បាន​ហាម​ឃាត់​ក៏​ដោយ។

ក្រោយ​ ពី​ការ​​ចូល​ខ្លួន​បំភ្លឺ​ក្នុង​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ ថ្ងៃ​សុក្រនេះ លោក​ រ៉ុង ឈុន ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាននៅ​មុខ​តុលាការ​ថា នៅ​រសៀល​ថ្ងៃ​​នេះ ចៅ​ក្រម​ដាក់​ក​ម្រិត​សេរី​ភាពរូប​លោក​​មិន​ឲ្យ​ចូល​រួម​ក្នុង​ សកម្មភាព​តវ៉ា​ផ្សេងៗ ។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ លោក​ថា លោក​នឹង​នៅ​តែ​បន្ត​ចូល​រួម​ការតវ៉ា​ ប្រសិន​បើ​សមាជិក​របស់​លោក​មាន​បញ្ហា ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា «​វាជា ​រឿង​ដែល​ដក​សិទ្ធិ​សេរី​ភាព​ របស់​ខ្ញុំ​អស់​ហើយ អញ្ចឹង​ក្នុង​នាម​ខ្ញុំ​ជា​មេ​សមាគម មេ​សហជីព បើ​ដក​សិទ្ធិ​យើង​បែប​ហ្នឹង​សួរថាតើ​ឲ្យ​យើង​ទៅ​ការពារ​សមាជិក​យើង​បាន​ឬ​ មិន​បាន? …​យើង​មិន​រាថយទៅ​នឹង​ដី​កា​ ឬ​សាល​ក្រម​ដែល​ដាក់​កំហិត​ខ្ញុំ​ យើង​នៅ​តែ​បន្ត​បេសកកម្ម​យើង​បន្ត​ទៅ​ទៀត»

ដូច​គ្នា​នេះ​ ដែរ បន្ទាប់​ពី​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ លោក​ស្រី យ៉ាង សុ​ភ័ណ្ឌ មាន​ប្រសាសន៍ថា លោក​ស្រី​ត្រូវ​បាន​តុលាការ​ដាក់​កំហិត​មិន​ឲ្យ​ចូល​រួម​សកម្មភាព​តវ៉ានានា​ ដូច​លោក រ៉ុង ឈុន ដែរ ។ លោក​ស្រីថា តុលាការ​ក៏​​បង្គាប់​​ឲ្យ​លោក​ស្រី ចូល​ខ្លួន​ជា​ទៀង​ទាត់ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍រដ្ឋបាល​​ក្នុង​មូល​ដ្ឋាន​ដែល​លោក​ស្រី​រស់​នៅ​រាល់​សប្តាហ៍​ទី៤ ក្នុង​ខែ​នីមួយៗ។

ទោះ ​យ៉ាងណា លោកស្រី​ថា នៅ​តែ​ប្រកាន់​ជំហរ​​​ចូល​រូម​ក្នុង​ការ​តវ៉ា​ផ្សេង​ដើម្បី​ការ​ពារ​ ប្រយោជន៍​សមាជិក​ខ្លួន។ លោកស្រី​មាន​ប្រសាសន៍​ថា «នេះ​ជា​សិទ្ធិ​របស់​ ខ្ញុំ វាមិន​មែនជា​សិទ្ធិ​នៅ​លើ​ការ​សម្រេច​ចិត្តរបស់​គាត់​ទេ​ ព្រោះ​ខ្ញុំ​ខ្លួន​ឯង​មិន​បាន​ប្រព្រឹត្ត​ដូច​នូវ​អ្វី​ដែល​​មាន​ក្នុង​ការ​ ចោទ​ប្រកាន់ទេ អញ្ចឹង​ខ្ញុំ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ បើ​សិន​ជា​កម្មករ​​សមាជិក​របស់​ខ្ញុំ​មាន​​​​មាន​បញ្ហា​ហើយ​ត្រូវ​ការជំនួយ​ ពី​ខ្ញុំ​ៗ​នឹង​ទៅ​ជួយ​គាត់»

លោក​ស្រី យ៉ាង សុ​ភ័ណ្ឌ ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​បញ្ចប់​ការ​សាក​សួរ លោក​ស្រី​បាន​សំណូម​ពរ​ ឲ្យ​តុលាការ​លើក​បទ​ចោទ​មក​លើ​លោក​ស្រី ព្រោះ​លោក​ស្រី​មិន​បាន​ស្ថិត​ក្នុង​​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ផ្លូវ​វេង​ ស្រេង​នោះ​ទេ។

លោក រ៉ុង ឈុន និង​លោកស្រី យ៉ាង សុភ័ណ្ឌ ត្រូវ​បាន​តុលាការ​កោះ​ហៅ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ សុក្រនេះតាមពាក្យបណ្ដឹងរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដោយ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស គំរាមកំហែង​ថា​នឹង​ធ្វើឲ្យ​ខូចខា​តដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥  ខែ​ធ្នូ ឆ្នាំ​២០១៣ រហូត​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៤៕

សូមសរសេរមកកាន់លោក ទូច​ សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles