ដោយ៖ ញឹម សុខន
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ពលរដ្ឋអ្នកមានជម្លោះដីធ្លី ឈរលើរបងរដ្ឋសភា ដើម្បីទាមទារឲ្យតំណាងរាស្ត្រចេញមកទទួលញត្តិពីខ្លួន (រូបថត៖ ញឹម សុខន)
អ្នកមានជម្លោះដីធ្លីឡើងរបងរដ្ឋសភា ស្រែកបំពងសំឡេង ជំរុញឲ្យតំណាងរាស្ត្រពន្លឿនរកដំណោះស្រាយទប់ស្កាត់ការបណ្តេញចេញ ខណៈអ្នកតវ៉ាទាំងនោះ ឈរហាលភ្លៀងច្រើនម៉ោង គ្មានអ្នកចេញមកទទួលពាក្យបណ្តឹង។
អ្នកតវ៉ាប្រឆាំងនឹងការបណ្តេញចេញទាំងនោះ មកពីខេត្តបាត់ដំបង ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ ពួកគេអះអាងប្រហាក់ប្រហែកគ្នាថា មូលហេតុដែលពួកគេសម្រុកដាក់ញត្តិជូនតំណាងរាស្ត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤នេះ ដោយសារអាជ្ញាធរមូលដ្ឋានគ្មានលទ្ធភាព រកយុត្តិធម៌ឲ្យអ្នកភូមិដែលបណ្តាលឲ្យពួកគេរងគ្រោះច្រើនឆ្នាំ ហើយបច្ចុប្បន្នកំពុងប្រឈមនឹងការបណ្តេញចេញ «គាត់មករឹបអូសយកចម្ការពួកខ្ញុំ ដោយសារគាត់មានអាជ្ញាប័ណ្ណកាន់ថា គាត់មកអភិវឌ្ឍន៍ ប៉ុន្តែទន្ទឹមនឹងនោះគាត់មកកាប់តែព្រៃឈើ និងធ្វើបាបប្រជាពលរដ្ឋ ចាប់ដាក់ខ្នះផង ពេលដែលយើងចូលទៅដាំ[ដំណាំ]បន្ត គាត់មិនឲ្យដាំទេ គាត់យាម»។
ប៉ុន្តែការតវ៉ានោះត្រូវបានតំណាងមួយចំនួនឡើងលើរបងរដ្ឋសភា នៅពេលដែលក្រុមអ្នកតវ៉ាស្រែកព្រមៗគ្នាច្រើនម៉ោង គ្មានតំណាងរាស្ត្រដែលមានអាសនៈក្នុងសភា ចេញមកទទួលញត្តិ «ពួកយើងទាំងអស់គ្នាគឺជាជនរងគ្រោះ ដែលបានមកទាមទារនៅមុខរដ្ឋសភា ពួកលោកទាំងអស់គ្នាគួរតែចេញមកដោះស្រាយឲ្យប្រជាជន ពួកអស់លោកមិនគួរសម្ងំស្ងៀមនោះទេ បើពួកលោកមិនចេញមកនោះទេ ប្រជាជននឹងគិតថា អយុត្តិធម៌ណាស់…»។
ក្រោយពីអ្នកតវ៉ាឡើងតាមរបងរដ្ឋសភា តំណាងរាស្ត្រ៣រូបមានលោកស្រី ឡោក ខេង មកពីបក្សកាន់អំណាច លោក ជា ប៉ូច និងលោក ចាន់ ចេង តំណាងរាស្ត្របក្សប្រឆាំងចេញមកក្រៅ ជួបក្រុមអ្នតវ៉ា។
លោកស្រី ឡោក ខេង អះអាងថា ការយឺតយ៉ាវចេញជួបពលរដ្ឋ ដោយសារគណៈកម្មការនេះជាប់រវល់។លោកស្រីបានសន្យាពន្លឿនករណីជម្លោះរបស់អ្នកភូមិ ដោយប្រកាសជំហរថា ការឈឺចាប់របស់ពលរដ្ឋ ជាការឈឺចាប់របស់អ្នកតំណាងរាស្ត្រ។ ប៉ុន្តែមិនបញ្ជាក់ពីពេលវេលានៃកិច្ចអន្តរាគមន៍ទេ។ លោកស្រីថ្លែងថា «យើងមិនចង់ឲ្យបងប្អូនយើងមួយណា មានភាពលំបាកទេ អ៊ីចឹងបានយើងខំដោះ ឥឡូវនេះគឺសុំទុកឱកាសសំណុំរឿងច្រើនជាង១០០ករណី ដែលយើងកំពុងអង្គុយបំបែកសំណុំរឿងណា ពាក់ព័ន្ធនៅខេត្តណាៗ»។
យ៉ាងនេះក្តី អ្នកដែលកំពុងប្រឈមនឹងការបណ្តេញចេញ មកពីខេត្តពោធិ៍សាត់ជំរុញភ្លាមៗថា ការអូសបន្លាយកិច្ចអន្តរាគមន៍ ជាការបើកដៃឲ្យក្រុមហ៊ុនបន្តរំលោភយកដីអ្នកភូមិកាន់តែច្រើន «ពេលនេះលោកជំទាវអើយ សូមអនុញ្ញាតទៅខាងថ្មដា ព្រោះម្សិលមិញឈូសក៏ឈូស ចាប់ដាក់ខ្នះក៏ចាប់ ដោយសារដីខ្លួនឯង គេដុតក៏ដុត»។
ជាកាកត់សម្គាល់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ជា ប៉ូច និងលោក ចាន់ ចេង មិនបានកាន់ក្បាលមេក្រូ និយាយជាមួយក្រុមអ្នកតវ៉ាជាង១០០នាក់ ដែលប្រមូលផ្តុំគ្នាមុខរដ្ឋសភានោះទេ ក្រៅពីបង្ហាញស្នាមញញឹម តាមកាលើកឡើងរបស់លោកស្រី ឡោក ខេង មកពីគណបក្សប្រជាជន។
លោកស្រី ឡោក ខេង ប្រាប់អ្នករងគ្រោះរឿងដីធ្លីថា នៅរសៀលថ្ងៃសុក្រនេះ ក្រុមការងារនឹងហៅតំណាងអង្គការសិទ្ធិលំនៅដ្ឋាន ចូលបង្ហាញពីប្រភពជម្លោះដែលនាំឲ្យដោះស្រាយមិនចេញ ដើម្បីស៊ើបអង្កេតបន្ថែមមុនពេលចេញអន្តរាគមន៍។
យ៉ាងណាក៏ដោយសង្គមស៊ីវិលធ្លាប់ព្រមានថា បដិវត្តន៍ដីធ្លីអាចនឹងកើតឡើងនៅពេលខាងមុខបើរដ្ឋាភិបាល មិនអាចដោះស្រាយបានទាន់ពេល៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com